27.2 C
Phnom Penh

ក្រុម​កូដករ​ណាហ្គា​វើលដ៍​នៅតែ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​ថៅកែ​ជាង ១​ពាន់​ថ្ងៃ​មក​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កូដករ​ណាហ្គា​វើលដ៍ ត្អូញត្អែរ​ថា អស់​រយៈពេល​ជាង ១​ពាន់​ថ្ងៃ​ហើយ (១១៧៤​ថ្ងៃ) ដែល​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ មិន​ចេញ​មុខ​ដោះស្រាយ​សូម្បី​តែ​មួយ​ចំណុច​ចំពោះ​លក្ខខណ្ឌ​ទាំង ៨ ដែល​កម្មករ​រងគ្រោះ​បាន​ស្នើសុំ។

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ចេញ​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ នៅ​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៥ នេះ ដោយ​ការ​លើក​ផ្ទាំង​បដា​ដែល​មាន​សរសេរ​លក្ខខណ្ឌ​ទាមទារ​ចំនួន ៨​ចំណុច បន្ទាប់ពី​ពួកគេ​រង​ភាព​អយុត្តិធម៌​ដោយសារ​ការ​រំលោភ​សិទ្ធិ​ការងារ​អស់​រយៈពេល​ជាង ៣​ឆ្នាំ​កន្លង​មក​នេះ។

ក្រុម​កូដករ​ទាំងនេះ​លើកឡើង​ថា ជាង ៣​ឆ្នាំ​នៃ​ការ​ទាមទារ​ពី​កម្មករ​មិនមែន​ជា​ការ​ស៊ីឈ្នួល​ទេ ហើយ​ក៏​មិនមែន​ដើម្បី​ញុះញង់​ដែរ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​តែប៉ុណ្ណោះ ដូចជា ការ​ទាមទារ​ឱ្យ​ថៅកែ​ណាហ្គា​វើលដ៍​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព និង​សមាជិក​ឲ្យ​ចូល​ធ្វើការ​វិញ និង​ត្រូវ​គិត​ប្រាក់បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ ជាដើម។ បន្ថែម​ពី​នេះ​ទៀត ថៅកែ​ក្រុមហ៊ុន​ក៏​ត្រូវ​តែ​គិត​ប្រាក់​បញ្ចប់​កិច្ចសន្យា​ការងារ​បន្ថែម​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ក្នុង​ឆ្នាំ​២០២០ និង​ដើម​ឆ្នាំ​២០២១ ផង​ដែរ។

លើស​ពី​នេះ ក្រុមហ៊ុន​ក៏​ត្រូវ​ផ្ដល់​ប្រាក់​បំណាច់​អតីតភាព​ការងារ និង​ប្រាក់​រំលឹក​អតីតភាព​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ថែម​ទៀត ខណៈ​ប្រាក់ឈ្នួល​គោល​ក៏​ត្រូវតែ​តំឡើង​ឱ្យ​បាន ៧% លើ​ប្រាក់ឈ្នួល​បច្ចុប្បន្ន​ផង​ដែរ។

ប្រភព​ដដែល​បន្ត​ថា ថៅកែ​ក្រុមហ៊ុន​ត្រូវតែ​បញ្ឈប់​ការ​កេងប្រវ័ញ្ច​តាមរយៈ​ការ​ប្រើ​បុគ្គលិក​ក្រោម​ស្លាក​កម្មសិក្សា​ជា​ថ្នូរ​ឱ្យ​ពួកគេ​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ឱ្យខាងតែ​បាន។ បន្ថែម​លើ​នេះ​ទៀត ក្រុមហ៊ុន​ក៏​ត្រូវ​បញ្ឈប់​ប្រធាន​ផ្នែក​កាស៊ីណូ លោក Florian Pastiu ផង​ដែរ ព្រមទាំង​ត្រូវ​ផ្តល់​ប្រាក់ឈ្នួល​គោល​ស្មើ​គ្នា​រវាង​បុគ្គលិក​ក្នុង​ស្រុក​ប្រៀប​នឹង​បុគ្គលិក​ក្រៅ​ស្រុក​ដែល​មាន​ឋានៈ និង​ផ្នែក​ដូច​គ្នា​ថែម​ទៀត។

ក្រុម​កូដករ​រងគ្រោះ​ទាំងនេះ​បញ្ជាក់​ថា ពួកគេ​គ្រាន់តែ​ចង់បាន​ដំណោះស្រាយ​ពី​ថៅកែ​ក្រុមហ៊ុន​ក្នុង​ភាព​យុត្តិធម៌​ដែល​ម្ចាស់​បនល្បែង​ស៊ីសង​មួយ​នេះ​បាន​រំលោភ​សិទ្ធិ​ការងារ​លើ​ពួកគេ និង​រំលោភ​ច្បាប់​ការងារ​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។

ក្រុម​កូដករ​ណាហ្គា​វើលដ៍ អំពាវនាវ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ការងារ​ពិចារណា​បញ្ហា​រំលោភ​សិទ្ធិ​ការងារ​ក្នុង​ក្រុមហ៊ុន​នេះ​ឡើងវិញ ដើម្បី​សង​ភាព​ស្អាតស្អំ​ដល់​ពួកគេ​ដែល​ជា​កម្មករ​រងគ្រោះ។

គិត​ចាប់តាំងពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ ដែល​ក្រុម​កូដករ​បាន​នាំគ្នា​ចេញ​តវ៉ា​ទាមទារ​រក​យុត្តិធម៌ បន្ទាប់ពី​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​បញ្ឈប់​ពួកគេ​ពី​ការងារ​ដោយ​រំលោភ​ច្បាប់ គឺ​មាន​រយៈពេល ៣​ឆ្នាំ ២​ខែ ១៩​ថ្ងៃ​ហើយ (១១៧៤​ថ្ងៃ) ប៉ុន្តែ​ភាព​អយុត្តិធម៌​នេះ​នៅតែ​បន្ត ខណៈ​ក្រសួង​ការងារ​មិន​ដែល​អើពើ​រក​ដំណោះស្រាយ​ឱ្យ​ពួកគេ​ឡើយ។

មាន​សេចក្តី​រាយការណ៍​កន្លង​មក​ថា ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ណាហ្គា​វើលដ៍​ពី​ជំនាន់​ថៅកែ​មហាសេដ្ឋី​សញ្ជាតិ​ម៉ាឡេស៊ី ឆិន លិប គឹង នៅ​រស់ មាន​ភាគហ៊ុន​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ហើយ​លោក​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​ឲ្យ​លោក ហ៊ុន សែន។ រាជរដ្ឋាភិបាល​ក្រោម​កិច្ច​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​ផ្តល់​អាជ្ញាបណ្ណ​ដល់​ក្រុមហ៊ុន​ល្បែងស៊ីសង​ណាហ្គា​ថិរវេលា ៧០​ឆ្នាំ គឺ​រហូត​ដល់​ឆ្នាំ​២០៦៥៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស