អង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី អំពាវនាវឱ្យតុលាការកំពូលកម្ពុជា ពិនិត្យសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះ ស្របពេលដែលតុលាការនឹងដំណើរការសវនាការនៅថ្ងៃពុធនេះ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ មេសា នេះថា ទោះលោកមិនសង្ឃឹមថាតុលាការនឹងផ្តល់យុត្តិធម៌ឱ្យសកម្មជនបរិស្ថានទាំងនេះក៏ដោយ ក៏លោកនៅតែបន្តជំរុញឱ្យតុលាការពិនិត្យលើសំណុំរឿងយុវជនទាំងនេះឡើងវិញដែរ ព្រោះពួកគេត្រូវបានឃុំខ្លួនទាំងអយុត្តិធម៌។
លោកបន្តថា បើជនរងគ្រោះទាំងនោះទទួលបាននូវយុត្តិធម៌ តុលាការកម្ពុជាក៏នឹងទទួលបាននូវការចាប់អារម្មណ៍ពីពលរដ្ឋ អង្គការជាតិ និងអន្តរជាតិ រួមទាំងទទួលបាននូវការជឿជាក់លើការអនុវត្តច្បាប់ និងធានានូវប្រព័ន្ធយុត្តិធម៌របស់កម្ពុជាផងដែរ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរក្នុងប្រទេសអូស្ត្រាលី រូបនេះបញ្ជាក់ថា ផ្ទុយទៅវិញ បើតុលាការនៅតែមិនអាចផ្តល់យុត្តិធម៌ដល់អ្នកទាំងនោះបានទេ នោះកម្ពុជាក៏នឹងនៅតែជាប់ឈ្មោះអាក្រក់បន្តទៀតដែរ ខណៈប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់របស់ខ្លួនក៏នៅតែមិនទទួលបានទំនុកចិត្តពីពលរដ្ឋដែរ។
កាលពីថ្ងៃទី២១ ខែមេសា ចលនាមាតាធម្មជាតិ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយអំពាវនាវឱ្យពលរដ្ឋចូលរួមគាំទ្រ និងលើកទឹកចិត្តសកម្មជនបរិស្ថានទាំង ៥នាក់ ដែលនឹងត្រូវចូលរួមសវនាការនៅតុលាការកំពូល នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។
សកម្មជនចលនាមាតាធម្មជាតិ ទាំង ៥នាក់ រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក យីម លាងហ៊ី ត្រូវបានតុលាការឃុំខ្លួនទាំងអយុត្តិធម៌អស់រយៈពេល ១៩៥ថ្ងៃហើយ បើគិតមកទល់នឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះ។
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្ដន្ទាទោសលើសកម្មជនចលនាមាតាធម្មជាតិ ទាំង ៥នាក់ ពីបទរួមគំនិតក្បត់ដើម្បីផ្តួលរំលំរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ កាលពីឆ្នាំ២០២១ ដែលត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារចន្លោះពី ៦ឆ្នាំដល់ ៨ឆ្នាំ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

