តំណាងរាស្ត្របក្សប្រឆាំង លើកឡើងថា សន្តិភាពសម័យខ្មែរក្រហម គឺត្បូងចប និងគល់ឫស្សី រីឯសន្តិភាពសម័យលោក ហ៊ុន សែន គឺខ្នោះ និងគុក សម្រាប់អ្នកដែលតវ៉ាប្រឆាំងនឹងសន្តិភាព។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សួន សុរីដា លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៦ ខែឧសភា ថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន តែងព្រមានថា «ទោះក្នុងតម្លៃណាក៏ដោយ គាត់ត្រូវតែការពារសន្តិភាពឱ្យបានដាច់ខាត» ប៉ុន្តែសន្តិភាពដែលគាត់ប្រកាសការពារនេះ គឺមានតែពលរដ្ឋត្រូវវាយខ្នោះ និងជាប់គុកប៉ុណ្ណោះ។
មន្ត្រីបក្សប្រឆាំងរូបនេះលើកឡើងថា ឫសគល់ធំបំផុតរបស់សន្តិភាព គឺការលើកស្ទួយប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ផ្ទុយទៅវិញ បើមេដឹកនាំខ្មែរបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិពលរដ្ឋដែលជាម្ចាស់ប្រទេស លោកថាតើសន្តិភាពដែលគាត់ខំការពារនោះ គឺដើម្បីអ្នកណា។
លោក សួន សុរីដា អះអាងថា សន្តិភាពពិតប្រាកដ គឺសំដៅដល់សកម្មភាពទាំងអស់របស់ពលរដ្ឋ ជាពិសេសការធ្វើសកម្មភាពដែលស្របច្បាប់ គ្មានការគំរាមកំហែង ដូចជា សន្តិភាពក្នុងការបញ្ចេញមតិ សន្តិភាពក្នុងការសម្រេចជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្តតាមរយៈនៃការបោះឆ្នោត និងសន្តិភាពក្នុងការធ្វើសកម្មភាពនយោបាយទៅតាមនិន្នាការដែលខ្លួនពេញចិត្ត ជាដើម។
លោកថា ផ្ទុយទៅវិញ ការបំបិទសិទ្ធិពលរដ្ឋគ្រប់បែបយ៉ាង ដូចជា បិទសិទ្ធិបញ្ចេញមតិ បិទសិទ្ធិជ្រើសរើសមេដឹកនាំតាមរយៈនៃការបោះឆ្នោត និងបិទសិទ្ធិចូលរួមសកម្មភាពនយោបាយ រួមទាំងកិច្ចការសង្គមផ្សេងៗ រហូតឈានដល់ការចោទប្រកាន់ចាប់ខ្លួនវាយខ្នោះ និងចាប់ដាក់គុកនោះ សន្តិភាពបែបនេះមិនខុសពីសន្តិភាពក្នុងសម័យខ្មែរក្រហមដែលប្រើត្បូងចប និងគល់ឫស្សី ដើម្បីបំបិទសិទ្ធិពលរដ្ឋនោះទេ។
តំណាងរាស្ត្របក្សប្រឆាំងរូបនេះចាត់ទុកសម្ដីមេដឹកនាំដែលប្រកាសពីការការពារសន្តិភាព ដោយការចាប់ខ្លួនអ្នកនយោបាយប្រឆាំង ចាប់ខ្លួនសកម្មជនសង្គម រំលាយបក្សប្រឆាំង ចាប់ខ្លួនពលរដ្ឋដែលបញ្ចេញមតិរិះគន់ការដឹកនាំរបស់ខ្លួន គឺជាពាក្យភូតកុហកទៅវិញ។
ក្នុងវេទិកាអាស៊ាននៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៥ ឧសភា អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម លោក ហ៊ុន សែន និយាយទាំងទឹកភ្នែកពីការស្វែងរកសន្តិភាពជូនជាតិ ដើម្បីរំលត់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដែលធ្វើឱ្យខ្មែរបែកបាក់ប្រពន្ធកូន និងកាប់សម្លាប់គ្នាឯង រហូតនាំមកនូវសន្តិភាពដល់ពេលបច្ចុប្បន្ននេះ។
ទាក់ទិននឹងបញ្ហានេះ គេតែងឃើញលោក ហ៊ុន សែន គំរាមតាមវេទិកាសាធារណៈរបស់គាត់ជាបន្តបន្ទាប់ ពីការប្ដេជ្ញាការពារសន្តិភាពឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ក្រោមហេតុផលថា បើគ្មានសន្តិភាព អ្វីៗក៏មិនអាចកើតមានបានដែរ ដូច្នេះលោកត្រូវតែកម្ចាត់អ្នកប៉ុនប៉ងបំផ្លាញសន្តិភាពឱ្យអស់ពីទឹកដីខ្មែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

