អង្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា បង្ហាញពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភូមិភាគ ដោយអំពាវនាវឲ្យមានកិច្ចសហការឲ្យកាន់តែជ្រៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងបញ្ជាក់អំពីការប្ដេជ្ញាចិត្តជាថ្មីរបស់កម្ពុជា ចំពោះការប្រយុទ្ធទប់ទល់នឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការគំរាមកំហែងសន្តិសុខផ្ទៃសមុទ្រ ការផ្លាស់ប្ដូរអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ។
ឧត្ដមសេនីយ៍ វង្ស ពិសេន អង្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ គូសបញ្ជាក់ដូចនេះក្នុងកិច្ចប្រជុំតាមវីដេអូកាលពីថ្ងៃពុធកន្លងទៅនេះជាមួយមេទ័ពបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្រោមអធិបតីភាពឧត្ដមនាវីអាមេរិកាំង លោក Samuel Paparo មេបញ្ជាការនៃកងកម្លាំងយោធាឥណ្ឌូ-ប៉ាស៊ីហ្វិក។
តាមទីភ្នាក់ងារព័ត៌មានជាតិកម្ពុជា អាកាប៉េ (AKP) ដែលសារព័ត៌មាននៅប្រទេសអារ៉ាបរួម PressXPress ផ្សាយនៅថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឧត្ដមសេនីយ៍ វង្ស ពិសេន ចង់ឲ្យមានការចែកចាយធនធាន ការផ្លាស់ប្ដូរជំនាញទៅវិញទៅមកជាមួយកងទ័ពនៃប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
គួរបញ្ជាក់ថា៖ សម្ព័ន្ធភាពនៃប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះហើយដែលធ្វើឲ្យចិន មិនសប្បាយចិត្ត ពីព្រោះក្រុងប៉េកាំង ចាត់ទុកការហាត់ហ្វឹកហ្វឺនធ្វើសមយុទ្ធយោធាជាមួយគ្នាក្នុងដែនសមុទ្រចិនខាងត្បូង ជាការគំរាមកំហែងដល់អធិបតេយ្យជាតិចិន។
ក្នុងសម្ព័ន្ធភាពយោធាឥណ្ឌូ-ប៉ាស៊ីហ្វិក រួមមានសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូងហ្វីលីពីន និងថៃឡង់ដ៍។ រីឯសម្ព័ន្ធភាព Quad មានសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ហើយសម្ព័ន្ធភាពយោធា AUKUS មានប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
ដំណាលពេលគ្នានេះ ទីភ្នាក់ងារព័ត៌មានបក្សកុម្មុយនីស្តចិន ស៊ីនហ៊ួរ បានផ្សាយសេចក្តីថ្លែងការណ៍ពីអ្នកនាំពាក្យក្រសួងការបរទេសចិន Guo Jiakun បន្ទាប់ពីមានសារព័ត៌មានមួយចំនួនសរសេរអំពីការផ្អាកជំនួយចិន ដល់ប្រទេសកម្ពុជា ថា រដ្ឋការក្រុងប៉េកាំង នឹងមិនអនុញ្ញាតឲ្យសារព័ត៌មានចុះផ្សាយអត្ថបទប្រមាថមើលងាយដល់ទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសកម្ពុជា ឡើយ។
អ្នកនាំពាក្យដដែលបន្ថែមថា ចិនសំអាងលើពាក្យសម្ដីមេដឹកនាំខ្មែរ ដែលតែងតែនិយាយថា ចិនជាកល្យាណមិត្ត និងជាមិត្តដ៏រឹងមាំដូចស្រោបដែក៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

