មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ជាវីរបុរស និងជាដុំពេជ្រសម្រាប់ហ្វីលីពីន ព្រោះគាត់មិនបានយកផលប្រយោជន៍ពីគ្រឿងញៀនដើម្បីធ្វើមានធ្វើបានក្នុងគ្រួសារ ឬសម្រាប់ខ្លួនគាត់ផ្ទាល់ឡើយ។
ប្រធានរាជបណ្ឌិត្យសភា បណ្ឌិត សុខ ទូច សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃទី១៣ មីនា នេះថា ប្រភេទមនុស្សដែលជាដុំពេជ្រដូចប្រធានាធិបតីហ្វីលីពីន នេះ គឺមានមិនច្រើនទេនៅលើលោកនេះ ព្រោះថាដើម្បីកែប្រែសង្គមមួយស្អាតស្អំ ត្រូវតែហ៊ានពលិកម្មដើម្បីបុព្វហេតុមនុស្សជំនាន់ក្រោយដូចដែលគាត់បានធ្វើនាពេលនេះ។
បណ្ឌិត សុខ ទូច លើកឡើងថា មនុស្សដែលញៀនគ្រឿងញៀនខុសច្បាប់ ហ៊ានធ្វើអ្វីៗទាំងអស់ឱ្យតែបានយកមកប្រើប្រាស់គ្រឿងញៀន ខណៈអ្នករកស៊ីគ្រឿងញៀនក៏មិនខ្លាចគុកច្រវាក់ដែរ ដូច្នេះសង្គមមួយពោរពេញទៅដោយគ្រឿងញៀន នឹងក្លាយជាសង្គមដែលគ្មានសណ្ដាប់ធ្នាប់ទូទាំងប្រទេស។
មន្ត្រីរដ្ឋាភិបាលរូបនេះបញ្ជាក់ថា ដើម្បីកែប្រែសង្គមដែលពោរពេញទៅដោយគ្រឿងញៀន ត្រូវតែប្រើកណ្ដាប់ដៃដែក ហើយមុននឹងលោក Rodrigo Duterte ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី គាត់ក៏បានដាក់កម្មវិធីនយោបាយកម្ទេចគ្រឿងញៀនរួចហើយដែរ។
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានឃាត់ខ្លួនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ តាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញការសម្លាប់ជនសង្ស័យគ្រឿងញៀនជាង ៦ពាន់នាក់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនអំឡុងពេលដែលលោកកាន់អំណាចជាប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន កាលពីអំឡុងឆ្នាំ២០១៦ កន្លងទៅ។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន សុរីដា សរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ប្រសិនទុកឱ្យគ្រឿងញៀនចរាចរពេញផ្ទៃប្រទេស វាមិនបានសម្លាប់មនុស្សត្រឹមតែជាង ៦ពាន់នាក់ទេ តែវាបានសម្លាប់ពលរដ្ឋហ្វីលីពីន មួយប្រទេសតែម្តង។
លោក សួន សុរីដា លើកឡើងថា ជនសង្ស័យគ្រឿងញៀនជាង ៦ពាន់នាក់ដែលពាក់ព័ន្ធនឹងការបង្ក្រាបក្នុងពេលលោក Rodrigo Duterte កាន់អំណាចជាប្រធានាធិបតីរបស់ហ្វីលីពីន កាលពីអំឡុងឆ្នាំ២០១៦ កន្លងទៅ ភាគច្រើនជាឧក្រិដ្ឋជនគ្រឿងញៀនប៉ុណ្ណោះ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា ការបង្ក្រាប ឬបោសសម្អាតគ្រឿងញៀន មិនមែនជារឿងងាយស្រួលនោះទេ ព្រោះមេជួញដូរគ្រឿងញៀនសុទ្ធសឹងតែជាប់ពាក់ព័ន្ធនឹងមេយោធាធំៗ មេប៉ូលិសធំៗ និងជនមានអំណាចផងដែរ ដូច្នេះបើមេដឹកនាំប្រទេសមិនមានឆន្ទៈ និងកណ្ដាប់ដៃដែកទេ នោះច្បាស់ណាស់គឺមិនអាចបង្ក្រាប ឬបោសសម្អាតគ្រឿងញៀនបានជាដាច់ខាត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

