38.5 C
Phnom Penh

ចលនា KMD ប្ដេជ្ញា​តស៊ូ​ជាមួយ​ពលរដ្ឋ​ខ្មែរ​រហូត​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ត្រូវ​បាន​ស្ដារ​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (Khmer Movement For Democracy (KMD)) ប្ដេជ្ញា​តស៊ូ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រហូត​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​បាន​ស្ដារ​ឡើងវិញ​រួច​ផុត​ពី​របប​ជិះជាន់​របស់​គ្រួសារ​ត្រកូល​ហ៊ុន។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ចេញ​សេចក្តី​ថ្លែងការណ៍​សម្រាប់​ខួប​លើក​ទី​៧៦ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ នៅ​ថ្ងៃទី​១១ ធ្នូ នេះ​ថា សិទ្ធិមនុស្ស និង​សង្គម​ប្រជាធិបតេយ្យ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ គ្រាន់តែ​ជា​ការ​ចងចាំ​ដ៏​សែន​ឆ្ងាយ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ក្នុង​ពេលនេះ ដោយសារ​ការ​គាបសង្កត់​ដ៏​ឃោរឃៅ​ពី​របប​ដឹកនាំ​ត្រកូល​ហ៊ុន។

ប្រភព​ដដែល​លើកឡើង​ថា ការ​មិន​អើពើ​សិទ្ធិ​សេរីភាព​របស់​មនុស្ស និង​ច្បាប់​អន្តរជាតិ​ក្នុង​ការ​ការពារ​សិទ្ធិ​ជា​សកល បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​លក្ខណៈ​ផ្ដាច់ការ​នៃ​របប​ដឹកនាំ​របស់​គ្រួសារ​មួយ​នេះ ខណៈ​តុលាការ​ដែល​ត្រូវ​បាន​ប្រើ​ជំនួស​ឱ្យ​ការ​រក្សា​យុត្តិធម៌ ទៅ​ជា​អាវុធ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សម្រាប់​គ្រួសារ​ផ្ដាច់ការ​មួយ​នេះ​ដែរ។

KMD ថា​ដោយសារ​តុលាការ​ត្រូវ​បាន​ប្រើ​ជា​អាវុធ​សម្រាប់​ចាប់​អ្នក​រិះគន់​ដាក់​គុក​បែប​នេះ​ហើយ ទើប​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​កាត់ក្តី​ដោយ​យុត្តិធម៌ ដែល​មាន​ចែង​ក្នុង​ច្បាប់​ជា​ធរមាន បាន​ប្រែ​ក្លាយ​ទៅ​ជា​ការ​បំភិតបំភ័យ​ចំពោះ​អ្នក​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទៅវិញ​សព្វថ្ងៃ​នេះ។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ចាត់​វិធានការ​ជាក់លាក់​ចំពោះ​របប​ដឹកនាំ​គ្រួសារ​ហ៊ុន ដែល​មិន​អើពើ​នឹង​ការ​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ ដោយ​ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល និង​អង្គភាព​ទទួល​ខុសត្រូវ​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​គាបសង្កត់​ឆ្លងដែន​ផង​ដែរ ដើម្បី​ឱ្យ​របប​ដឹកនាំ​គ្រួសារ​មួយ​នេះ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

សម្រាប់​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៧៦ ឆ្នាំ​២០២៤ នេះ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​នាំគ្នា​ចេញ​សេចក្តី​ថ្លែងការណ៍ រួម​ទាំង​មាន​ការ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ព្រោងព្រាត ដោយ​លើកឡើង​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​កន្លង​មក​នេះ។

អង្គការ​លីកាដូ ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ ធ្នូ នេះ​ថា ឆ្នាំ​២០២៤ នេះ មាន​ការ​ឃាត់ ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទៅ​លើ​សកម្មជន​នយោបាយ សកម្មជន​សហជីព សិស្ស​និស្សិត សកម្មជន​ការពារ​បរិស្ថាន និង​ពលរដ្ឋ​សាមញ្ញ​ដទៃ​ទៀត។

របាយការណ៍​ដដែល​បង្ហាញ​ថា ចំនួន​អ្នក​ជាប់​ឃុំ​សម្រាប់​ឆ្នាំ​២០២៤ នេះ គឺ​ចំនួន​ជាង ១០០​នាក់ (១០២​នាក់) ខណៈ​មនុស្ស ៤៥​នាក់ ត្រូវ​បាន​ដោះលែង និង​មនុស្ស ៥៧​នាក់​ផ្សេង​ទៀត​បន្ត​នៅ​ក្នុង​ពន្ធនាគារ​ដើម្បី​អនុវត្ត​ទោស ឬ​កំពុង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​សព្វថ្ងៃ​នេះ។

ជុំវិញ​ខួប​លើក​ទី​៧៦ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ នេះ គេ​សង្កេត​ឃើញ​ថា​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ក្នុង​អំណាច លោក ហ៊ុន ម៉ាណែត មិន​បាន​លើកឡើង​ពី​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទេ គ្រាន់តែ​សរសេរ​ដោយ​ខ្លី​ថា អបអរ​សាទរ​ខួប​លើក​ទី​៧៦ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ប៉ុណ្ណោះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស