32.1 C
Phnom Penh

ជនបរទេស ២៥៨​នាក់​ពាក់ព័ន្ធ​បទល្មើស​ឆបោក​អនឡាញ​ត្រូវ​បាន​បង្ក្រាប​ក្នុង​ខេត្ត​មណ្ឌលគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងកម្លាំង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ស្នងការ​ខេត្ត​មណ្ឌលគិរី បង្ក្រាប​អំពើ​ឆបោក​តាម​អនឡាញ​នៅ​អគារ មេគង្គ​៧៤ ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ដោយ​ឃាត់​ខ្លួន​ជនបរទេស ២៥៨​នាក់ បន្ទាប់ពី​មាន​ការ​រាយការណ៍​ចូល​ទំព័រ​ហ្វេសប៊ុក​នៃ​ក្រសួង​មហាផ្ទៃ។

យោង​តាម​សេចក្តី​រាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៨ មីនា ថា កាលពី​ថ្ងៃទី​៦ ខែ​មីនា កម្លាំង​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​នៅ​អគារ មេគង្គ​៧៤ ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ឃាត់​ខ្លួន​ជនបរទេស ២៥៨​នាក់ ក្នុង​នោះ​ជនជាតិ​ចិន ចំនួន ២៤៧​នាក់ មីយ៉ាន់ម៉ា ឬ​ភូមា ៩​នាក់ ម៉ាឡេស៊ី ម្នាក់ និង​វៀតណាម ម្នាក់។

បើ​តាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ជនបរទេស​ទាំងនោះ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។ ក្រោយ​ប្រតិបត្តិការ​បង្ក្រាប​របស់​កងកម្លាំង​សមត្ថកិច្ច រក​ឃើញ​ថា​មាន​ជនបរទេស​ខ្លះ​ហាក់​មាន​សញ្ញា​ជា​ជនរងគ្រោះ​ដោយ​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​ចាប់​បង្ខំ​ឱ្យ​ធ្វើការ។

ប្រភព​ដដែល​អះអាង​ថា កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ១៤​នាក់ និង​ជនជាតិ​ចិន​ម្នាក់​ដែល​អគ្គស្នងការ​ចាត់ទុក​ថា​ជា​ជនរងគ្រោះ ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត​មណ្ឌលគិរី ដើម្បី​សាកសួរ​បន្ត។ ដោយឡែក​ជនបរទេស​ចំនួន ២៤៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​លើកឡើង​ថា បទល្មើស​អនឡាញ​កំពុង​រីក​រាលដាល​នៅ​អាស៊ី ដោយ​ទីក្រុង​ឆបោក​តាម​អនឡាញ​ដ៏​ធំ​មួយ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ទីតាំង​នៅ​ប្រទេស​ភូមា ជាប់​ព្រំដែន​ថៃ។ ចំណែក​នៅ​ប្រទេស​កម្ពុជា មិន​អាច​លុប​បំបាត់​បទល្មើស​អនឡាញ​បាន​ទេ ព្រោះ​បទល្មើស​ទាំងនេះ​មិនមែន​ត្រឹមតែ​ឧក្រិដ្ឋជន​ធម្មតា​ជា​អ្នក​ប្រព្រឹត្ត​ទេ គឺ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពីក្រោយ​អំពើ​ខុស​ច្បាប់​នេះ​តែម្តង។

ក្នុង​ឆ្នាំ​២០២៤ គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​រាយការណ៍​ថា សមត្ថកិច្ច​ប្រទេស​កម្ពុជា​បង្ក្រាប​បាន​បទល្មើស​ឆបោក​តាម​អនឡាញ និង​ជួញដូរ​មនុស្ស​ជាក់ស្តែង​ក្នុង​រាជាណាចក្រ​នេះ​ប្រមាណ ២០% ក្នុង​ចំណោម​បទល្មើស​ជាង ៤០០​ករណី។

កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២៤ ការិយាល័យ​គ្រប់គ្រង​ទ្រព្យសកម្ម​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់​អំណាច លោក លី យ៉ុងផាត់ និង​អាជីវកម្ម​របស់​លោក​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ការ​លាង​លុយ​កខ្វក់ ការ​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ដោយ​ខុស​ច្បាប់ និង​ការ​បោកប្រាស់​តាម​បណ្ដាញ​អ៊ីនធឺណិត ជាដើម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស