នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រជាជនអឺរ៉ុបខាងកើតមានការព្រួយបារម្ភជាខ្លាំងពីចលនាដែលអាចនាំទៅរកសង្គ្រាមរុស្ស៊ី និងអង្គការយោធាណាតូ (NATO) ក្រោយពីការបញ្ចេញឯកសារមួយពីអង្គភាពចារកម្មសម្ងាត់របស់រុស្ស៊ី ដែលថាប្រទេសចំនួនបួននៅតំបន់បាល់តិច មានប្រទេសប៉ូឡូញ លីទុយអានី ឡាតវៀល និងអេស្តូនី គឺជាគោលដៅមុនគេដែលត្រូវប្រឈមមុខនឹងការវាយប្រហារពីមីស៊ីលរបស់រុស្ស៊ី បើក្រុងមូស្គូ សម្រេចធ្វើសង្គ្រាមជាមួយនឹងក្រុម NATO។
ទាក់ទិននឹងស្ថានភាពនេះ រដ្ឋអំណាចនៃប្រទេសរុស្ស៊ី កំពុងបើកយុទ្ធនាការឃោសនាសួរមតិប្រជាជនថា តើយល់ឃើញដូចម្ដេច បើរុស្ស៊ី មានសង្គ្រាមជាមួយនឹងក្រុមអង្គការយោធា NATO ដែលអាចនឹងនាំឲ្យមានសង្គ្រាមដ៏ធំ។
នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានសិក្សាសង្គ្រាម ISW ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ដែលសារព័ត៌មាន RBC-Ukraine បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា។
តាមប្រភពព័ត៌មាន RBC Ukraine រដ្ឋអំណាចនៅទីក្រុងមូស្គូ បានប្រាប់ប្រជាជនថា បើផ្ទុះសង្គ្រាមជាមួយនឹងក្រុមយោធា NATO គឺជាសង្គ្រាមទ្រង់ទ្រាយធំ ហើយមានរយៈពេលយូរ។
ជាមួយគ្នានេះ អ្នកសារព័ត៌មានម្នាក់នៃរបបក្រុងមូស្គូ គឺលោក Pavel Zarubin បានប្រាប់វិទ្យាស្ថានសិក្សាសង្គ្រាម ISW ថា នៅថ្ងៃទី៩ ខែឧសភា ខាងមុខនេះ ជាទិវាជ័យជម្នះរបស់រុស្ស៊ី លើរបបអាល្លឺម៉ង់ណាហ្ស៊ីអ៊ីត្លែរ ដែលមេដឹកនាំពិភពលោកនឹងមកចូលរួមពិធីនេះនៅក្រុងមូស្គូ គឺពេលនោះហើយដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នឹងថ្លែងពីស្ថានភាពតានតឹងនៅអឺរ៉ុបដែលកើតចេញពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។
តែជាមួយគ្នានេះ លោក Lavrov បានចោទក្រុមប្រទេសអឺរ៉ុបរួចទៅហើយថា កំពុងញុះញង់ឱ្យផ្ទុះសង្គ្រាមណាហ្ស៊ី ក្នុងទ្វីបអឺរ៉ុប តែចំពោះរុស្ស៊ី បានខិតខំប្រឹងប្រែងបញ្ចៀសនូវចលនាណាហ្ស៊ីនិយមដែលមិនឲ្យមានសង្គ្រាមនៅអឺរ៉ុប។
ក្រុមវិទ្យាស្ថានសិក្សាសង្គ្រាមបានហៅសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីរុស្ស៊ី ថាជាយុទ្ធនាការឃោសនាប្រើរយៈពេលយូរក្នុងសង្គ្រាមចិត្តសាស្ត្ររបស់ទីក្រុងមូស្គូ ប៉ុន្តែទីក្រុងមូស្គូ ឆក់ឱកាសនៃទិវាជ័យជម្នះ ៩ឧសភា រំឭកអំពីគុណសម្បត្តិរបស់ខ្លួនដែលជាអ្នកខ្លាំងក្នុងការផ្ដួលរលំរបបណាហ្ស៊ីអាល្លឺម៉ង់ ហើយគោលដៅតែមួយគត់ គឺគំរាមអឺរ៉ុប និងណាតូ។
បើតាមអ្នកវិភាគរបស់វិទ្យាស្ថានសិក្សាសង្គ្រាម វិមានក្រឹមឡាំង កំពុងតែឃោសនារកសំឡេងគាំទ្រចេញពីប្រជាជនរបស់ខ្លួនមុនទិវា ៩ឧសភា ប្រារព្ធធ្វើឡើងនៅខែក្រោយនេះទាក់ទងទៅនឹងសង្គ្រាមនាបច្ចុប្បន្ននេះជាមួយនឹងអ៊ុយក្រែន ដែលនាំឱ្យរុស្ស៊ី ស្ថិតក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ពួកបស្ចិមប្រទេសយ៉ាងធ្ងន់ធ្ងរ។
ទីក្រុងមូស្គូ ចង់ប្រាប់ពិភពលោកថា អ្វីៗក៏រុស្ស៊ីអាចទប់ទល់បានដែរ បើទោះបីជារុស្ស៊ី រងទណ្ឌកម្មរបស់ពួកបស្ចិមប្រទេសក៏ដោយ។ ដូច្នេះ រុស្ស៊ីកំពុងធ្វើសង្គ្រាមលើទឹកដីអ៊ុយក្រែន ក៏ដើម្បីបង្ក្រាបកម្លាំងរបស់ណាហ្ស៊ីនៅអឺរ៉ុបផងដែរ។
វិទ្យាស្ថានសិក្សាសង្គ្រាមមើលឃើញថា ប្រទេសនៅអឺរ៉ុបខាងកើត និងតំបន់បាល់តិច អាចនឹងត្រូវរុស្ស៊ី លើកទ័ពចូលលុកលុយឈ្លានពានដូចនឹងប្រទេសអ៊ុយក្រែន ដែរ ក្នុងនោះមានដូចជា ប្រទេសអេស្តូនី ឡាតវៀល លីទុយអានី ម៉ូលដាវី ហ្វាំងឡង់ និងប៉ូឡូញ។ តែប្រទេសទាំងនេះភាគច្រើនជាសមាជិកនៃអង្គការយោធាណាតូ លើកលែងតែម៉ូលដាវី មួយប៉ុណ្ណោះ ដែលមិនទាន់ក្លាយជាសមាជិកណាតូ ហើយក៏មិនទាន់ក្លាយជាសមាជិកអឺរ៉ុបនៅឡើយដែរ។
ជាមួយគ្នានេះ បើយោងតាមក្រុមចារកម្មនៃប្រទេសអាល្លឺម៉ង់ ប្រទេសរុស្ស៊ី បានត្រៀមលក្ខណៈសង្គ្រាមទ្រង់ទ្រាយធំរួចរាល់ហើយជាមួយនឹង NATO ដែលលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរបស់រុស្ស៊ី ចង់ឱបក្រសោបយកប្រទេសអតីតរដ្ឋសហភាពសូវៀតទាំងនោះត្រឡប់មកវិញ ប៉ុន្តែប៉ូឡូញ និងហ្វាំងឡង់ មិនធ្លាប់ជារដ្ឋរបស់សហភាពសូវៀត នោះទេ។
តើប្រទេសទាំង ៦ នេះ បានត្រៀមរួចហើយឬនៅដើម្បីទប់ទល់សង្គ្រាមពីរុស្ស៊ី?
ចាប់តាំងពីសង្គ្រាមរបស់រុស្ស៊ី ផ្ទុះនៅលើទឹកដីអ៊ុយក្រែន ប្រទេសជិតខាងអ៊ុយក្រែនទាំងអស់បានពង្រឹងកងទ័ពរបស់ខ្លួនយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ក្រុមប្រទេស NATO ដែលមានសក្ដានុពលផ្នែកយោធា ក៏បានបញ្ជូនកងទ័ពរបស់ពួកគេមកដាក់ពង្រាយលើទឹកដីនៃប្រទេសសមាជិករបស់ខ្លួនដែលមានព្រំដែនជាប់នឹងអ៊ុយក្រែន និងរុស្ស៊ី ដែរ។
ប្រទេសអង់គ្លេស បារាំង អាមេរិក កាណាដា ហុឡង់ដ៍ បែលហ្ស៊ិក អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀត បានបញ្ជូនទ័ពរបស់ពួកគេទៅដាក់ពង្រាយនៅអឺរ៉ុបខាងកើត ព្រោះតែបារម្ភពីសង្គ្រាមរបស់រុស្ស៊ី អាចធ្លាយចេញពីប្រទេសអ៊ុយក្រែន។
បើតាមអតីតអគ្គលេខាធិការអង្គការយោធា លោក Jen Stoltenberg កម្លាំង NATO នៅអឺរ៉ុបខាងកើតដែលត្រៀមដើម្បីសង្គ្រាមជាមួយនឹងរុស្ស៊ី បើរុស្ស៊ីបង្កសង្គ្រាមចេញពីអ៊ុយក្រែន គឺមានទ័ពដល់ទៅ ១លាននាក់ ហើយ NATO មានកម្លាំងទ័ពសរុបរបស់ខ្លួន ៣លាន ៣សែននាក់ ក្នុងនោះអាមេរិកមាន ១លាន ៣សែននាក់។
ថ្មីៗនេះ អគ្គលេខាធិការថ្មីរបស់អង្គការយោធាណាតូ លោក ម៉ាក រុតេ បានព្រមានទៅទីក្រុងមូស្គូ កុំឱ្យជ្រុលជ្រួសឱ្យសោះក្នុងការបង្កសង្គ្រាមជាមួយសមាជិកណាតូ។ លោកថា បើ NATO ណាមួយធ្លាក់ក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី វាស្មើនឹង NATO ទាំងមូលចូលពាក់ព័ន្ធនឹងសង្គ្រាមរបស់រុស្ស៊ី។
បើតាមលោក ម៉ាក រុតេ មាត្រា៥ នៃលក្ខន្តិកៈយោធាណាតូ តម្រូវឱ្យប្រទេសណាតុទាំង ៣២ប្រទេស រួមកម្លាំងគ្នាដើម្បីការពារសមាជិករបស់ខ្លួន បើប្រទេសណាមួយត្រូវបានឈ្លានពាន។
ហេតុអ្វីបានជារុស្ស៊ី ចង់បង្កសង្គ្រាមជាមួយនឹងណាតូ?
អ្វីដែលអ្នកសង្កេតការណ៍មើលឃើញពីរលកទៅរកសង្គ្រាមជាថ្មីមួយទៀតនៅអឺរ៉ុប គឺទីក្រុងមូស្គូ ក្រោមការដឹកនាំរបស់បុរសខ្លាំង វ៉្លាឌីមៀ ពូទីន កំពុងសាកល្បងថា តើរដ្ឋការរបស់លោក ដូណាល់ ត្រាំ ប្រកាន់ជំហរបែបណាដើម្បីជួយសម្ព័ន្ធភាពនៅអឺរ៉ុប បើអឺរ៉ុបធ្លាក់ក្នុងសង្គ្រាមជាមួយនឹងរុស្ស៊ី ព្រោះរដ្ឋការរបស់លោក ដូណាល់ ត្រាំ និងលោក ដូណាល់ ត្រាំ ផ្ទាល់ បានបញ្ជាក់ជំហរថាអាមេរិកនឹងមិនជួយការពារសន្តិសុខអឺរ៉ុបទៀតនោះទេ ព្រោះអាមេរិកកំពុងតែបោះជំហានទៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយថាអឺរ៉ុបត្រូវតែពង្រឹងសន្តិសុខប្រឈមមុខជាមួយនឹងរុស្ស៊ី ដោយខ្លួនឯង គឺមិនត្រូវពឹងផ្អែកលើអាមេរិកច្រើនពេកនោះទេ។
ទំនងដូចនេះហើយបានជាទីក្រុងមូស្គូ កំពុងតែធ្វើយុទ្ធនាការបញ្ឆេះព័ត៌មានចិត្តសាស្ត្រចង់បង្កសង្គ្រាមធ្លាយចេញពីអ៊ុយក្រែន ចូលអឺរ៉ុបខាងកើត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

