ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំឱ្យពលរដ្ឋខ្មែររស់នៅ និងធ្វើការនៅប្រទេសថៃ អនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃ និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បន្ទាប់ពីទីក្រុងបាងកក បានរងនូវគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន បានប្រាប់អ្នកសារព័ត៌មានថា គិតត្រឹមថ្ងៃទី២៨ មីនា នេះ មិនទាន់ទទួលព័ត៌មានថាមានពលករខ្មែររងគ្រោះពីករណីរញ្ជួយដីនៅប្រទេសថៃ នៅឡើយ។ លោកថា បច្ចុប្បន្ន ស្ថានទូតកម្ពុជាកំពុងតាមដាន និងសហការជាមួយអាជ្ញាធររបស់ប្រទេសថៃ។
អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវទៅកាន់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ សូមរក្សាភាពស្ងប់ស្ងាត់ និងអនុវត្តតាមការណែនាំ និងរៀបចំរបស់អាជ្ញាធរថៃ និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ នារសៀលថ្ងៃទី២៨ មីនា បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា ករណីបាក់រលំអគារដែលកំពុងសាងសង់នៅថៃ ដោយសារការរញ្ជួយដី អាចមានពលករកម្មករខ្មែរក្នុងចំណោមនោះដែរ។
ប្រភពដដែលបានអះអាងថា ក្រុមការងារសង់ត្រាល់ប្រចាំប្រទេសថៃ កំពុងស្រាវជ្រាវតាមដានព័ត៌មានបន្ថែមទៀតទាក់ទងនឹងពលករខ្មែរដែលកំពុងធ្វើការក្នុងអគារបាក់ស្រុតកម្ពស់ ៥០ជាន់ ដែលរងការខូចខាតទាំងស្រុងនេះ។ នៅក្នុងអគារបាក់នេះ មានពលករខ្មែរកំពុងធ្វើការនៅទីនោះ ៣១៧នាក់ ក្នុងនោះ ៨០នាក់ទាក់ទងមិនបាន។
ករណីគ្រោះរញ្ជួយដីនេះ បណ្ដាលឱ្យកម្មករយ៉ាងហោចណាស់ ៤៣នាក់បានជាប់នៅក្នុងអគារមួយកន្លែងដែលបានបាក់ដោយសាររញ្ជួយដីក្នុងតំបន់ Chatuchak នៅទីក្រុងបាងកក។ ពេលនេះ អាជ្ញាធរថៃ កំពុងបញ្ជូនក្រុមសង្គ្រោះបន្ទាន់ទៅជួយមនុស្សដែលជាប់នៅក្នុងអគារកម្ពស់ ៣០ជាន់នោះ។ អគារដែលបាក់នោះ កំពុងតែសាងសង់។
ករណីគ្រោះរញ្ជួយដីនេះ ក៏បង្កឱ្យពលរដ្ឋនៅកម្ពុជាមានការបារម្ភដែរ ខណៈពេលនេះ អ្នកធ្វើការមួយចំនួនតាមអគារខ្ពស់ៗនៅក្រុងភ្នំពេញ បានចាកចេញពីអគារដើម្បីសុវត្ថិភាព។
យោងតាមរបាយការណ៍ក្រសួងការងារ មានពលរដ្ឋខ្មែរជាង ១,២លាននាក់បានចំណាកស្រុកទៅធ្វើការងារនៅថៃ។ ពលករខ្មែរនៅថៃភាគច្រើន បំពេញការងារក្នុងវិស័យឧស្សាហកម្ម សំណង់ កសិកម្ម និងសេវាកម្ម។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី ដោយបញ្ជាក់ថា គិតត្រឹមម៉ោង ៣រៀលនេះ មិនទាន់មានសញ្ញារញ្ជួយដីនៅកម្ពុជាទេ ប៉ុន្តែបើតាមសញ្ញាផែនទីបង្ហាញពីប្រទេសកើតហេតុគ្រោះធម្មជាតិនេះ អាចកើតលើខេត្តមួយចំនួនជាប់ព្រំដែន។ លោកថា បច្ចុប្បន្ន មន្ត្រីជំនាញកំពុងតាមដានលើករណីនេះ និងជូនដំណឹងដល់សាធារណជនបន្តទៀត។ សូមរង់ចាំស្តាប់សេចក្តីរាយការណ៍បន្ថែមក្នុងនាទីព័ត៌មានអន្តរជាតិ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

