35.9 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​វិមាន​ក្រឹមឡាំង​ព្រមាន​អំពី​ដំណើរ​សង្គ្រាម​អ៊ុយក្រែន​ក្លាយ​ជា​សង្គ្រាម​លោក​លើក​ទី​៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ជិតស្និទ្ធ​នឹង​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បន្ត​ចេញ​សារ​ព្រមាន​ថា ប្រទេស​រុស្ស៊ី នៅតែ​មាន​សិទ្ធិ​ក្នុង​ការ​វាយប្រហារ​ទៅ​លើ​ការ​ឈ្លានពាន​ពី​ក្រុម​បស្ចិម​ប្រទេស ដោយ​អាវុធ​នុយក្លេអ៊ែរ បើ​គេ​បញ្ជូន​កងកម្លាំង​អឺរ៉ុប​ទៅ​ដាក់​ពង្រាយ​លើ​ទឹកដី​អ៊ុយក្រែន ហើយ​ថា​ជា​សញ្ញា​ទៅ​រក​សង្គ្រាម​លោក​លើក​ទី​៣។

មន្ត្រី​ជាន់ខ្ពស់​របស់​លោក ពូទីន ម្នាក់​នេះ គឺ​លោក Sergey Shoigu ជា​លេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី ដែល​ធ្លាប់​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី។ លោក Sergey Shoigu ក៏​ជា​អ្នក​ជួយ​ធ្វើ​ផែនទី​សង្គ្រាម​របស់​លោក ពូទីន ដែល​លើក​កងទ័ព​ទៅ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ដែល​នាំ​ឱ្យ​ផ្ទុះ​សង្គ្រាម​ជាង ៣​ឆ្នាំ​មក​ដល់​ពេលនេះ។

តាម​ទស្សនាវដី្ត Newsweek លោក Sergey Shoigu បាន​ព្រមាន​ដូចនេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​ទីភ្នាក់ងារ​ព័ត៌មាន Tass របស់​រុស្ស៊ី ចុះផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៥។ លោក Sergey Shoigu ឱ្យ​ដឹង​ថា ការ​បញ្ជូន​ទ័ព​អឺរ៉ុប​ទៅ​ប្រទេស​អ៊ុយក្រែន ទោះ​ជា​ក្នុង​នាម​ជា «កង​រក្សា​សន្តិភាព» ក៏ដោយ ក៏​វា​នៅតែ​ជា​កងទ័ព​អឺរ៉ុប និង​ណាតូ (NATO) ដដែល។

តាម​លោក Sergey Shoigu ក្រុង​មូស្គូ កំពុង​តាម​មើល​ពី​ចលនា​របស់​អឺរ៉ុប នៅ​ក្រោម​ពាក្យ​ថា «ក្រុម​ចម្រុះ​សុច្ឆន្ទៈ» ស្អី​គេ​នោះ វា​ជា​កម្លាំង​ទ័ព​មួយ​លាក់​ខ្លួន​ធ្វើ​ជា​កងកម្លាំង​សន្តិភាព តែ​ធាតុ​ពិត​វា​ជា​កម្លាំង​ទ័ព NATO អឺរ៉ុប។

លេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី លោក Sergey Shoigu លើកឡើង​ថា ពាក្យ​ថា «កង​រក្សា​សន្តិភាព» កំពុង​ត្រូវ​បាន​គេ​ប្រើ​ធ្វើ​ជា​លេស​ដើម្បី​បិទបាំង​គោលបំណង​ដែល​ការពិត គឺជា​ផែនការ​ដាក់​ពង្រាយ​ទ័ព​ទៅ​គ្រប់គ្រង​លើ​អ៊ុយក្រែន ហើយ​បើ​មាន​ការ​ចល័ត​ទ័ព​អឺរ៉ុប​ចូល​អ៊ុយក្រែន នឹង​នាំ​ឲ្យ​មាន​ការ​ប៉ះទង្គិច​ដោយ​ផ្ទាល់​រវាង NATO និង​រុស្ស៊ី ហើយ​វា​នឹង​ឈាន​ដល់​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​៣។

កង​រក្សា​សន្តិសុខ​នៃ​ក្រុម​ចម្រុះ​សុច្ឆន្ទៈ​នេះ ត្រូវ​គេ​ដឹង​ថា​ជា​ផែនការ​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស និង​ប្រធានាធិបតី​បារាំង ដែល​ចេញ​មុខ​ក្នុង​ការ​ប្រមែប្រមូល​កងទ័ព​បង្កើត​ជា «ក្រុម​ចម្រុះ​សុឆន្ទៈ» ដើម្បី​បញ្ជូន​ទៅ​អ៊ុយក្រែន ក្នុង​គោលបំណង​រក្សា​សន្តិសុខ​នៅ​ពេល​ណា​រុស្ស៊ី និង​អ៊ុយក្រែន ឈាន​ដល់​កិច្ចព្រមព្រៀង​សន្តិភាព។

នាយករដ្ឋមន្ត្រី​អង់គ្លេស Keir Starmer អះអាង​ថា ដើម្បី​ធានា​សន្តិសុខ​នៅ​អ៊ុយក្រែន ក្រុម​ចម្រុះ​នេះ​មិនមែន​ត្រឹមតែ​ដាក់​ទ័ព​រាប់​ម៉ឺន​នាក់​ទេ ប៉ុន្តែ​ក៏​នឹង​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ហោះ​តាម​ឃ្លាំមើល​ស្ថានភាព លម្ហ​អាកាស និង​លម្ហ​សមុទ្រ​ទៀត​ផង។ តែ​តាម​លោក Keir Starmer កងកម្លាំង​សន្តិសុខ​នេះ​ត្រូវ​ដាក់​ពង្រាយ​តែ​នៅ​ទីតាំង​សំខាន់ៗ ដូចជា​តាម​កំពង់ផែ តាម​ទីក្រុង នៅ​តំបន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ តំបន់​សមុទ្រ ទន្លេ និង​តាម​ព្រំដែន​អ៊ុយក្រែន ជាប់​នឹង​ប្រទេស​បេឡារុស្ស ដែល​នៅ​លើ​ទឹកដី​បេឡារុស្ស មាន​ទ័ព​រុស្ស៊ី ជាច្រើន​ពាន់​នាក់។

តែ​សារ​ព្រមាន​របស់​លេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី លោក Sergey Shoigu មិនមែន​ជា​រឿង​ថ្មី​ពេក​ទេ ព្រោះ​កន្លង​មក​សូម្បីតែ​លោក ពូទីន ក៏​បាន​ចេញ​សារ​ព្រមាន​ដូចនេះ​ដែរ។ អ្វី​ដែល​រុស្ស៊ី ចេះ​តែ​គំរាម​ទៅ​រក​សង្គ្រាម​លោក គេ​អាច​និយាយ​បាន​ថា មាន​តែ​អាវុធ​នុយក្លេអ៊ែរ​តែ​មួយ​គត់​ដែល​រុស្ស៊ី នៅ​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង ពូទីន ហ៊ាន​ផ្ទុះ​សង្គ្រាម​ជាមួយ​នឹង NATO ហើយ​នាំ​ទៅ​រក​សង្គ្រាម​លោក ព្រោះ​អាវុធ​ប្រល័យ​លោក​នេះ រុស្ស៊ី​មាន​ដល់​ទៅ​ជិត ៦០០០​គ្រាប់។

យ៉ាងណា ការ​ព្រមាន​ជា​ថ្មី​ម្ដង​ទៀត​របស់​វិមាន​ក្រឹមឡាំង ពី​ការ​ផ្ទុះ​សង្គ្រាម​លោក បាន​នាំ​ឱ្យ​មាន​កិច្ចពិភាក្សា​មួយ​រវាង​ប្រធានាធិបតី លោក ដូណាល់ ត្រាំ និង​អគ្គលេខាធិការ​នៃ​អង្គការ NATO លោក Mark Rutte។

លោក Mark Rutte បាន​និយាយ​ថា សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​យល់ស្រប​គ្នា​ថា រុស្ស៊ី​កំពុង​គំរាមកំហែង​រយៈពេល​វែង។ តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​មេសា ឆ្នាំ​២០២៥ លោក Rutte បាន​ប្រាប់​អ្នក​សារព័ត៌មាន​ខាង​ក្រៅ​សេតវិមាន​ថា សមាជិក NATO យល់ស្រប​ថា រុស្ស៊ី​កំពុង​ដាក់​ផែនការ​គំរាមកំហែង​រយៈពេល​វែង​ទៅ​លើ​សមាជិក NATO ទៅ​លើ​ទឹកដី​អឺរ៉ុប និង​តំបន់​អាត្លង់ទិច​ទាំងមូល។

រុស្ស៊ី បាន​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​ចំនួន​ពីរ​ទៅ​អ៊ុយក្រែន តាមរយៈ​សហរដ្ឋ​អាមេរិក គឺ​ទី​មួយ អ៊ុយក្រែន​ត្រូវ​ត្រៀម​ចិត្ត​ថា​នឹង​មាន​ការ​ប្រគល់​ទឹកដី​មួយ​ចំនួន​ទៅ​ឱ្យ​រុស្ស៊ី ជា​ថ្នូរ​នឹង​សន្តិភាព និង​ទី​២ ឈប់​ចង់​ចូល​ជា​សមាជិក​របស់​អង្គការ NATO។ លក្ខខណ្ឌ​ទាំង​ពីរ​របស់​រុស្ស៊ី ត្រូវ​បាន​គេ​រក​ឃើញ​ដាក់​បញ្ចូល​ក្នុង​ផែនការ​សន្តិភាព​របស់​លោក ដូណាល់ ត្រាំ។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​និយាយ​ថា រុស្ស៊ី​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​អ៊ុយក្រែន។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សហរដ្ឋ​អាមេរិក CBS News លោក Sergei Lavrov បាន​ឱ្យ​ដឹង​ថា លោក ដូណាល់ ត្រាំ បាន​យល់ព្រម​នូវ​លក្ខខណ្ឌ​ទាំង​ពីរ​នេះ ហើយ​សម្រាប់​រុស្ស៊ី បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ដ៏​ទូលំទូលាយ បើ​អ៊ុយក្រែន យល់ព្រម។ តែ​ផ្ទុយទៅវិញ អ៊ុយក្រែន​បាន​ច្រានចោល​ទាំងស្រុង។ ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​ប្រាប់​សារព័ត៌មាន​ថា ទោះ​ជា​លោក​មាន​ឋានៈ​ជា​ប្រធានាធិបតី​ក៏ដោយ ក៏​លោក​គ្មាន​បុព្វសិទ្ធិ​កាត់​ទឹកដី​ឱ្យ​អ្នក​ឈ្លានពាន​នោះ​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស