30.7 C
Phnom Penh

លោក អ៊ុំ សំអាន អះអាង​ថា​កម្ពុជា​នឹង​ឈ្នះ​ក្ដី​លើ​ថៃ និង​វៀតណាម រឿង​កោះ បើ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង អះអាង​ថា បើ​រាជរដ្ឋាភិបាល​ខ្មែរ​ប្តឹង​ប្រទេស​វៀតណាម និង​ប្រទេស​ថៃឡង់ដ៍ លើ​ករណី​កោះ​គុត កោះត្រល់ និង​ដែនសមុទ្រ​ត្រួត​គ្នា​ទៅ​តុលាការ​អន្តរជាតិ ដោយ​ប្រើ​នីតិប្បញ្ញត្តិ​សមុទ្រ (UNCLOS) ប្រទេស​កម្ពុជា​នឹង​ឈ្នះ​ប្រទេស​ទាំង​ពីរ​នេះ ១​លាន​ភាគរយ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៧ មីនា នេះ​ថា កោះ​គុត​ស្ថិត​នៅ​ចម្ងាយ​ត្រឹមតែ ៣២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​បន្ទាត់​មូលដ្ឋាន​ត្រង់​ចំណុច​ឆ្នេរ​ចាំយាម ដែល​ស្ថិត​ក្នុង​តំបន់​តភ្ជាប់​ប្រវែង ៤៤​គីឡូម៉ែត្រ​ខាង​ដែនដី​កម្ពុជា ដូច្នេះ​អាច​បញ្ជាក់​បាន​ថា កោះ​នេះ​មាន​ចំណែក​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​យ៉ាង​ពិតប្រាកដ។

ចំណែក​កោះត្រល់ ស្ថិត​នៅ​ចម្ងាយ​ត្រឹមតែ ១៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​បន្ទាត់​មូលដ្ឋាន​ត្រង់​ចំណុច​ឆ្នេរ​ខេត្ត​កំពត ដែល​ស្ថិត​ក្នុង​សមុទ្រ​ដែនដី ២២​គីឡូម៉ែត្រ​របស់​ខ្មែរ ដូច្នេះ​អាច​បញ្ជាក់​បាន​ថា កោះត្រល់​គឺជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​ផ្ដាច់មុខ មិនមែន​ជា​កម្មសិទ្ធិ​របស់​ប្រទេស​វៀតណាម ឡើយ ព្រោះ​ចម្ងាយ​កោះ​នេះ​ចេញពី​ឆ្នេរ​តំបន់​ហាទៀង មាន​ចម្ងាយ​រហូត​ដល់​ទៅ ៤៥​គីឡូម៉ែត្រ​ឯណោះ។

លោក​បន្ត​ថា ចំណែក​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​ជាមួយ​ថៃ ទំហំ ២៦០០០​គីឡូម៉ែត្រ​ការ៉េ ក៏​ស្ថិត​ក្នុង​សមុទ្រ​ដែនដី តំបន់​តភ្ជាប់ និង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​របស់​ខ្មែរ​ដែរ ដែល​មាន​ន័យ​ថា​តំបន់​ត្រួត​គ្នា​នេះ គឺ​ស្ថិត​ក្នុង​ដែនសមុទ្រ​របស់​ប្រទេស​កម្ពុជា ១០០%។

លោក អ៊ុំ សំអាន ពន្យល់​ថា បន្ទាត់​មូលដ្ឋាន គឺជា​ខ្សែបន្ទាត់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​វាស់​តំបន់​សមុទ្រ ហើយ​បន្ទាត់​នេះ​ត្រូវ​បែងចែក​ជា​ពីរ គឺ​បន្ទាត់​មូលដ្ឋាន​ធម្មតា ដែល​ជា​បន្ទាត់​ខ្សែទឹក​នាច តាម​បណ្តោយ​ឆ្នេរ​ដែល​មាន​បញ្ជាក់​នៅ​ក្នុង​ផែនទី​មាត្រដ្ឋាន​ខ្នាត​ធំ និង​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​រដ្ឋ​ជាប់​ឆ្នេរសមុទ្រ។

ចំណែកឯ​បន្ទាត់​មូលដ្ឋាន​ត្រង់​វិញ គឺ​សំដៅ​ទៅ​លើ​បន្ទាត់​ដែល​ប្រើ​នៅ​ពេល​ដែល​ឆ្នេរសមុទ្រ​របស់​រដ្ឋ​ណា​មួយ​មាន​លក្ខណៈ​មិន​ត្រង់​ស្មើ ហើយ​បន្ទាត់​នេះ​ក៏​ត្រូវ​បាន​ប្រើ​ដើម្បី​គូស​ភ្ជាប់​ចំណុច​នៅ​ត្រង់​មាត់​ឆ្នេរ ឆ្នេរ​ផត​ជ្រៅ កោះ រដ្ឋ​ប្រជុំ​កោះ ដីដុះ ថ្ម​ប៉ប្រះ​ទឹក​នឹង​សមុទ្រ ព្រមទាំង​ឆក​ប្រវត្តិសាស្ត្រ ជាដើម​ផង​ដែរ។

លោក​បន្ត​ថា ដែនទឹក​ផ្ទៃក្នុង​ត្រូវ​គេ​បង្កើត​ឡើង​សម្រាប់​បង្កើត​បន្ទាត់​មូលដ្ឋាន ព្រោះ​ថា​បើ​គ្មាន​ដែនទឹក​ផ្ទៃក្នុង​ទេ គឺ​មិន​អាច​បង្កើត​បន្ទាត់​មូលដ្ឋាន​បាន​ឡើយ។ ដែនទឹក​ផ្ទៃក្នុង គឺជា​តំបន់​សមុទ្រ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្នេរសមុទ្រ​របស់​រដ្ឋ ហើយ​ត្រូវ​រាប់​បញ្ចូល ដូចជា កំពង់ផែ ឆក ពាម និង​ដៃសមុទ្រ ជាដើម។

លោក​បន្ថែម​ថា រដ្ឋ​ជាប់​ឆ្នេរ​មាន​សិទ្ធិ និង​អធិបតេយ្យភាព​ពេញលេញ​ក្នុង​ការ​គ្រប់គ្រង​តំបន់​ទាំងនេះ ខណៈ​នាវា​បរទេស​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋ​ជាប់​ឆ្នេរ មុន​នឹង​ឆ្លងកាត់​តំបន់​ដែនទឹក​ផ្ទៃក្នុង​នេះ​ផង​ដែរ។ លើស​ពី​នេះ រដ្ឋ​ជាប់​ឆ្នេរ​អាច​ប្រើប្រាស់​នូវ​អំណាច​យុត្តាធិការ​ទាំង​ផ្នែក​រដ្ឋប្បវេណី និង​ព្រហ្មទណ្ឌ​ទៅ​លើ​នាវា​បរទេស​ទាំងឡាយ​ណា​ដែល​ធ្វើ​នាវាចរណ៍​ឆ្លងកាត់​តំបន់​ដែនទឹក​ផ្ទៃក្នុង​នេះ​ថែម​ទៀត។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ដោយឡែក​សមុទ្រ​ដែនដី ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​តំបន់​នៅ​ជាប់​ដែន​គោក​ដែល​វាស់​ចេញពី​បន្ទាត់​មូលដ្ឋាន​ឆ្ពោះ​ទៅ​កាន់​លម្ហ​សមុទ្រ​មាន​ចម្ងាយ ១២​ម៉ាយល៍ ដែល​ស្មើ​នឹង ២២​គីឡូម៉ែត្រ។ នៅ​ក្នុង​រយៈ​ចម្ងាយ​នេះ រដ្ឋ​ជាប់​ឆ្នេរ​មាន​អធិបតេយ្យភាព​លើ​ដែនទឹក លម្ហ​អាកាស បាតសមុទ្រ និង​ដី​ក្រោម​បាតសមុទ្រ​ទាំងស្រុង។

លោក​បន្ថែម​ថា អាស្រ័យ​ហេតុ​នេះ រដ្ឋ​ជាប់​ឆ្នេរ​មាន​សិទ្ធិ​ផ្ដាច់មុខ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​បាតសមុទ្រ និង​ក្នុង​ដី​ក្រោម​បាតសមុទ្រ​ផង​ដែរ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា ចំណែកឯ​តំបន់​តភ្ជាប់​ជា​តំបន់​សមុទ្រ​ដែល​វាស់​ចេញពី​បន្ទាត់​មូលដ្ឋាន​ឆ្ពោះ​ទៅ​កាន់​លម្ហ​សមុទ្រ​មាន​ចម្ងាយ ២៤​ម៉ាយល៍​ដែល​ស្មើ ៤៤​គីឡូម៉ែត្រ ហើយ​នៅ​ក្នុង​តំបន់​តភ្ជាប់​នេះ រដ្ឋ​ជាប់​ឆ្នេរ​ក៏​អាច​ការពារ​រាល់​ការ​បំពាន​ច្បាប់ និង​បទប្បញ្ញត្តិ​ស្ដីពី​គយ សារពើពន្ធ អន្តោប្រវេសន៍ ឬ​សុខាភិបាល​របស់​ខ្លួន​គ្រប់​ពេល។

សារព័ត៌មាន The Cambodia Daily នឹង​ព្យាយាម​ស្រង់​សេចក្តី​បញ្ជាក់​អំពី​ប្រវត្តិសាស្ត្រ ផ្សាយ​ជូន​ជ្រាប​នៅ​ពេល​ក្រោយ ដែល​មគ្គទេសក៍​ទេសចរ​ជនជាតិ​យៀកណាម និយាយ​ថា កោះត្រល់ ឬ​ភូគួក ជា​កោះ​របស់​យៀកណាម តាំងពី​ឆ្នាំ​១៧១៤។ តាម​ពិត បារាំង​បាន​ឲ្យ​កោះ​ទាំង​ពីរ​ទៅ​ព្រះចៅ​ក្រុង​សៀម និង​ព្រះចៅ​ក្រុង​អណ្ណាម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស