34.5 C
Phnom Penh

ព្រះមហាក្សត្រ​បញ្ចប់​គោរមងារ​អ្នកឧកញ៉ា ហេង សិទ្ធី ដែល​លាតត្រដាង​ឧក្រិដ្ឋកម្ម​អនឡាញ​ជនជាតិ​សិង្ហបុរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម សីហមុនី សម្រេច​លុប​គោរមងារ​ជា​អ្នកឧកញ៉ា​ចំពោះ​អ្នកឧកញ៉ា ហេង សិទ្ធី តាម​ការ​ស្នើសុំ​ពី​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​ត្រូវ​រង​នូវ​បណ្តឹង​ទាមទារ​ឱ្យ​បង់​លុយ ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​បុរស​ជនជាតិ​សិង្ហបុរី ក្រោយពី​អ្នកឧកញ៉ា​រូប​នេះ​បាន​លាតត្រដាង​អំពី​ទង្វើ​ខុស​ច្បាប់​នៃ​បុរស​សិង្ហបុរី​សញ្ជាតិ​ខ្មែរ ឈ្មោះ Phua Gek Seng ហៅ Tak ដែល​ជា​ឧក្រិដ្ឋជន​រកស៊ី​លាង​លុយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សម្តេច​ព្រះ​នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២៤ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៦ ធ្នូ នេះ សម្រេច​លុប​គោរមងារ​អ្នកឧកញ៉ា​របស់​អ្នកឧកញ៉ា ហេង សិទ្ធី តាម​សំណើ​ទូល​ថ្វាយ​របស់​លោក ហ៊ុន ម៉ាណែត បន្ទាប់ពី​មាន​បណ្តឹង​របស់​បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ ឈ្មោះ Phua Gek Seng ហៅ Tak ដែល​ឧកញ៉ា ហេង សិទ្ធី បាន​ចោទ​ថា​ជា​ឧក្រិដ្ឋជន​លាង​លុយ និង​រកស៊ី​ខុស​ច្បាប់​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ ឈ្មោះ Phua Gek Seng ហៅ Tak បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក ជួន ណារិន្ទ ប្តឹង​អ្នកឧកញ៉ា ហេង សិទ្ធី ពី​បទ​បរិហារកេរ្តិ៍ និង​គំរាមកំហែង​ទារ​ប្រាក់​ពី​ខ្លួន​ចំនួន ២​លាន​ដុល្លារ​អាមេរិក។

ប្រភព​ដដែល​អះអាង​ថា អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​ផ្ញើ​សារ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទារ​ប្រាក់​ពី​ខ្លួន​ចំនួន ២​លាន​ដុល្លារ​អាមេរិក ដោយ​ការ​គំរាម​បង្ហោះ​រូប​ខ្លួន​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម។

បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​រូប​នេះ​អះអាង​ថា ខ្លួន​មិន​បាន​ប្រគល់​លុយ​ទៅ​តាម​ការ​ទាមទារ​របស់​ឧកញ៉ា ហេង សិទ្ធី ឡើយ។

ប្រភព​ដដែល​បញ្ជាក់​ថា លុះ​ដល់​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ស្រាប់តែ​គណនី​ហ្វេសប៊ុក​ឈ្មោះ ហេង សិទ្ធី របស់​អ្នកឧកញ៉ា ហេង សិទ្ធី ក៏​បាន​បង្ហោះ​រូបថត​ខ្លួន​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​ចោទ​ប្រកាន់​ខ្លួន​ថា​កំពុង​ប្រើប្រាស់​ប្រទេស​កម្ពុជា​ជា​មូលដ្ឋាន​ប្រតិបត្តិការ​កាស៊ីណូ​អនឡាញ និង​លាង​លុយ​កខ្វក់​ទៅវិញ។

ដើមបណ្ដឹង​រូប​នេះ​ស្នើ​ឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ឧកញ៉ា ហេង សិទ្ធី យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ក្នុង​នោះ បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​រូប​នេះ​ក៏​សម្រេច​ប្តឹង​ទាមទារ​សំណង​ខូចខាត និង​ជំងឺចិត្ត​ចំនួន ១​លាន​ដុល្លារ​អាមេរិក​ផង​ដែរ។

កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ អគ្គនាយក​ក្រុមហ៊ុន Maritime Group អ្នកឧកញ៉ា ហេង សិទ្ធី បាន​បង្ហោះ​សារ​ដ៏​វែង​មួយ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​ខ្លួន​ថា បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​ឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅ​ក្រៅ Tak (តាក់) កំពុង​ប្រើប្រាស់​ប្រទេស​កម្ពុជា​ជា​មូលដ្ឋាន​ដើម្បី​លាង​លុយ និង​កំពុង​បើក​ប្រតិបត្តិការ​កាស៊ីណូ​អនឡាញ​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា។

អ្នកឧកញ៉ា ហេង សិទ្ធី សរសេរ​ថា ជនជាតិ​សិង្ហបុរី​ឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅ​ក្រៅ Tak នេះ កំពុង​ប្រើ​កម្មវិធី Software ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ ដើម្បី​បង្កើត​គេហទំព័រ​ខុស​ច្បាប់​រាប់​រយ​គេហទំព័រ​សម្រាប់​បោកប្រាស់​លុយ​រាប់​លាន​ដុល្លារ​ពី​ប្រជាជន​ក្នុង​តំបន់​អាស៊ាន។

អ្នកឧកញ៉ា​រូប​នេះ​បញ្ជាក់​ថា ថៅកែ​ចាស់​ទំនើង​សញ្ជាតិ​សិង្ហបុរី​ឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅ​ក្រៅ Tak នេះ បាន​បង្ហាញ​ម៉ាក​យីហោ​មេ​នៃ​កាស៊ីណូ​អនឡាញ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា AFB88 និង AFB1188 ដែល​ជា​កាស៊ីណូ​ខុស​ច្បាប់​នៅ​លើ​អាវ​របស់​ខ្លួន និង​នៅ​លើ​អាវ​របស់​បុគ្គលិក​គាត់​ជាច្រើន​នាក់ ស្រប​ពេល​ដែល​បុរស​រូប​នេះ​ពាក់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Gumble 3000 កាលពី​ពេល​កន្លង​ទៅ។

កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤ អ្នកឧកញ៉ា ហេង សិទ្ធី បាន​ទម្លាយ​ថា លោក​ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ គឺជា​អ្នក​បញ្ជា​ឲ្យ​លោក​ឧត្ដមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ និង​លោក​វរសេនីយ៍ទោ វុធ ស៊ែល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ជា​អ្នក​ការពារ​ជនជាតិ​សិង្ហបុរី​ម្នាក់​ដែល​កំពុង​ប្រតិបត្តិការ​ឆបោក​លុយ​តាម​អនឡាញ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

កន្លង​មក លោក​វរសេនីយ៍ទោ វុធ ស៊ែល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ជា​អ្នក​ការពារ​ជនជាតិ​សិង្ហបុរី​ម្នាក់​នោះ បាន​បង្ហាញ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដូចជា​ចិញ្ចៀន​ពេជ្រ នាឡិកា​ដែល​មាន​តម្លៃ​រាប់​សែន​ដុល្លារ និង​រថយន្ត រ៉ូលស៍រ៉យ (Rolls Royce) តម្លៃ​លើស ១​លាន​ដុល្លារ (1,000,000$ តម្លៃ​មិន​ទាន់​គិត​ពន្ធ​ផ្សេងៗ) ផង​ដែរ។

ប្រភព​មួយ​ចំនួន​បញ្ជាក់​ថា បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ ឈ្មោះ Tak គឺជា​អ្នក​រកស៊ី​ឲ្យ​អ្នកឧកញ៉ា ហ៊ុន តូ ពីព្រោះ​បុរស​រូប​នេះ​តែងតែ​បង្ហោះ​រូបភាព​ផឹកស៊ី​ហ៊ឺហា​ជាមួយ​អ្នកឧកញ៉ា ហ៊ុន តូ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ក្នុង​ករណី​ដែល​មាន​ការ​ចោទប្រកាន់​គ្នា ជាពិសេស​ទាក់ទង​នឹង​រឿង​ឧក្រិដ្ឋកម្ម អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​បើក​ការ​ស៊ើបអង្កេត ជាជាង​ការ​អនុវត្ត​ច្បាប់​ដោយ​ជឿ​តែ​ទៅ​លើ​ភាគី​ម្ខាងៗ ដើម្បី​ធានា​ប្រព័ន្ធ​យុត្តិធម៌​ត្រឹមត្រូវ​នៅ​ប្រទេស​កម្ពុជា ក្នុង​ការ​លុប​បំបាត់​អំពើ​បោកប្រាស់​នានា​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​ក្នុង​ទឹកដី​ខ្មែរ​សព្វថ្ងៃ​នេះ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​បុរស​ជនជាតិ​សិង្ហបុរី ឈ្មោះ Tak និង​ឧកញ៉ា ហេង សិទ្ធី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​នៅឡើយ​ទេ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស