នាវាចម្បាំងកងទ័ពសហព័ន្ធរុស្ស៊ី ចំនួន ៣គ្រឿង សំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ខណៈនាវាកងទ័ពវៀតណាម មួយគ្រឿង កំពុងចូលចតនៅមូលដ្ឋានទ័ពជើងទឹករាម។
អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួន ៣គ្រឿង បានចូលមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ៩ព្រឹកថ្ងៃទី២៨ ខែមេសា ដែលដឹកនាំដោយលោកវរនាវីឯក Aleksei Antsiferov នាយសេនាធិការនៃផ្នែកនាវានៅលើផ្ទៃទឹកកងនាវាប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ី។
ប្រភពដដែលបានអះអាងថា កងនាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ី ចំនួន ៣គ្រឿង មាននាវិកសរុបចំនួន ២៦២នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងបំណងធ្វើទស្សនកិច្ចនៅកម្ពុជា ចំនួន ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ ក្រុមនាវិកនៃនាវាចម្បាំងរុស្ស៊ី ក៏នឹងមានកម្មវិធីលេងកីឡាជាមិត្តភាព បាល់ទះ និងបាល់ទាត់ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមផងដែរ។
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នាវាកងទ័ពជើងទឹកវៀតណាម មួយគ្រឿង ដឹកនាំដោយវរនាវីឯកបម្រុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានតំបន់៥ នៃកងទ័ពជើងទឹកវៀតណាម ក៏បានចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាមដែរ។ ការចូលចតរបស់នាវាវៀតណាម ពេលនេះ ក្នុងដំណើរមកចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារល្បាតរួមលើកទី៣៥ នៅមូលដ្ឋានទ័ពសមុទ្ររាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
នាវារបស់វៀតណាម គឺជានាវាបរទេសទី២ ដែលត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម។ នាវានៃកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន ពីរគ្រឿង គឺជាភ្ញៀវទី១ ដែលបានចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម បន្ទាប់ពីផែរាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៥ ខែមេសា។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត បានបង្ហើបឲ្យដឹងថា បន្ទាប់ពីមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ គឺនឹងមាននាវាចម្បាំងបរទេស រួមមានវៀតណាម រុស្ស៊ី ឥណ្ឌា និងអាមេរិក នឹងចូលសំចតនៅទីនោះ។
កាលពីឆ្នាំ២០២២ រដ្ឋាភិបាលចិន បានសម្រេចជួយកម្ពុជាក្នុងការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម។ នៅក្នុងប្រតិបត្តិការធ្វើទំនើបកម្មកាលណោះ មានអគារជាច្រើនដែលជាមូលនិធិរបស់អាមេរិក ត្រូវបានកម្ទេចចោល ដើម្បីជំនួសឲ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីដែលជាជំនួយរបស់ចិន។ បន្ទាប់ពីបានចំណាយពេលជួសជុលរយៈពេល ៤ឆ្នាំ មូលដ្ឋានកងទ័ពជើងទឹករាម ត្រូវបានសម្ពោធនៅថ្ងៃទី៥ មេសា ហើយកងទ័ពជើងទឹកកម្ពុជា និងចិន ក៏បានបើកសមយុទ្ធរួមគ្នាភ្លាមៗដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

