34.1 C
Phnom Penh

ជនជាតិ​វៀតណាម ១៧៧​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​ក្រោយពី​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនជាតិ​វៀតណាម ចំនួន ១៧៧​នាក់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បញ្ជូន​ទៅ​កាន់​ប្រទេស​របស់​ពួកគេ ក្រោយពី​ពួកគេ​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់ ប្រព្រឹត្ត​ការ​ឆបោក​តាម​អនឡាញ និង​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​កុមារ។

ជនជាតិ​វៀតណាម ចំនួន ១៧៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១៩​នាក់ ត្រូវ​បាន​បញ្ជូន​ចេញ​តាម​ច្រក​ព្រំដែន​បាវិត និង​ម៉ុកបៃ របស់​វៀតណាម កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ កន្លង​ទៅ។

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ទទួល​បន្ទុក​នាយកដ្ឋាន​ជនបរទេស លោក សុខ សុមនា ឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម ទាំងអស់​នេះ​បាន​ឆ្លងដែន​មក​កម្ពុជា​ដោយ​ខុស​ច្បាប់ និង​ធ្វើ​ការងារ​ខុស​ច្បាប់​ដោយ​គ្មាន​បណ្ណ​ការងារ។ លោក​ថា ពួកគេ​នឹង​ត្រូវ​ទទួល​ទោស​ដោយ​យោង​ទៅ​តាម​ច្បាប់​របស់​ប្រទេស​វៀតណាម។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietnam Plus បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជនជាតិ​វៀតណាម ទាំង ១៧៧​នាក់​ដែល​ត្រូវ​បាន​បញ្ជូន​ចេញពី​កម្ពុជា​នោះ អាជ្ញាធរ​រក​ឃើញ​ថា​មាន ១៧៦​នាក់​បាន​ធ្វើការ​ក្នុង​ទីតាំង​ឆបោក​ប្រាក់​តាម​ប្រព័ន្ធ​អនឡាញ ដែល​មាន​ទីតាំង​ក្នុង​អគារ​លេខ​១១ ជិត​ច្រក​ព្រំដែន​បាវិត ខេត្ត​ស្វាយរៀង។ រីឯ​ម្នាក់​ទៀត គឺជា​អ្នក​ដឹកជញ្ជូន​ដែល​ជាប់​ពាក់ព័ន្ធ​តែ​ការ​ស្នាក់នៅ​ខុស​ច្បាប់​លើ​ទឹកដី​កម្ពុជា។

យោង​តាម​សារព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​វៀតណាម​ទាំងនោះ​ក៏​បាន​លាតត្រដាង​ពី​ទីតាំង និង​របៀប​ដែល​ក្រុម​ឆបោក​អនឡាញ​ធ្វើ​ប្រតិបត្តិការ​ឆបោក​ប្រាក់​ពី​ជនរងគ្រោះ ដូចជា៖

  • តាមរយៈ​ការ​ជំរុញ​ឱ្យ​ជនរងគ្រោះ​ដាក់​ប្រាក់​លេង​ហ្គេម​លើ​វេបសាយ
  • ការ​បោកប្រាស់​តាម​របៀប​ដាក់​ប្រាក់​លើ​គម្រោង​វិនិយោគ​ខ្យល់ ឬ​កម្មវិធី​ជួញដូរ​ភាគហ៊ុន​ក្លែងក្លាយ
  • និង​ការ​បោកប្រាស់​ជា​រូបភាព​ស្នេហា។

កាសែត​ដដែល​បាន​អះអាង​ថា ក្រោយ​ការ​ចាប់​បញ្ជូន​ចេញពី​កម្ពុជា អាជ្ញាធរ​វៀតណាម​ក៏​បាន​ផ្ទៀងផ្ទាត់​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ពលរដ្ឋ​ខ្លួន ដោយ​បាន​រក​ឃើញ​ថា​មាន​ពលរដ្ឋ​ខ្លួន​ចំនួន ៦​នាក់​មិន​មាន​ទិន្នន័យ​អ្វី​ទាំងអស់ និង​ថា​មាន​ម្នាក់​បាន​ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ខុស ហើយ​ម្នាក់​ទៀត​មាន​ឈ្មោះ​ដូច​គ្នា​ទៅ​នឹង​ជនល្មើស​ដែល​អាជ្ញាធរ​វៀតណាម កំពុង​តាម​ចាប់​ខ្លួន។

អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស លោកស្រី ជូ ប៊ុនអេង បាន​ថ្លែង​ថា ការ​បង្ក្រាប​ទីតាំង​ឆបោក​អនឡាញ​មាន​ភាព​ស្មុគស្មាញ​ច្រើន ព្រោះ​ទីតាំង​មួយ​ចំនួន​ជ្រក​ក្រោម​ផ្លាក​អាជីវកម្ម​ស្រប​ច្បាប់។ ម្យ៉ាង ជនបរទេស​ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា មិន​បាន​បញ្ជាក់​ពី​គោលបំណង​ច្បាស់លាស់​របស់​ពួកគេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​មាន​ភាព​លំបាក។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ កាលពី​ខែ​មេសា ឆ្នាំ​២០២៤ កន្លង​មក អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​បណ្តេញ​ជនជាតិ​វៀតណាម ចំនួន ២៣១​នាក់​ចេញពី​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​ព្រែកចាក។

ការ​បណ្តេញ​ជនជាតិ​វៀតណាម ទាំងនោះ ក្រោយពី​សមត្ថកិច្ច​រក​ឃើញ​ថា​ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​ពី​បទល្មើស​ឆបោក​តាម​អនឡាញ ដែល​ប្រព្រឹត្ត​នៅ​តាម ៣​ទីតាំង​ផ្សេង​គ្នា​ក្នុង​ខេត្ត​ព្រះសីហនុ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស