27.1 C
Phnom Penh

ជនសង្ស័យ ពេជ្រ គឹមស្រ៊ិន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លោក លិម គិមយ៉ា គឺជា​ប្អូនប្រុស​បង្កើត​លោក ពេជ្រ ស្រស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លាតត្រដាង​ថា បុរស​ម្នាក់​ដែល​មាន​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ហៅ Mr Pich ដែល​គេ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លិម គិមយ៉ា គឺជា​ប្អូនប្រុស​ពៅ​បង្កើត​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា។

ឈ្មោះ ពេជ្រ គិមស្រ៊ិន ក្នុង​ខណៈ​នេះ​កំពុង​ត្រូវ​បាន​តុលាការ​ប្រទេស​ថៃ ចេញ​ដីកា​តាម​ចាប់​ខ្លួន។

អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១០ មករា នេះ​ថា ជនសង្ស័យ​ឈ្មោះ ពេជ្រ គឹមស្រ៊ិន គ្រាន់តែ​ជា​អ្នក​ទទួល​បញ្ជា​ពី​មេ​ធំ​ដែល​នៅ​ពីក្រោយ​នៃ​ការ​អនុវត្ត​ផែនការ​ធ្វើ​ឃាត​លោក លិម គិមយ៉ា តែប៉ុណ្ណោះ។

ជនសង្ស័យ ពេជ្រ គឹមស្រ៊ិន មាន​ឈ្មោះ​ក្រៅ​ហៅ អាទីត កើត​នៅ​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០០១ ដែល​មាន​អាយុ ២៤​ឆ្នាំ និង​មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ចក ឃុំ​ចក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ គឺ​ត្រូវ​ជា​ប្អូនប្រុស​ពៅ​បង្កើត​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា។

ឈ្មោះ ពេជ្រ គឹមស្រ៊ិន រូប​នេះ​មាន​តួនាទី​ជា​អនុប្រធាន​គណៈកម្មការ​ផ្សារ​កណ្តាល និង​ជា​អ្នកកាសែត​អនឡាញ​នៃ​ស្ថាប័ន​សារព័ត៌មាន Fast news ដែល​កាសែត​នេះ​គឺជា​កម្មសិទ្ធិ​របស់​លោក ពេជ្រ ស្រស់ ហើយ​លោក ពេជ្រ ស្រស់ ក៏​ធ្លាប់​ជា​ដើមបណ្តឹង​ដែល​បាន​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ​ផង​ដែរ។

លោក មុត ចន្ថា លើកឡើង​ថា តុលាការ​ព្រហ្មទណ្ឌ​ប្រទេស​ថៃ បាន​សម្រេច​ចេញ​ដីកា​ចាប់​ខ្លួន​ឃាតករ និង​អ្នក​សម​គំនិត ពេជ្រ គឹមស្រ៊ិន ហៅ​អាទីត ហើយ​នៅ​ពេលនេះ ដូច្នេះ​សូម​ពលរដ្ឋ​ខ្មែរ​រង់ចាំ​មើល​ថា​តើ​អាជ្ញាធរ​កម្ពុជា​ហ៊ាន​ចាប់​ខ្លួន​ជនសង្ស័យ ពេជ្រ គឹមស្រ៊ិន បញ្ជូន​ទៅ​ឱ្យ​តុលាការ​ថៃ ស៊ើបអង្កេត និង​កាត់ទោស​ដែរ​ឬ​ក៏​អត់។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​ថា ក្នុង​ករណី​កម្ពុជា​មិន​អនុវត្ត​ដីកា​ស្វែងរក​ចាប់​ខ្លួន​ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​នេះ​ទេ គឺ​គេ​អាច​ដឹង​កាន់តែ​ច្បាស់​ហើយ​ថា​នរណា​ជា​មេ​ធំ​នៅ​ពីក្រោយ​ខ្នង​ជនសង្ស័យ​ឈ្មោះ ពេជ្រ គឹមស្រ៊ិន នេះ។

លោក មុត ចន្ថា បញ្ជាក់​ថា បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ កំពុង​រៀបចំ​តវ៉ា​ទៅ​កាន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែល​ត្រូវ​ជា​កូនស្រី​បង្កើត​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ឱ្យ​ទាមទារ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ទៅ​ប្រទេស​ថៃ ដើម្បី​ស៊ើបអង្កេត មុន​នឹង​អនុវត្ត​នីតិវិធី​ច្បាប់​ជា​ធរមាន។

ជនសង្ស័យ​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ហៅ Mr Pich ត្រូវ​គេ​ដឹង​ថា​ជា​មនុស្ស​ជិតស្និទ្ធ​ក្រោម​បង្គាប់​របស់​អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង និង​អភិបាលរង​ក្រុង​ភ្នំពេញ លោក ឃ្លាំង ហួត ផង​ដែរ ហើយ​បុគ្គល​រូប​នេះ​ក៏​ជា​សមាជិក​អង្គភាព​សារព័ត៌មាន Fast News ដែល​គេ​ស្គាល់​ថា​ជា​សារព័ត៌មាន​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​កាន់​អំណាច។

ចំណែក​លោក ពេជ្រ ស្រស់ ដែល​មាន​អាយុ ៤៦​ឆ្នាំ ត្រូវ​ជា​កូន​ទី​៤ ក្នុង​គ្រួសារ បាន​កើត​នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​១៩៧៩ និង​មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ចក ឃុំ​ចក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ដូច​លោក ពេជ្រ គឹមស្រ៊ិន ដែរ។

លោក ពេជ្រ ស្រស់ ត្រូវ​គេ​ស្គាល់​ថា​ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​មាន​ឋាន​ស្មើ​នឹង​ទេសរដ្ឋមន្ត្រី ហើយ​លោក​ក៏​ជា​ម្ចាស់​អង្គភាព​សារព័ត៌មាន Fast News ដែល​តែងតែ​ផ្សាយ​គាំទ្រ​រដ្ឋាភិបាល​រហូត​មក។

ជុំវិញ​បញ្ហា​នេះ គេ​នៅ​មិន​ទាន់​ឃើញ​លោក ពេជ្រ ស្រស់ ចេញ​មុខ​បំភ្លឺ​លើ​ករណី​ដែល​ប្អូនប្រុស​របស់​លោក​ត្រូវ​ជាប់​សង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​នេះ​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ ខណៈ​សារព័ត៌មាន The Cambodia Daily ក៏​មិន​អាច​ទាក់ទង​លោក​សុំ​ការ​បំភ្លឺ​បាន​ដែរ។

ជុំវិញ​បញ្ហា​នេះ កាសែត​បារាំង​ឈ្មោះ France Diplomatie បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៩ មករា នេះ​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង លោក Jean-Noel Barrot បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ដែល​ជា​ពលរដ្ឋ​បារាំង និង​ជា​សមាជិក​បក្ស​ប្រឆាំង បន្ទាប់ពី​ត្រូវ​បាន​សម្លាប់​ក្នុង​ប្រទេស​ថៃ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​រូប​នេះ​បញ្ជាក់​ថា ប្រទេស​បារាំង​នឹង​តាមដាន​យ៉ាង​ដិតដល់​នូវ​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​ថៃ ដើម្បី​រក​ការពិត​ពេញលេញ​លើ​ករណី​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស