28 C
Phnom Penh

លោក ហេង សិទ្ធី៖ ការ​ទម្លាយ​រឿង​ឧក្រិដ្ឋ​និង​អំពើពុករលួយ មិនមែន​ដើម្បី​បង្វែរ​ព្រឹត្តិការណ៍​ទាមទារ​កោះ​គុត​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយក​ក្រុមហ៊ុន Maritime Group លោក ហេង សិទ្ធី ដែល​កំពុង​រង​បណ្តឹង​ពី​ក្រុម​ឧក្រិដ្ឋជន អះអាង​ថា ការ​ទម្លាយ​រឿង​ឧក្រិដ្ឋកម្ម និង​អំពើពុករលួយ​របស់​ត្រកូល​ហ៊ុន រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា គឺ​មិន​មែន​ដើម្បី​បង្វែរ​ព្រឹត្តិការណ៍​ពី​ការ​ទាមទារ​កោះ​គុត​ឡើយ ខណៈ​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក ​ស សុខា កំពុង​នាំគ្នា​ប្រតិកម្ម​ថា​អតីត​អ្នកឧកញ៉ា​រូប​នេះ​ប្រឌិត​រឿង​ស្រមើស្រមៃ​ទាក់ទង​រឿង​លោក ស សុខា នៅ​ពី​ក្រោយ​ក្រុម​ឧក្រិដ្ឋជន។

អគ្គនាយក​ក្រុមហ៊ុន Maritime Group លោក ហេង សិទ្ធី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៥ នេះ​ថា អាថ៌កំបាំង​ត្រកូល​ហ៊ុន និង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​លោក​បាន​ទម្លាយ​ជា​បន្តបន្ទាប់​មក​នេះ មិនមែន​ជា​រឿង​កំប្លុកកំប្លែង​ទេ ហើយ​ក៏​មិនមែន​ដើម្បី​បង្វែរ​ការ​យកចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​ទឹកដី​ប្រទេស​ជាតិ ជាពិសេស​រឿង​កោះ​គុត​នោះ​ទេ។

លោក ហេង សិទ្ធី បញ្ជាក់​ថា លោក​នឹង​ប្រមូល​ឯកសារ​ដើម្បី​សិក្សា​ពី​ភាព​ជាក់ស្តែង​ដោយ​ផ្នែក​ច្បាប់​រវាង​កម្ពុជា និង​ថៃ ជុំវិញ​បញ្ហា​កោះ​គុត បន្ទាប់ពី​លោក​បកអាក្រាត និង​បោស​សម្អាត​ឧក្រិដ្ឋជន​តាម​អនឡាញ​នៅ​កម្ពុជា ដើម្បី​ស្ដារ​មុខមាត់​ប្រទេស​ឡើងវិញ​ជា​មុន​សិន ព្រោះ​ការ​បោស​សម្អាត​អំពើ​ឧក្រិដ្ឋ​ទាំងនេះ គឺជា​រឿង​ចាំបាច់​ដំបូង​បំផុត​ដែល​លោក​ត្រូវតែ​ធ្វើ​ក្នុង​ពេលនេះ។

កាលពី​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៥ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Mounh Sarath ដែល​គេ​ស្គាល់​ថា​ជា​សកម្មជន​បក្ស​ប្រឆាំង បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​រូបថត​លោក ហ៊ុន តូ លោក ហ៊ុន ជា និង​លោក ហ៊ុន ម៉ាណែត ថា​គេ​គ្រាន់តែ​បង្វែរ​ព្រឹត្តិការណ៍​ប៉ុណ្ណោះ ដូច្នេះ​សូម​កុំ​ងាករេ​តាម​ការ​បង្វែរ​របស់​គេ​ឱ្យ​សោះ ព្រោះ​រឿង​ធំ​សម្រាប់​ខ្មែរ​នៅ​ពេលនេះ គឺ​ទៅ​ប្តូរ​របប​ផ្ដាច់ការ និង​ការពារ​អ្នក​ប្រជាធិបតេយ្យ។

ចាប់​តាំងពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤ មក អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​ទម្លាយ​អាថ៌កំបាំង​របស់​ឧក្រិដ្ឋជន​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​ឈ្មោះ Phua Gek Seng ហៅ Tak ថា​បាន​ប្រើប្រាស់​ប្រទេស​កម្ពុជា ដើម្បី​ប្រតិបត្តិការ​កាស៊ីណូ​អនឡាញ និង​លាង​លុយ ក្នុង​នោះ​លោក​ក៏​បាន​ទម្លាយ​សមាសភាព​មន្ត្រី​នគរបាល​នៃ​ក្រសួង​មហាផ្ទៃ ៣​នាក់​ផង​ដែរ គឺ​លោក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ លោក ប៉ុល រតនា អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ និង​លោក វុធ ស៊ែរ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែល​ធ្វើ​ជា​ខ្នងបង្អែក​ឱ្យ​ជនជាតិ​សិង្ហបុរី​រូប​នោះ។

បន្ទាប់​មក លោក​ចាប់ផ្តើម​ទម្លាយ​ការ​គប់គិត​គ្នា​រវាង​បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​ម្នាក់​នោះ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ដែល​បាន​ទទួល​សំណូក​ជា​លុយ​សុទ្ធ​ចំនួន ៥​លាន​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការ​បិទ​ការស្រាវជ្រាវ​លើ​អាជីវកម្ម​អនឡាញ​របស់​គេ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ដោយសារ​គ្មាន​ការ​អនុវត្ត​ច្បាប់ លោក ហេង សិទ្ធី ក៏​បាន​ប្តឹង​ទៅ​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឱ្យ​ស៊ើបអង្កេត​លើ​លោក ស សុខា និង​លោក ស ថេត តែម្តង ក្នុង​នោះ​ក៏​មាន​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សុខ ផល ដែរ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ។

ទាក់ទង​ទៅ​នឹង​ការ​ចោទប្រកាន់​នេះ អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៅ​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២៥ នេះ បាន​បដិសេធ និង​បំភ្លឺ​ជុំវិញ​ខ្លឹមសារ​ក្នុង​ពាក្យបណ្ដឹង​របស់​លោក ហេង សិទ្ធី ដែល​បាន​រំលេច​ត្រង់​ចំណុច​ទី​១ ដោយ​បាន​ចោទប្រកាន់​លើ​លោក ស សុខា ថា “គាបសង្កត់​មន្ត្រី​ថ្នាក់ក្រោម​គ្រប់​អគ្គនាយកដ្ឋាន ដើម្បី​រក​លុយ​ឱ្យ​ខ្លួន​ក្នុង​ពេល​បំពេញ​ការងារ និង​ប្រព្រឹត្ត​បទល្មើស​ជា​ប្រព័ន្ធ​ក្នុង​ការ​ការពារ​ឧក្រិដ្ឋជន​ខុស​ច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា» ថា​ជា​ការ​ចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន បែប​ស្រមើស្រមៃ។

យ៉ាងណាក៏ដោយ បន្ទាប់ពី​លោក ហេង សិទ្ធី ទម្លាយ​រឿង​នេះ​ជា​បន្តបន្ទាប់ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក សេង ឌីណា បាន​ច្រានចោល​ពាក្យបណ្ដឹង​ទាំងនោះ​កាលពី​ថ្ងៃទី​៦ មករា នេះ​ថា អ្វីៗ​ដែល​លោក ហេង សិទ្ធី បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម គ្រាន់តែ​ជា​ព័ត៌មាន​សម្រាប់​ក្រសួង​ពិនិត្យ និង​វិភាគ​ប៉ុណ្ណោះ ពុំ​មែន​ជា​បណ្តឹង​ផ្លូវការ​ដែល​ត្រូវតែ​ចាត់ការ​ទៅ​តាម​នីតិវិធី​នោះ​ទេ។

បែប​នេះ​ក្តី លោក ហេង សិទ្ធី បាន​ប្រតិកម្ម​តប​ត្រឡប់​ទៅវិញ​កាលពី​ថ្ងៃទី​៦ មករា នេះ ដោយ​ចោទ​ជា​សំណួរ​ថា បើ​ជនរងគ្រោះ​ត្រូវ​រង​នូវ​ការ​គាបសង្កត់​ពី​អ្នក​មាន​អំណាច​នៅ​កម្ពុជា តើ​នឹង​ត្រូវ​ដាក់​ពាក្យបណ្ដឹង​ទៅ​ក្រសួង​យុត្តិធម៌ ដោយ​ផ្ទាល់​ខ្លួន​តាម​របៀប​ណា?៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស