31.6 C
Phnom Penh

លោក ហ៊ុន សែន ឆ្ងល់​ថា​តើ​ថៃ​កំពុង​ធ្វើ​អន្តរជាតូបនីយកម្ម​លើ​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​ជាមួយ​កម្ពុជា​ឬ​យ៉ាងណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ព្រឹទ្ធសភា បាន​ចោទ​សួរ​ទៅ​ភាគី​ថៃ ថា តើ​ថៃ កំពុង​ធ្វើ​អន្តរជាតូបនីយកម្ម​លើ​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជាមួយ​កម្ពុជា មែន​ដែរ​ឬ​ទេ បាន​ជា​ខំប្រឹង​ទាមទារ​លុប​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ ឬ MoU៤៤ ជាមួយ​កម្ពុជា ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ពេលនេះ?

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១ ឧសភា ថា រាល់​ថ្ងៃ​នេះ ថៃ​កំពុង​ព្យាយាម​ឈាន​ឱ្យ​ដល់​ការ​លុបចោល​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ ស្ដីពី​តំបន់​ដែនសមុទ្រ​ត្រួត​គ្នា ដែល​ចុះហត្ថលេខា​រវាង​កម្ពុជា និង​ថៃ កាលពី​ជាង ២០​ឆ្នាំ​មុន (២៥​ឆ្នាំ)។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ប៉ុនប៉ង​របស់​ថៃ ក្នុង​ការ​លុប​អនុស្សរណៈ​យោគយល់​នេះ គឺ​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ភាគី​ថៃ ទាមទារ​ចង់បាន​ទ្វេភាគី​ជាមួយ​កម្ពុជា ដូច្នេះ តើ​ថៃ កំពុង​ចង់​ធ្វើ​អន្តរជាតូបនីយកម្ម​លើ​តំបន់​ព្រំដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជាមួយ​កម្ពុជា ឬ​យ៉ាងណា។

ការ​សួរ​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​របស់​ប្រទេស​ថៃ បាន​រិះគន់​ពី​ការ​ប៉ុនប៉ង​លុប​អនុស្សរណៈ​យោគយល់​ទៅ​កាន់​រដ្ឋាភិបាល​ថៃ យ៉ាង​ចាស់ដៃ។

កាលពី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៦ ទំព័រ​ហ្វេសប៊ុក «Matichon Weekly» បាន​ផ្សាយ​សម្ដី​អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​សន្តិសុខ​របស់​ប្រទេស​ថៃ បណ្ឌិត Surachart Bamrungsuk ថា​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ថៃ ក្នុង​ការ​លុបចោល «MoU 44» ឬ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១ ជាមួយ​កម្ពុជា គឺ​ប្រៀប​ដូចជា​ការ​បង្កើត​ក្ដី​សុខ​ដល់​មនុស្ស​ក្នុង​សង្គម​ថៃ មួយ​ក្រុម ដែល​មាន​ទស្សនៈ​ជាតិ​និយម​ជ្រុល​ប៉ុណ្ណោះ។

ប្រភព​ដដែល លើកឡើង​ថា ការ​លុបចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ ត្រូវតែ​អនុវត្ត​តាម​វិធីសាស្ត្រ​នៃ​ការ​លុបចោល​កិច្ចសន្យា ដែល​បាន​កំណត់​ក្នុង​អនុសញ្ញា​ក្រុង​វីយែន ឆ្នាំ​១៩៦៩ មិនមែន​គ្រាន់តែ​ប្រកាស​ហើយ​ចាត់ទុក​ថា​បញ្ចប់ និង​លុបចោល​បាន​ភ្លាមៗ​នោះ​ទេ។ ជាក់ស្តែង ថៃ​ធ្លាប់​បាន​ប្រកាស​លុប MoU នេះ ម្តង​រួច​មក​ហើយ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៩ ប៉ុន្តែ​ត្រូវ​បរាជ័យ។

អ្នកជំនាញ​រូប​នេះ​ថា ការ​លុប MoU នេះ ដោយ​លើក​ហេតុផល​ដើម្បី​ប្រើប្រាស់​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS) វា​ហាក់ដូចជា​រឿង «គួរ​ឱ្យ​អស់សំណើច» ព្រោះ MoU នេះ បាន​ផ្អែក​លើ​ច្បាប់​សមុទ្រ​រួចស្រេច​ទៅ​ហើយ ប៉ុន្តែ​ប្រសិនបើ MoU នេះ ត្រូវ​បាន​លុប នោះ​នឹង​តម្រូវ​ឱ្យ​ភាគី​ទាំង​សងខាង​ត្រឡប់​មក​បង្កើត​ក្របខ័ណ្ឌ​ចរចា​ថ្មី​ក្នុង​លក្ខណៈ​នៃ «ក្របខ័ណ្ឌ​ចរចា​បណ្ដោះអាសន្ន» (Provisional Arrangement) វិញ ដែល​មិន​ខុស​ពី​ការ​ធ្វើ​អនុស្សរណៈ​យោគយល់​គ្នា​ដដែល​នេះ​ទេ។

បណ្ឌិត Surachart Bamrungsuk ពន្យល់​ថា MoU 44 ជា​យន្តការ​ក្នុង​ការ​ចរចា មិនមែន​ជា​សន្ធិសញ្ញា​អន្តរជាតិ​ក្នុង​ការ​បែងចែក​ផលប្រយោជន៍​ពី​ប្រេង និង​ហ្គាស៍​ធម្មជាតិ​ក្នុង​ឈូងសមុទ្រ​ថៃ ឡើយ ហើយ​ការ​លុបចោល MoU នេះ គឺជា​ការ​លុប​យន្តការ ឬ​ក្របខ័ណ្ឌ​ក្នុង​ការ​ចរចា និង​លុបចោល​គណៈកម្មការ​ដែល​កំពុង​ចរចា​ប៉ុណ្ណោះ។

លោក​បន្ត​ថា ការ​ចរចា​ក្រោម​ក្របខ័ណ្ឌ​អនុស្សរណៈ​នេះ នឹង​មិន​ប៉ះពាល់​ដល់​សិទ្ធិ​ទាមទារ​ដែនសមុទ្រ​របស់​ភាគី​ថៃ ដែល​មាន​តាំង​ពី​ដើម​មក​នោះ​ទេ ហើយ MoU នេះ ក៏​មិន​បាន​បង្កើត​ការ​ខូចខាត​ដល់​ការ​ទាមទារ​សិទ្ធិ​ដែនសមុទ្រ​របស់​ថៃ ដូច​ដែល​ការ​ឃោសនា​បំផ្លើស​របស់​ក្រុម​ជាតិ​និយម​ជ្រុល​នោះ​ដែរ។

ផ្ទុយទៅវិញ ការ​សម្រេច​ចិត្ត​របស់​នាយករដ្ឋមន្ត្រី​ថៃ ដើម្បី​យកចិត្ត​ក្រុម​ជាតិ​និយម​ជ្រុល និង​ដើម្បី​បង្ហាញ​ពី​ភាព​ជា «អ្នក​ជាតិ​និយម» ឱ្យ​ប្រជាជន​ក្នុង​សង្គម​បាន​ឃើញ បែរ​នាំ​ឱ្យ​ប៉ះពាល់​ដល់ «ផលប្រយោជន៍​ជាតិ» របស់​ថៃ យ៉ាង​ធ្ងន់ធ្ងរ​ទៅវិញ ព្រោះ​ការ​លុបចោល MoU នេះ គឺជា​ការ​បោះបង់​ចោល​ផលប្រយោជន៍​ដែនសមុទ្រ​របស់​ថៃ ទាំងស្រុង ក្នុង​ទិដ្ឋភាព​ច្បាប់​អន្តរជាតិ។

អ្នកជំនាញ​រូប​នេះ​ព្រមាន​ថា «នយោបាយ​ជាតិ​និយម​ជ្រុល» អាច​ប្រើប្រាស់​បាន​ខ្លះ​តែ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​យក​វា​មក​ធ្វើជា​កត្តា​ចម្បង​ក្នុង​ការ​កំណត់​នយោបាយ​ការបរទេស​របស់​ថៃ នោះ​វា​នឹង​បង្ក​ជា​បញ្ហា​លើស​ពី​ផល​ចំណេញ​ទៅវិញ។

ជុំវិញ​បញ្ហា​នេះ កាសែត​ថៃ Enquirer បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) កាលពី​ចុង​ខែ​មេសា ថា ថៃ​កំពុង​រៀបចំ​លុបចោល​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ ជាមួយ​កម្ពុជា ស្ដីពី​ការ​អះអាង​ដែនសមុទ្រ ដោយ​ប្តូរ​ទៅ​ប្រើ​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២ (UNCLOS) ជំនួស​វិញ។

ចំណែក​កាសែត​ថៃ The Nation បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) កាលពី​ថ្ងៃទី​២៨ មេសា ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១ (MOU 44) ដែល​មាន​អាយុកាល​ជាង ២០​ឆ្នាំ​ជាមួយ​កម្ពុជា មិន​ទាន់​មាន​ភាព​រីក​ចម្រើន​នោះ​ទេ ដូច្នេះ ថៃ​ត្រូវការ​រក​វិធីសាស្ត្រ​ដែល​សមស្រប​ជាង​នេះ។

កិច្ចព្រមព្រៀង​ឆ្នាំ​២០០១ រវាង​កម្ពុជា-ថៃ គឺជា​ការ​ឯកភាព​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ អំពី​ការ​អភិវឌ្ឍ​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ត្រួតស៊ីគ្នា (OCA) ក្នុង​ដែនសមុទ្រ​ជាប់​ព្រំដែន​កម្ពុជា-ថៃ ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ​២០០១ កន្លង​ទៅ ហើយ​បើ​គិត​មក​ទល់​នឹង​ពេលនេះ គឺ​មាន​រយៈពេល ២៥​ឆ្នាំ​ហើយ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស