32.7 C
Phnom Penh

លោក រ៉ុង ឈុន ស្នើ​ស្ថានទូត​បរទេស​ក្នុង​ប្រទេស​កម្ពុជា​ជួយ​ស្ដារ​សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​កម្លាំង​ជាតិ ស្នើ​បណ្តា​ទូត​លោកខាងលិច ជួយ​ពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ដោយសារតែ​មាន​ការ​គំរាមកំហែង និង​ចាប់​ខ្លួន​សំឡេង​ប្រឆាំង​ជាបន្តបន្ទាប់​នា​រយៈពេល​ចុងក្រោយ​នេះ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បាន​ដឹកនាំ​សមាជិក​បក្ស​ទៅ​ជួប​ជាមួយ​បណ្ដា​ស្ថានទូត​នានា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដូចជា បាន​ជួប​ជាមួយ​ស្ថានទូត​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១៣ មករា និង​ជួប​ជាមួយ​ស្ថានទូត​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​១៤ មករា។

លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ទាំង​ពីរ តំណាង​គណបក្ស​កម្លាំង​ជាតិ បាន​លើកឡើង​ពី​ក្តី​បារម្ភ​របស់​ខ្លួន​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​កម្ពុជា​ដែល​នៅតែ​បន្ត​មាន​ការ​គំរាមកំហែង និង​ចាប់​ខ្លួន​សំឡេង​ប្រឆាំង​ជាបន្តបន្ទាប់​នា​រយៈពេល​ចុងក្រោយ​នេះ។

ប្រភព​ដដែល​អះអាង​ថា បន្ទាប់ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប លោក​នឹង​បន្ត​លើក​យក​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ទៅ​ជជែក​ជាមួយ​ស្ថានទូត​ប្រទេស​ផ្សេង​ទៀត ដូចជា ជប៉ុន អូស្ត្រាលី និង​ស្ថានទូត​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ផង​ដែរ។

លោក រ៉ុង ឈុន អះអាង​ថា ស្ថានទូត​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​ស្តាប់​ការ​លើកឡើង​របស់​គណបក្ស​កម្លាំង​ជាតិ និង​សន្យា​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់ ដើម្បី​ជួយ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ប្រសើរ​ឡើង។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ​វិចតូរីយ៉ា ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ មករា នេះ​ថា ការ​រំលោភ​សិទ្ធិមនុស្ស គឺជា​កត្តា​ដ៏​ចម្បង​នាំ​ទៅ​ដល់​ការ​បញ្ចប់​វាសនា​ដឹកនាំ​រដ្ឋាភិបាល ខណៈ​ការ​បាត់បង់​ផល​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ដែល​នឹង​ទទួល​បាន​ពី​សហគមន៍​អន្តរជាតិ ក៏​កើត​ចេញពី​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ផង​ដែរ។

ប្រភព​ដដែល​លើកឡើង​ថា ពលរដ្ឋ​សម្ដែង​មតិ​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​ដែល​ស្រប​ទៅ​នឹង​មាត្រា​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺជា​សកម្មភាព​ស្រប​ច្បាប់​ដែល​គួរតែ​ត្រូវ​បាន​លើក​ទឹកចិត្ត។

កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៤ សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ការ​វាយប្រហារ​ឥត​ឈប់​ឈរ​លើ​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​សកម្មជន​នានា បាន​បង្ហាញ​ឱ្យ​ឃើញ​ថា វឌ្ឍនភាព​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ស្ថិត​នៅ​វែងឆ្ងាយ ហើយ​ពិបាក​សម្រេច​បាន​នៅឡើយ​ទេ។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បញ្ជាក់​ថា ចាប់តាំងពី​ខែ​កក្កដា ឆ្នាំ​២០២៤ មក មាន​មនុស្ស​យ៉ាងតិច ៩៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រិះគន់​ផែនការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA) ក្នុង​នោះ​មនុស្ស​ចំនួន ៥៩​នាក់ រួម​ទាំង​កុមារ​ផង នៅតែ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ និង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រៀបចំ​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល និង​ញុះញង់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស