នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត អះអាងថា ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ឬហៅថាក្រុមប្រឹក្សាពាណិជ្ជការស្ត្រីហ្វីលីពីន (Philippine Women’s Business Council) ចាប់អារម្មណ៍អំពីវិនិយោគលើវិស័យសក្ដានុពលនៅប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើការវិនិយោគ និងការធ្វើធុរកិច្ច ឬពាណិជ្ជកម្មនៅប្រទេសកម្ពុជា។
លោក ហ៊ុន ម៉ាណែត សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២២ មករា នេះថា ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ដូចជា វិស័យកសិកម្ម (ឧស្សាហកម្មស្រូវអង្ករ) អាកាសចរណ៍ ទេសចរណ៍ យានយន្ត អប់រំ សុខាភិបាល ដឹកជញ្ជូន និងឡូជីស្ទីក ឬមជ្ឈមណ្ឌលចែកចាយ អាជីវកម្មលក់រាយ និងកម្មន្ដសាល ជាដើម។
លោក ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យលើវិស័យឯកជន តាមរយៈការដាក់ចេញគោលនយោបាយគាំទ្រ និងវិធានការលើកទឹកចិត្តនានាសម្រាប់ការវិនិយោគ ឬដាក់ទុន និងការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជារហូតមក។
នាយករដ្ឋមន្ត្រីខ្មែររូបនេះបញ្ជាក់ថា លោកស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចក្នុងការស្វែងរកឱកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ចំណែកឯការរៀបចំវេទិកាធុរកិច្ចនៅប្រទេសហ្វីលីពីន នាពេលខាងមុខនេះ ក៏នឹងជួយតភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករ ឬវិនិយោគិននៃប្រទេសទាំងពីរ ដើម្បីបង្កើតនូវឱកាសបន្ថែមសម្រាប់ការវិនិយោគផងដែរ។
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានជួបជាមួយប្រធានក្រុមប្រឹក្សាពាណិជ្ជការស្ត្រីហ្វីលីពីន អ្នកស្រី Rosemarie P. Rafael រួមជាមួយតំណាងក្រុមហ៊ុនដែលជាសមាជិកចំនួន ២៧រូបនៅវិមានសន្តិភាព ក្នុងទីក្រុងភ្នំពេញ ដោយពិភាក្សាលើការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា។
អ្នកវិភាគនយោបាយ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ មករា នេះថា អ្នកវិនិយោគ ឬអ្នកធុរកិច្ច (ពាណិជ្ជករ/អាជីវករ) ដែលចង់ទៅបោះទុនរកស៊ីនៅប្រទេសកម្ពុជា គឺត្រូវចំណាយលុយខាតមុនរួចជាស្រេច ទោះបីជាពួកគេមិនទាន់បានចុះកុងត្រាវិនិយោគក៏ដោយ។
លោកថា អ្នកវិនិយោគទាំងនោះត្រូវសូកប៉ាន់មន្ត្រីរដ្ឋាភិបាលខ្មែរគ្រប់កន្លែង និងគ្រប់ច្រកទាំងអស់ ដើម្បីទទួលបានសិទ្ធិធ្វើជំនួញនៅប្រទេសកម្ពុជា ដែលរឿងនេះគឺជាការខាតបង់ជំហានដំបូងខាងអ្នកវិនិយោគ ឬនាយទុនទាំងនោះ។
លោក គឹម សុខ គូសបញ្ជាក់ថា ក្រោមការដឹកនាំដែលពោរពេញទៅដោយការរំលោភសិទ្ធិមនុស្ស ការជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ ការគាបសង្កត់សិទ្ធិការងារពីសំណាក់រាជរដ្ឋាភិបាលសព្វថ្ងៃនេះ មានតែអ្នកវិនិយោគដែលជាក្រុមម៉ាហ្វៀ ឬអ្នករកស៊ីហ៊ានប្រថុយប្រថាន ហៅថាបរិកប្បិយ (speculator) ប៉ុណ្ណោះហ៊ានទៅរកស៊ី ព្រោះវាស្របនឹងការដឹកនាំនៃរដ្ឋាភិបាលត្រកូលហ៊ុនតែងតែគប់គិតជាមួយឧក្រិដ្ឋជនទាំងនោះ។
ម្យ៉ាងវិញទៀត ឧក្រិដ្ឋកម្មគ្រប់រូបភាពកើតមានក្នុងរាជាណាចក្រនេះ ក៏ជាកត្តាបន្ទច់បង្អាក់ពាណិជ្ជករល្អៗពីបរទេសដែលចង់ដាក់ទុនរយៈពេលយូរអង្វែងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

