កូនប្រុសមន្ត្រីបក្សប្រឆាំងដែលត្រូវគេបាញ់សម្លាប់ រិះគន់ថា ការមិនអើពើពីរដ្ឋាភិបាលប្រទេសកម្ពុជាចំពោះឃាតកម្មសមាជិកសភាបក្សប្រឆាំង លោក លិម គិមយ៉ា បង្ហាញពីភាពអយុត្តិធម៌ដ៏ធំធេងសម្រាប់ពលរដ្ឋខ្មែរ ដែលកំពុងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជា។
លោក លិម ថូម៉ាស កូនប្រុសបង្កើតរបស់លោក លិម គិមយ៉ា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ កុម្ភៈ នេះថា នៅពេលដែលអ្នកប្រឆាំងរិះគន់ដល់បុគ្គលណាម្នាក់នៅក្នុងជួររដ្ឋាភិបាល តែងត្រូវបានគេចាប់ដាក់គុក ហើយពិន័យជាប្រាក់យ៉ាងច្រើនថែមទៀត។ នេះបង្ហាញថាសមត្ថកិច្ចខ្មែរមានសមត្ថភាពបំផុតក្នុងការប្រមាញ់អ្នកប្រឆាំងនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ប្រភពដដែលលើកឡើងថា ខុសប្លែកតែអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង លោក លិម គិមយ៉ា ដែលគេធ្វើឃាត បែរជាសមត្ថកិច្ចរកអ្នកជាប់ពាក់ព័ន្ធមិនឃើញទៅវិញ ខណៈដែលពួកគេរស់នៅប្រទេសកម្ពុជាក្នុងពេលនេះ ព្រោះគេដឹងថាជនជាប់ចោទទាំងពីរនាក់ គឺឈ្មោះ ពេជ្រ គឹមស្រ៊ិន និងឈ្មោះ លី រតនៈរស្មី កំពុងមានសេរីភាពដើរហើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ។
លោក លិម ថូម៉ាស បញ្ជាក់ថា សម្ដីលោក ហ៊ុន សែន ដែលធ្លាប់និយាយថា បើកូនប្រុសរបស់គាត់លោក ហ៊ុន ម៉ាណែត មិនបានធ្វើជានាយករដ្ឋមន្ត្រី នឹងមានការបង្ហូរឈាមនោះ គឺបានបញ្ជាក់យ៉ាងច្បាស់ពីការគំរាមកំហែងលើប្រជាពលរដ្ឋខ្មែរដើម្បីការពារអំណាចរបស់គាត់។
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ លោក លិម គិមយ៉ា ត្រូវឃាតករឈ្មោះ ឯកកាឡាក់ ផែណយ បាញ់សម្លាប់ក្នុងទីក្រុងបាងកក ប្រទេសថៃ ក្នុងនោះ សមត្ថកិច្ចថៃ ក៏បានរកឃើញជនសង្ស័យឈ្មោះ លី រតនៈរស្មី ដែលជាទីប្រឹក្សាលោក ហ៊ុន សែន និងឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលជាអនុប្រធានផ្សារកណ្តាល ក្នុងទីក្រុងភ្នំពេញ ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះខ្លាំងបំផុត។
ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងជនសង្ស័យទាំងពីរនាក់នេះ តុលាការក្រុងបាងកក ក៏បានចេញដីកាចាប់ខ្លួនអ្នកទាំងពីរនាក់នេះផងដែរ ក្នុងនោះ អាជ្ញាធរថៃ ក៏បានដាក់ពួកគេចូលក្នុង “សេចក្តីជូនដំណឹងក្រហម” ដើម្បីឱ្យប៉ូលិសអន្តរជាតិអាំងទែប៉ូល សហការក្នុងការតាមចាប់ខ្លួនថែមទៀត។
ក្នុងរយៈពេលជាង ៤ទសវត្សរ៍នៃការគ្រប់គ្រងអំណាចតត្រកូលហ៊ុន បន្តពីឪពុកទៅកូនក្នុងពេលនេះ គេមើលឃើញថាបានធ្វើទុក្ខបុកម្នេញលើក្រុមប្រឆាំងជាង ៤០ឆ្នាំដូចគ្នាដែរ ក្នុងទម្រង់ឧក្រិដ្ឋកម្ម និងក្នុងប្រព័ន្ធច្បាប់ ដូចជាការចោទប្រកាន់ពីបទផ្សេងៗ និងការបាញ់សម្លាប់ក្រៅប្រព័ន្ធច្បាប់ ជាដើម។
ក្នុងពេលជាមួយគ្នានេះ សារព័ត៌មានបរទេសពីតំបន់អឺរ៉ុប ដល់តំបន់អាស៊ីខាងត្បូង បានចុះផ្សាយអត្ថបទដាក់ចំណងជើងថា៖ «តើការធ្វើសេចក្តីរាយការណ៍នៅប្រទេសកម្ពុជា កាន់តែគ្រោះថ្នាក់ឡើងៗហើយឬ?»
កាសែតបង់ក្លាដេស Dhaka Tribune បានស្រង់ការផ្សាយពីកាសែតអាល្លឺម៉ង់ Deutsche Welle សេរីភាពសារព័ត៌មាននៅថ្ងៃទី១៨ ខែកុម្ភៈ នេះ ដោយលើកយកករណីឃាតកម្មលើអ្នកកាសែតជាច្រើននាក់នៅប្រទេសកម្ពុជាដែលធ្វើការងារស្រាវជ្រាវស៊ើបអង្កេតឧក្រិដ្ឋកម្មបំផ្លាញធនធានធម្មជាតិ ដូចជាការកាប់ឈើ ដឹកឈើខុសច្បាប់ ជាដើម។ អាជ្ញាធរមានសមត្ថកិច្ចតែងតែចាត់ទុកឃាតកម្មលើអ្នកសារព័ត៌មានថាជាទំនាស់បុគ្គល រឿងផ្ទាល់ខ្លួន។
នៅខែធ្នូ ឆ្នាំ២០២៤ ឈឿង ឆេង អ្នកកាសែតខាងបរិស្ថាន ត្រូវគេបាញ់សម្លាប់ក្នុងពេលស៊ើបអង្កេតការកាប់ព្រៃឈើនៅខេត្តសៀមរាប។
ដប់ឆ្នាំមុន អ្នកកាសែត ទៀង ទ្រី ត្រូវគេសម្លាប់នៅពេលស៊ើបអង្កេតសកម្មភាពកាប់ឈើខុសច្បាប់។
ក្រៅពីការធ្វើឃាត អ្នកកាសែតឯទៀតដែលត្រូវអាជ្ញាធរចោទចាប់ដាក់គុកពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៤ មាន៖
- ម៉ិច ដារ៉ា នៅខែវិច្ឆិកា ឆ្នាំទៅ;
- ឃូ ពិសិដ្ឋ ឆ្នាំ២០២១ មកពីផ្សាយរឿងកូវីដ-១៩ តាមហ្វេសប៊ុក;
- ចាប់ឈ្មោះ យន់ ឈីវ ដែលផ្សាយព័ត៌មានឈ្មោះ Koh Kong Hot News;
- ឆ្នាំ២០២០ ចាប់ឈ្មោះ សុខ ឧត្ដម ដាក់គុក ថាមកពីផ្សាយព័ត៌មានមិនពិត។
អ្នកស្រី Aleksandra Beilakowska អ្នកចាត់ចែងយុទ្ធនាការគាំទ្រសកម្មភាពសារព័ត៌មានគ្មានព្រំដែន ថ្លែងថា ការគាបត្បៀតសេរីភាពសារព័ត៌មាន គឺមានបំណងក្រុងទស្សនៈសាធារណៈ និងពង្រឹងអំណាចតែប៉ុណ្ណោះ។ អ្នកស្រីបានលើកយកការអះអាងពីក្រុមអ្នករិះគន់ឯទៀតថា របបគ្រប់គ្រងសព្វថ្ងៃគេអាចហៅបានថាជារាជវង្ស ហ៊ុន the “Hun Dynasty”៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

