35.1 C
Phnom Penh

ក្រសួង​មហាផ្ទៃ​តម្រូវ​ឱ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រាយការណ៍​ប្រចាំ​ឆ្នាំ​ឱ្យ​បាន​មុន​ដាច់​ខែ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ រំឭក​ជា​លើក​ទី​៤ ដល់​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ឱ្យ​បំពេញ​កាតព្វកិច្ច​តាម​ការ​កំណត់​ដោយ​ច្បាប់​ស្តីអំពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ដាក់​កំហិត​ត្រូវ​ដាក់​សេចក្តី​រាយការណ៍​ប្រចាំ​ឆ្នាំ​រៀង​ខ្លួន​ទៅ​កាន់​ក្រសួង​មហាផ្ទៃ កុំ​ឱ្យ​ហួស​ដំណាច់​ខែ​កុម្ភៈ។

តាមរយៈ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ក្រសួង​មហាផ្ទៃ បាន​តម្រូវ​ឲ្យ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ពី​ព័ត៌មាន​រាល់​គណនី​ដែល​បាន​បើក​សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា មក​ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ យ៉ាង​យូរ​រយៈពេល ៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ចុះបញ្ជី។ ក្រសួង​ក៏​តម្រូវ​ឲ្យ​រាយការណ៍​អំពី​សកម្មភាព​ការងារ​ប្រចាំ​ឆ្នាំ​របស់​គេ​ទៅ​ក្រសួង​ផង​ដែរ។

ប្រភព​ដដែល​បាន​លើកឡើង​ថា ចំពោះ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ដែល​ខកខាន​ក្នុង​ការ​ជូនដំណឹង​នា​ពេល​កន្លង​មក ត្រូវ​ជូនដំណឹង​ឱ្យ​បាន​មុន​ដំណាច់​ខែ​មីនា ឆ្នាំ​២០២៥ ជា​កំហិត។

តាម​ក្រសួង​មហាផ្ទៃ​ដដែល ក្នុង​ករណី​សមាគម ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​ទទួល​បាន​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​ម្ចាស់​ជំនួយ​នោះ គឺ​ត្រូវ​ផ្ញើ​របាយការណ៍​ដោយ​ចម្លង​ចេញពី​ឯកសារ​ដើម​ដែល​បាន​ផ្ញើ​ទៅ​ម្ចាស់​ជំនួយ ហើយ​ភ្ជាប់​មក​ជាមួយ​នឹង​ឯកសារ​គម្រោង​កម្មវិធី​ការងារ និង​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ដែល​ម្ចាស់​ជំនួយ​បាន​យល់ព្រម​ផង​ដែរ។

ប្រភព​ដដែល​បន្ថែម​ថា សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក ពុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​មាន​គោលដៅ​ស្វែងរក​ប្រាក់ចំណេញ​ផ្ទាល់ខ្លួន ឬ​យក​កម្រៃ​ចែក​គ្នា​នោះ​ទេ ព្រោះ​សកម្មភាព​ទាំងនេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ឬ​បង្ក​អន្តរាយ​ដល់​សន្តិសុខ​ជាតិ និង​ទំនៀមទម្លាប់​ល្អ​របស់​សង្គម​ជាតិ​កម្ពុជា។

ក្រសួង​មហាផ្ទៃ បាន​កត់សម្គាល់​ឃើញ​ថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ចំនួន​នៅតែ​បន្ត​ខកខាន​ពុំ​បាន​មក​បំពេញ​កាតព្វកិច្ច​ស្រប​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នៅឡើយ ទោះបីជា​កន្លង​មក ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ជូនដំណឹង​រំឭក​ជា​បន្តបន្ទាប់​ចំនួន ៣​លើក​រួច​មក​ហើយ​ក្ដី។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ឱ្យ​ដឹង​ថា សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​មាន​សកម្មភាព​នៅ​កម្ពុជា គឺ​សុទ្ធតែ​បាន​ដាក់​របាយការណ៍​របស់​ខ្លួន​ទៅ​ក្រសួង​មហាផ្ទៃ​ជា​ប្រចាំ ព្រោះ​បាន​គោរព​ទៅ​តាម​គោលការណ៍​លក្ខន្តិកៈ​នានា​ដូច​គ្នា ប៉ុន្តែ​លោក​បារម្ភ​ថា ក្រសួង​អាច​យក​ការ​យឺតយ៉ាវ​របស់​អង្គការ​ទាំងអស់​នោះ​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ពួកគេ។

បើ​តាម​ក្រសួង​មហាផ្ទៃ បច្ចុប្បន្ន​នេះ​មាន​អង្គការ-សមាគម​ក្នុង​ស្រុក​សរុប​មាន​ចំនួន ៦២៧៩ ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ និង​អាច​ធ្វើ​សកម្មភាព​ដោយ​សេរី​ស្រប​តាម​ច្បាប់។ ក្នុង​ចំណោម​អង្គការ​សមាគម​ទាំងនេះ មាន​មួយ​ចំនួន​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​គូស​បញ្ជាក់​ថា បាន​បំពេញ​កាតព្វកិច្ច​ស្រប​តាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​រួច​ហើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស