27.4 C
Phnom Penh

លោក អ៊ុំ សំអាន ទាមទារ​ឱ្យ​លោក សុខ ឥសាន ចេញ​មុខ​សុំទោស​ពលរដ្ឋ​ពាក់ព័ន្ធ​រឿង​កោះ​គុត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ទាមទារ​ឱ្យ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចេញ​មុខ​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ បន្ទាប់ពី​បាន​អះអាង​ថា​មិន​ដែល​មាន​មេដឹកនាំ​ខ្មែរ​ណា​ទាមទារ​កោះ​គុត​ពី​ប្រទេស​ថៃ ទេ ចាប់តាំងពី​ខ្លួន​ចាប់កំណើត​មក។

លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​២៦ ធ្នូ ថា អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ជា​មន្ត្រី​វង្វេង​ប្រវត្តិសាស្ត្រ​ជាតិ ឬ​កំណើត​ខ្លួនឯង។ លោក​ថា លោក សុខ ឥសាន ត្រូវតែ​ចេញ​មុខ​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​ដូច​ដែល​គាត់​ធ្លាប់​បាន​សុំទោស​ពលរដ្ឋ​ខ្មែរ​ក្រោយ​ពេល​ដែល​គាត់​បាន​ចាត់ទុក​ពលរដ្ឋ​ខ្មែរក្រោម​ថា​ជា​ជនជាតិ​វៀតណាម ដូច្នោះ​ដែរ។

លោក អ៊ុំ សំអាន លើកឡើង​ថា តាម​ក្រឹត្យ​ចេញ​ដោយ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន ឆ្នាំ​១៩៨២ ក៏​បាន​បញ្ជាក់​ថា កោះ​គុត​នៅ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​ដែរ ព្រោះ​ថា​បើ​យោង​តាម​ផែនទី​ភ្ជាប់​ក្រឹត្យ​ឆ្នាំ​១៩៨២ នេះ ព្រំដែន​សមុទ្រ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ គឺ​ចេញពី​បង្គោល​ព្រំដែន​នៅ​លើ​ឆ្នេរ​រត់​ត្រង់​ទៅ​ចំណុច​ខ្ពស់​បំផុត​នៅ​លើ​កោះ​គុត។

លោក​ថា ក្រឹត្យ​ស្ដីពី​ការ​កំណត់​តំបន់​សមុទ្រ​ទាំងអស់ និង​ខ្ពង់រាប​បាតសមុទ្រ​ឆ្នាំ​១៩៨២ ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក ហេង សំរិន គឺ​ក្នុង​មុខនាទី​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្នុង​សម័យ​កងទ័ព​វៀតណាម ត្រួតត្រា​ប្រទេស​កម្ពុជា នា​ពេល​នោះ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា មាន​ផែនទី​ចំនួន ៥​ផ្ទាំង​ក្នុង ៥​សម័យកាល បាន​បញ្ជាក់​ថា កោះ​គុត​យ៉ាងហោច​ពាក់កណ្តាល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា ក្នុង​នោះ​រួម​មាន៖

  • ផែនទី​ឧបសម្ពន្ធ​ភ្ជាប់​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ (សម័យ​បារាំង)
  • ផែនទី​សម័យ​សង្គម​រាស្ត្រ​និយម​ឆ្នាំ​១៩៧០ (សម័យ​សម្តេច សីហនុ)
  • ផែនទី​សម័យ លន់ នល់ ឆ្នាំ​១៩៧២
  • ផែនទី​សម័យ​ខ្មែរក្រហម​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩
  • និង​ផែនទី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​សម័យ​លោក ហេង សំរិន ឆ្នាំ​១៩៨២។

លោក អ៊ុំ សំអាន បញ្ជាក់​ថា កោះ​គុត​ទើប​តែ​ត្រូវ​បាន​កាត់​ឆ្វៀល​នៅ​ក្នុង​ផែនទី​ភ្ជាប់​អនុស្សរណៈ​នៃ​ការ​យោគយល់​ឆ្នាំ​២០០១ (MOU-2001 ឬ MOU44) ដោយ​លោក សុខ អាន ដែល​ជា​ឧបនាយករដ្ឋមន្ត្រី និង​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ឆ្នាំ​២០០១ ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២៦ ខែ​ធ្នូ សារ​សំឡេង​មួយ​ពី​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ត្រូវ​គេ​ផ្សព្វផ្សាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ក្នុង​នោះ លោក​បាន​អះអាង​ថា​ចាប់តាំងពី​លោក​ចាប់កំណើត​ក្នុង​ឆ្នាំ​១៩៤៦ មក លោក​មិន​ដែល​ឮ​ថា​មេដឹកនាំ​ខ្មែរ​ណា​ទាមទារ​កោះ​គុត​ទេ។

លោក សុខ ឥសាន ទំនង​ជា​មិន​ដែល​រស់នៅ​ស្រុក​ខ្មែរ​នា​សម័យ​សង្គម​រាស្ត្រ​និយម សម័យ​សាធារណរដ្ឋ​ខ្មែរ និង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរក្រហម និង​ធ្វើការ​រដ្ឋ​ទេ បាន​ជា​មិន​ដែល​ដឹង មិន​ដែល​ឮ។ ម្យ៉ាង​ទៀត បើ​លោក​គិត​ថា​ខ្មែរ​គ្មាន​ចំណែក​លើ​កោះ​គុត ហេតុ​អ្វី​លោក ហ៊ុន សែន បញ្ជូន​លោក សុខ អាន ទៅ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ក្នុង​នាម​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រេងឥន្ធនៈ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ ស៊ុរ៉ៈគៀត សាធៀនថៃ (Surakiart Sathirathai (Thai: สุรเกียรติ์ เสถียรไทย; RTGS: Surakiat Sathianthai) នៅ​ឆ្នាំ​២០០១ ដើម្បី​រកស៊ី​រាវ​រ៉ែ​ប្រេងកាត​ចូល​ហ៊ុន​គ្នា បើ​មិនមែន​ជា​របស់​ខ្មែរ​ផង​នោះ?

ជុំវិញ​បញ្ហា​នេះ សៀវភៅ​ដែល​មាន​ចំណងជើង​ថា «កម្ពុជា​បាត់បង់​ទឹកដី​នៅ​ភាគ​ខាងលិច» និពន្ធ​ដោយ​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ឥន សុផល ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ​២០២៤ នេះ បាន​សរសេរ​ថា រដ្ឋាភិបាល​ខ្មែរ​ជំនាន់​មុនៗ​បាន​ចេញ​ក្រឹត្យ​ទាមទារ​កោះ​គុត​ពី​ប្រទេស​ថៃ រហូត​មក៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស