35.9 C
Phnom Penh

បុរស​ខ្លាំង​ហ្វីលីពីន​សម្លាប់​មនុស្ស​ក្នុង​សង្គ្រាម​គ្រឿងញៀន​ត្រូវ​បាន​ចាប់​ខ្លួន​តាម​ដីកា​តុលាការ ICC

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វា​ជា​រឿង​មិន​នឹកស្មាន​ដល់​ថា​មាន​រឿង​អាក្រក់​ដូចនេះ​កើតឡើង​ទៅ​លើ​កំពូល​ជន​ផ្ដាច់ការ​ម្នាក់​នៅ​អាស៊ីអាគ្នេយ៍ គឺ​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ដែល​ត្រូវ​បាន​ចាប់​ខ្លួន​តាម​ដីកា​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អំពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ចំ​ពេល​លោក​បាន​ធ្វើ​ដំណើរ​ពី​បរទេស​ទៅ​ដល់​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​របស់​លោក​វិញ។

បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន CSB News ការ​ចាប់​ខ្លួន​លោក Rodrigo Duterte កើត​មាន​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​អតីត​ប្រធានាធិបតី​រូប​នេះ​កាលពី​ថ្ងៃ​ចន្ទ ទី​១០ មីនា បាន​និយាយ​ក្នុង​ទីក្រុង​ហុងកុង ថា លោក​ត្រៀម​រួច​ជា​ស្រេច​ចំពោះ​ការ​ចាប់​ខ្លួន​រូបលោក។ តែ​នៅ​ពេល​ចុះ​ពី​លើ​យន្តហោះ​នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ម៉ានីល ខណៈ​នោះ​ដីកា​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បាន​ធ្លាក់​ដល់​ដៃ​ប៉ូលិស Interpol ឬ​ប៉ូលិស​អន្តរជាតិ រដ្ឋាភិបាល​លោក​ប្រធានាធិបតី Ferdinand Marcos Jr ផ្ដើម​អនុវត្ត​ភ្លាម។

វិមាន​ប្រធានាធិបតី​ហ្វីលីពីន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​បញ្ជាក់​ថា នៅ​ព្រឹក​នេះ គឺ​ថ្ងៃ​អង្គារ ទី​១១ ខែ​មីនា ប៉ូលិស Interpol ប្រចាំ​ក្រុង Manila ទទួល​បាន​សេចក្ដី​ចម្លង​នៃ​ដីកា​ចាប់​ខ្លួន​ពី​តុលាការ ICC ដែល​ត្រូវ​អនុវត្ត​តាម​ដីកា​របស់​តុលាការ​អន្តរជាតិ​នេះ។

នៅ​ទីក្រុង​ហុងកុង ដែនដី​ប្រទេស​ចិន កាលពី​ថ្ងៃ​ចន្ទ ក្នុង​ព្រឹត្តិការណ៍​ជួបជុំ​ជាមួយ​ពលករ​ហ្វីលីពីន រាប់​ពាន់​នាក់ លោក Duterte សង្ឃឹម​ថា​នឹង​អាច​បង្កើន​ការ​គាំទ្រ​ដល់​បេក្ខភាព​សមាជិក​ព្រឹទ្ធសភា​របស់​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ដែល​នឹង​ធ្វើឡើង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​នេះ។

លោក Duterte បាន​និយាយ​ទៅ​កាន់​ពលរដ្ឋ​ហ្វីលីពីន នៅ​ក្រុង​ហុងកុង ដែល​សម្រង់​សេចក្ដី​ដើម​ដូចនេះ​ថា៖ «ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ធ្វើ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន? តើ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​មែន​ទេ ឬ​សម្រាប់​គ្រួសារ​ខ្ញុំ? មិនមែន​ទេ គឺ​សម្រាប់​អ្នក​ទាំងអស់​គ្នា និង​ក្មេងៗ​ជំនាន់​ក្រោយ ហើយ​សម្រាប់​ប្រទេស​ជាតិ​យើង។ ប៉ុន្តែ​សួរ​ថា តើ​អ្វី​ទៅ​ជា​ទោស​កំហុស​របស់​ខ្ញុំ​មែន​ឬ​ទេ? មិនមែន​ទេ ខ្ញុំ​បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង គឺ​ដើម្បី​តែ​សន្តិភាព និង​ជីវិត​រស់នៅ​ដោយ​សុខសាន្ត​សម្រាប់​ប្រជាជន​ហ្វីលីពីន។ ខ្ញុំ​មិន​មាន​កំហុស​អ្វី​ទេ​សម្រាប់​ជាតិ​ខ្ញុំ។ តែ​ប្រសិនបើ​ដីកា​ចាប់​ខ្លួន​ជា​ការពិត នេះ​ពិត​ជា​វាសនា​ក្នុង​ឆាកជីវិត​របស់​ខ្ញុំ។»

សង្គ្រាម​ប្រឆាំង​គ្រឿងញៀន គឺជា​គោលនយោបាយ​ដ៏​សំខាន់​បំផុត​ដែល​បាន​ជួយ​ឱ្យ​លោក Duterte ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន កាលពី​ឆ្នាំ​២០១៦។ សេចក្តី​រាយការណ៍​ពី​ក្រុម​អង្គការ​សិទ្ធិមនុស្ស​រក​ឃើញ​ការ​សម្លាប់​មនុស្ស​ទាំង​នៅ​ក្នុង​ចំណោម​សាធារណជន​ដល់​ជិត ៦០០០​នាក់ ទាំង​ចាប់​ខ្លួន​ជិត ៣០០០០​នាក់។

ការិយាល័យ​ប្រធានាធិបតី Ferdinand Marcos Jr បាន​បញ្ជាក់​ថា ពិត​ជា​មាន​ការ​ចាប់​ខ្លួន​លោក Duterte ហើយ​ប៉ូលិស​អន្តរជាតិ​កំពុង​កសាង​សំណុំរឿង​បញ្ជាក់​បន្ថែម​ពី​ស្ថានភាព​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​លោក។

លោក Duterte បាន​ដក​ហ្វីលីពីន ដោយ​ឯកតោភាគី​ចេញពី​សន្ធិសញ្ញា​ចូលរួម ICC កាលពី​ឆ្នាំ​២០១៩ នៅ​ពេល​ដែល​តុលាការ​អន្តរជាតិ​នេះ​ចាប់ផ្តើម​ពិនិត្យ​មើល​ជា​លើកដំបូង​លើ​ការ​ចោទប្រកាន់​អំពី​ការ​សម្លាប់​មនុស្ស​ជា​ប្រព័ន្ធ​នៅ​ក្រៅ​ច្បាប់ អំឡុង​សង្គ្រាម​បង្ក្រាប​គ្រឿងញៀន​របស់​លោក។ តែ​អ្នក​ច្បាប់​នៅ ICC ចាត់ទុក​ថា​ការ​ដក​ហ្វីលីពីន ដោយ​ឯកតោភាគី​ចេញពី​សន្ធិសញ្ញា​របស់ ICC មិន​អាច​ធ្វើ​ឱ្យ ICC អស់​សុពលភាព​នោះ​ទេ ព្រោះ​ឧក្រិដ្ឋកម្ម​ទាក់ទង​នឹង​លោក Duterte កើតឡើង​អំឡុង​ហ្វីលីពីន ស្ថិត​ជា​ភាគី​សន្ធិសញ្ញា​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម ហៅថា Rome Statute។

រដ្ឋសភា​ហ្វីលីពីន នៅ​ថ្ងៃទី​៥ ខែ​កុម្ភៈ បាន​បោះឆ្នោត​គាំទ្រ​ក្នុង​សំឡេង​ដ៏​ច្រើន​លើ​សំណើ​ដក​អ្នកស្រី សារ៉ា ឌូទើតេ ដែល​ជា​កូនស្រី​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក ឌូទើតេ ចេញពី​តំណែង​អនុប្រធានាធិបតី។ នីតិវិធី​ចុងក្រោយ អ្នកស្រី សារ៉ា ឌូទើតេ ត្រូវ​ប្រឈមមុខ​នឹង​សវនាការ​របស់​ព្រឹទ្ធសភា។

ជាច្រើន​ខែ​មក​ហើយ ជម្លោះ​រវាង​ត្រកូល ឌូទើតេ និង Marcos បាន​ស្តែង​យ៉ាង​ច្បាស់​ក្រោយ​ការ​ព្រមាន​ធ្វើ​ឃាត​ពី​អ្នកស្រី សារ៉ា ឌូទើតេ អនុប្រធានាធិបតី​ហ្វីលីពីន លើ​ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos Jr.។

ពេលនេះ អនាគត​របស់​អ្នកស្រី សារ៉ា ឌូទើតេ (Sarah Duterte) កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​រហូត​ឈាន​ដល់​ការ​ដក​ពី​តំណែង ដោយ​សមាជិក​សភា​ចំនួន ២១៥​សំឡេង​បាន​ចុះហត្ថលេខា​លើ​បណ្តឹង​ដក​តំណែង។ បណ្តឹង​នេះ​ត្រូវការ​សំឡេង ១​ភាគ​៣ នៃ​សមាជិក​រដ្ឋសភា​ហ្វីលីពីន សរុប ៣០៦​អាសនៈ។

បន្ទាប់ពី​ការ​អនុម័ត​សំណើ​ដក​តំណែង​របស់​រដ្ឋសភា ព្រឹទ្ធសភា​ហ្វីលីពីន នឹង​ដើរ​តួ​ជា​តុលាការ​ដក​តំណែង​អ្នកស្រី សារ៉ា ឌូទើតេ ពី​អនុ​ប្រធានាធិបតី។ ប្រសិនបើ​ត្រូវ​បាន​ដក​ចេញពី​តំណែង កូនស្រី​របស់​អតីត​ប្រធានាធិបតី​ហ្វីលីពីន នឹង​ក្លាយ​ជា​បុគ្គល​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ខ្លួន​ដែល​ត្រូវ​បាន​ដក​ចេញពី​តំណែង​អនុប្រធានាធិបតី។

អ្នក​សង្កេតការណ៍​យល់​ថា អ្នកស្រី សារ៉ា ឌូទើតេ អាច​នឹង​បាត់បង់​តំណែង​ជា​ផ្លូវការ​ក្រោម​អំណាច​របស់​សមាជិក​ព្រឹទ្ធសភា ហើយ​អាច​ប្រឈមមុខ​នឹង​ទោស​ឧក្រិដ្ឋ​ទៀត​ផង​ក្នុង​សំណុំរឿង​មាន​ផែនការ​ធ្វើ​ឃាត​លោក Ferdinand Marcos Jr។

អ្នកស្រី សារ៉ា ឌូទើតេ បាន​ហៅ​ការ​ចាប់​ខ្លួន​ឪពុក​ក្រោម​រដ្ឋអំណាច​របស់​លោក Marcos Jr. ជា​អំពើ​អយុត្តិធម៌​បំផុត​ទៅ​លើ​គ្រួសារ​របស់​អ្នកស្រី។ បើ​និយាយ​អំពី​ពាក្យស្លោក​ខ្មែរ​វិញ គេ​ហៅថា ឈាម​ស្រែក ស្បែក​ហៅ។ អ្នក​រំលោភ​បំពាន គាបសង្កត់ ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​ខុស​ច្បាប់​លើ​គេ មើល​មិន​ឃើញ​កំហុស​ខ្លួន​ទេ មិន​ដឹង​អំពី​ការ​ឈឺចាប់​របស់​គេ​ឡើយ។ ឥឡូវ​នេះ ឧក្រិដ្ឋជន​បំពាន​ច្បាប់ ក៏​ចេះ​ស្រែក​រក​យុត្តិធម៌​ដែរ៕

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស