30.7 C
Phnom Penh

ក្រសួង​ការពារ​ជាតិ​ចិន៖ ទំនាក់ទំនង​យោធា​កម្ពុជា-ចិន​ជា​ទំនាក់ទំនង​បងប្អូន​មិន​អាច​បំបែក​បាន​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ចិន ប្រកាស​ថា​ទំនាក់ទំនង​យោធា​រវាង​កម្ពុជា និង​ចិន មិន​មាន​អ្វី​អាច​មក​បំបែក​បាន​ឡើយ។ ការ​ប្រកាស​នេះ ធ្វើឡើង​ក្រោយពី​មាន​ការ​ចុះផ្សាយ​កន្លង​មក​ថា ទំនាក់ទំនង​យោធា​រវាង​កម្ពុជា និង​ចិន កំពុង​ជួប​ភាព​រកាំរកូស។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន លោក វ៉ូ ឆៀន (Wu Qian) បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​កុម្ភៈ ថា រាល់​ការ​ប៉ុនប៉ង​បំបែក​បំបាក់​ទំនាក់ទំនង​យោធា​កម្ពុជា និង​ចិន នឹង​ត្រូវ​បរាជ័យ ព្រោះ​ថា​ទំនាក់ទំនង​យោធា​រវាង​កម្ពុជា និង​ចិន ជា​ទំនាក់ទំនង​បងប្អូន និង​រឹងមាំ​មិន​អាច​បំបែក​បាន។

ប្រភព​ដដែល​អះអាង​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មេដឹកនាំ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​យោធា​កាន់តែ​ជិតស្និទ្ធ និង​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​ថា​ភាគី​ទាំង​ពីរ​បាន​ធ្វើ​សមយុទ្ធ​នាគ​មាស​រួម​គ្នា​ចំនួន ៦​លើក ធ្វើ​លំហាត់​វេជ្ជសាស្ត្រ​យោធា និង​ការ​ផ្លាស់ប្ដូរ​រវាង​បណ្ឌិត្យសភា​យោធា ជាដើម។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​បាន​លើកឡើង​ថា នៅ​ក្នុង​ឆ្នាំ​២០២៥ យោធា​ចិន នឹង​ចាប់​ដៃ​ជាមួយ​យោធា​កម្ពុជា ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​យោធា​នៃ​ប្រទេស​ទាំង​ពីរ​កើន​ដល់​កម្រិត​ថ្មី​មួយ​ទៀត។

ចំណែក​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ឈុំ សុជាត បាន​បង្ហោះ​សារ​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ នេះ​ថា កម្ពុជា​និង​ចិន គឺជា​មិត្ត​ដែកថែប ជា​បងប្អូន​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ទំនាក់ទំនង​យោធា​កម្ពុជា-ចិន ក៏​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ប្រកប​ដោយ​ផ្លែផ្កា​ដែរ។

លោក ឈុំ សុជាត អះអាង​ថា កងទ័ព​ប្រទេស​ទាំង​ពីរ​កន្លង​មក​បាន​បង្កើត​ឲ្យ​មាន​សមយុទ្ធ​រួម​គ្នា​ជាច្រើន ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​បច្ចេកវិទ្យា​យោធា ក្នុង​នោះ​ផង​ដែរ​មាន​សមយុទ្ធ​នាគ​មាស​ដែល​ធ្វើឡើង​ចំនួន ៦​លើក​ចាប់តាំងពី​ឆ្នាំ​២០១៦ និង​សមយុទ្ធ​សុខាភិបាល​យោធា​រួម​គ្នា​ឈ្មោះ​ថា «ទេវតា​សន្តិភាព ឆ្នាំ​២០២៣» ជាដើម។

កាលពី​ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មីៗ​នេះ «សមយុទ្ធ​នាគ​មាស» ត្រូវ​បាន​ពង្រីក​វិសាលភាព​បន្ថែម​លើ​ការ​ហ្វឹកហ្វឺន​នៅ​លើ​គោក ដោយ​បន្ត​ធ្វើ​នៅ​លើ​ទឹក​ថែម​ទៀត​ក្រោម​ប្រធានបទ «ប្រតិបត្តិការ​រំដោះ​ចំណាប់ខ្មាំង​ពី​ក្រុម​ភេរវករ​ចាប់​ជំរិត​នាវា​ដឹក​ទំនិញ»។

ចំណែកឯ​សមយុទ្ធ​នាគ​មាស​សម្រាប់​ឆ្នាំ​២០២៥ ខាង​មុខ​នេះ​វិញ កម្ពុជា​និង​ចិន គ្រោង​ធ្វើឡើង​កាន់តែ​ធំ​ជាង​បណ្តា​ឆ្នាំ​មុនៗ​ទៀត ទាំង​ខ្លឹមសារ ចំនួន​កងទ័ព​ចូលរួម យុទ្ធោបករណ៍​កាន់តែ​ច្រើន និង​ទំនើប​ជាង​មុន ដើម្បី​ឱ្យ​សមស្រប​ទៅ​នឹង​ទំហំ​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ដែល​កាន់តែ​រីកចម្រើន និង​ស៊ីជម្រៅ​ជា​លំដាប់​លើ​គ្រប់​វិស័យ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស