អគ្គនាយកក្រុមហ៊ុន Maritime Group អតីតអ្នកឧកញ៉ា ហេង សិទ្ធី អះអាងថា លោកបានប្រកាសបោះបង់គោរមងារជាអ្នកឧកញ៉ាដោយខ្លួនឯងតាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ មកម្ល៉េះ ខណៈព្រះរាជក្រឹត្យពីព្រះមហាក្សត្រដែលប្រកាសលុបគោរមងារអ្នកឧកញ៉ាលើរូបលោក ទើបតែធ្វើឡើងនៅដើមខែធ្នូ នេះប៉ុណ្ណោះ។
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យសម្រេចលុបគោរមងារអ្នកឧកញ៉ាចំពោះអ្នកឧកញ៉ា ហេង សិទ្ធី តាមសំណើទូលថ្វាយពីនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។ ការស្នើសុំលុបគោរមងារជាអ្នកឧកញ៉ានេះ ធ្វើឡើងបន្ទាប់ពីលោក ហេង សិទ្ធី ព្យាយាមបង្ហាញភស្តុតាងលើបុរសជនជាតិសិង្ហបុរីសញ្ជាតិខ្មែរម្នាក់ឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅ Tak (តាក់) ដែលលោកបានអះអាងថាជាឧក្រិដ្ឋជនលាងលុយកខ្វក់ និងរកស៊ីខុសច្បាប់នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ។
អគ្គនាយកក្រុមហ៊ុន Maritime Group អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានព្រះមហាក្សត្រខ្មែរផ្តល់គោរមងារជាឧកញ៉ា កាលពីអំឡុងឆ្នាំ២០១៤ និងត្រូវបានផ្តល់គោរមងារជាអ្នកឧកញ៉ាមួយកម្រិតទៀតនៅចុងខែមករា ឆ្នាំ២០២១ បន្ទាប់ពីលោកបានចូលរួមកិច្ចការមនុស្សធម៌ជាច្រើន ក្នុងនោះ អតីតអ្នកឧកញ៉ារូបនេះក៏ធ្លាប់បរិច្ចាគថវិកា ១លានដុល្លារសហរដ្ឋអាមេរិកដល់រាជរដ្ឋាភិបាលសម្រាប់ការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅឆ្នាំ២០២០ ផងដែរ។
ទោះបីជាអតីតអ្នកឧកញ៉ា ហេង សិទ្ធី ទទួលបានគោរមងារជាឧកញ៉ា និងជាអ្នកឧកញ៉ាជាច្រើនឆ្នាំហើយយ៉ាងណាក៏ដោយ ប៉ុន្តែក្រោយពេលដែលអតីតអ្នកឧកញ៉ារូបនេះត្រូវព្រះមហាក្សត្រលុបគោរមងារ អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា គឺអ្នកឧកញ៉ា ហ៊ុន ឡាក់ អះអាងថា អតីតអ្នកឧកញ៉ា ហេង សិទ្ធី មិនមានឈ្មោះក្នុងបញ្ជីសមាគមឧកញ៉ាកម្ពុជាឡើយ។
នៅពេលនេះ លោក ហេង សិទ្ធី មិនត្រឹមតែបាត់បង់គោរមងារជាអ្នកឧកញ៉ាទេ ថែមទាំងត្រូវបុរសជនជាតិសិង្ហបុរីសញ្ជាតិខ្មែរម្នាក់ឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅ Tak (តាក់) ដែលលោកបានអះអាងថាជាឧក្រិដ្ឋជនលាងលុយ និងរកស៊ីខុសច្បាប់ ប្តឹងលោកពីបទបរិហារកេរ្តិ៍ និងទាមទារសំណង ១លានដុល្លារថែមទៀត។
ជុំវិញបញ្ហានេះ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហេង សិទ្ធី ធ្លាប់បានអំពាវនាវឱ្យលោក ហ៊ុន ម៉ាណែត ចាត់វិធានការជាបន្ទាន់ទៅលើបុរសជនជាតិសិង្ហបុរី ឈ្មោះ Tak ដោយបង្កកទ្រព្យសម្បត្តិ និងសាច់ប្រាក់នៅកម្ពុជាដែលបានមកពីការបោកប្រាស់ពលរដ្ឋខ្មែររាប់លាននាក់។ លោកក៏បានជំរុញឱ្យមានការស៊ើបអង្កេតផ្ទះ និងអគារផ្សេងទៀតរបស់លោក Tak ដែលកំពុងធ្វើសកម្មភាពខុសច្បាប់ផងដែរ។
ជាងនេះទៀត លោក ហេង សិទ្ធី ក៏បានបកអាក្រាតអំពើពុករលួយរបស់នគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ៣នាក់ផងដែរ គឺលោកឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្ដមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រួមទាំងលោកវរសេនីយ៍ទោ វុធ ស៊ែល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌផងដែរ ដែលបានជាប់ពាក់ព័ន្ធនឹងបុរសជនជាតិសិង្ហបុរីម្នាក់នេះ។
គេសង្កេតឃើញថា ឧកញ៉ាខ្មែរដែលហ៊ានចេញមុខលាតត្រដាងជាសាធារណៈលើករណីប្រតិបត្តិការកាស៊ីណូអនឡាញ ការលាងលុយ និងបោកប្រាស់ពលរដ្ឋស្លូតត្រង់រាប់លាននាក់តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា គឺមានតែលោក ហេង សិទ្ធី នេះហើយដែលជាមនុស្សទី១ ប៉ុន្តែក៏ទំនងជាគ្មានមនុស្សទី២ ដែរ ព្រោះអ្នកទម្លាយការពិតអំពីរឿងនេះ មិនត្រឹមតែមិនទទួលបានការលើកទឹកចិត្តទេ ប៉ុន្តែបែរជាទទួលទោសជំនួសជនឆបោកទៅវិញ ដូចជាករណីលោក ហេង សិទ្ធី នៅពេលនេះស្រាប់៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

