28.8 C
Phnom Penh

អ៊ីរ៉ង់​សងសឹក​ដោយ​ការ​បាញ់​នាវា​ដឹក​ប្រេង​អាមេរិក ក្រោយពី​អាមេរិក​បាញ់​ពន្លិច​នាវាចម្បាំង​អ៊ីរ៉ង់​នៅ​តំបន់​សមុទ្រ​ឥណ្ឌា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ អះអាង​ថា កងទ័ព​ជើងទឹក​របស់​ខ្លួន​បាន​វាយប្រហារ​នាវា​ដឹក​ប្រេង​របស់​សហរដ្ឋ​អាមេរិក នៅ​ភាគ​ខាងជើង​តំបន់​ឈូងសមុទ្រ​ពែក្ស នៅ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ មីនា នេះ។

កង​ឆ្មាំ​បដិវត្តន៍​ប្រកាស​ថា នាវា​យោធា និង​នាវា​ពាណិជ្ជកម្ម​ដែល​ជា​កម្មសិទ្ធិ​របស់​អាមេរិក ឬ​អ៊ីស្រាអែល និង​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឆ្លងកាត់​ឡើយ។ កង​កម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បញ្ជាក់​ថា «ប្រសិនបើ​នាវា​ទាំងនោះ​ត្រូវ​បាន​ប្រទះ​ឃើញ​កំពុង​បើក​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz ឬ​តំបន់​សមុទ្រ​ពែក្ស ពួក​វា​នឹង​រង​ការ​វាយប្រហារ។»

តាម​ទីភ្នាក់ងារ​ព័ត៌មាន Tasnim របស់​អ៊ីរ៉ង់ ឲ្យ​ដឹង​ថា កង​កម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ធ្លាប់​បាន​និយាយ​ពី​មុន​មក​ហើយ​ថា ផ្អែក​លើ​ច្បាប់ និង​ដំណោះស្រាយ​អន្តរជាតិ នៅ​ពេល​មាន​សង្គ្រាម អ៊ីរ៉ង់​មាន​សិទ្ធិ​ដើម្បី​គ្រប់គ្រង​ការ​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz។

អ៊ីរ៉ង់ បាញ់​នាវា​ដឹក​ប្រេង​អាមេរិក ជា​ការ​សងសឹក​ចំពោះ​អាមេរិក​ដែល​បាញ់​ពន្លិច​នាវាចម្បាំង​អ៊ីរ៉ង់ នៅ​តំបន់​សមុទ្រ​ឥណ្ឌា កាលពី​ថ្ងៃទី​៤ ខែ​មីនា ដោយ​នាវាមុជទឹក​របស់​សហរដ្ឋ​អាមេរិក ដែល​សម្លាប់​មនុស្ស​ជាង ៨០​នាក់។

ក្រោយពី​ការ​វាយប្រហារ​ភ្លាម រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Pete Hegseth ប្រកាស​ថា នាវាមុជទឹក​អាមេរិក បាន​បាញ់​ពន្លិច​នាវាចម្បាំង​អ៊ីរ៉ង់ IRIS Dena មួយ​គ្រឿង​នៅ​ក្បែរ​ឆ្នេរសមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​ស្រីលង្កា នៃ​តំបន់​សមុទ្រ​ឥណ្ឌា ដោយ​ប្រើប្រាស់​គ្រាប់​មីស៊ីល Torpedo ដែល​លោក Pete Hegseth ចាត់ទុក​ថា​ជា «ការ​ស្លាប់​ដោយ​ស្ងៀមស្ងាត់​បំផុត»

អនុរដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ស្រីលង្កា បាន​បញ្ជាក់​ថា មនុស្ស​យ៉ាងហោចណាស់ ៨៣​នាក់ បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ ខណៈ​នាវា​រងគ្រោះ​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ពី​សមុទ្រ​ឥណ្ឌា ឆ្ពោះ​ទៅ​អ៊ីរ៉ង់ វិញ បន្ទាប់ពី​ទើប​បញ្ចប់​ការ​ចូលរួម​សមយុទ្ធ​កងទ័ព​ជើងទឹក​នៅ​តំបន់​ឈូងសមុទ្រ Bengal ចន្លោះ​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៥ ខែ​កុម្ភៈ ជាមួយ​នឹង​ប្រទេស​ស្រីលង្កា។

ប៉ុន្តែ​អ្នក​សង្កេតការណ៍​បាន​ហៅ​ការ​បាញ់​ពន្លិច​នាវាចម្បាំង​អ៊ីរ៉ង់ ដោយ​នាវាមុជទឹក​សហរដ្ឋ​អាមេរិក ថា​ការ​បញ្ជូន​សារ​ព្រមាន​ដ៏​ច្បាស់លាស់​មួយ​របស់​ទីក្រុង​វ៉ាស៊ីនតោន បង្ហាញ​ពី​ការ​ពង្រីក​វិសាលភាព​សង្គ្រាម​ខាងក្រៅ​តំបន់​មជ្ឈិមបូព៌ា។

ជាមួយ​គ្នា​នេះ មេទ័ព​ម្នាក់​របស់​អ៊ីរ៉ង់ ប្រកាស​មិន​ចុះចាញ់​សង្គ្រាម​ដាច់ខាត ដោយ​សច្ចា​ធ្វើ​សង្គ្រាម​រហូត​អាមេរិក ទទួលស្គាល់​ថា​ខ្លួន​មាន​កំហុស។

ឧត្ដមសេនីយ៍ Kioumars Heydari បាន​ប្រកាស​ប្ដេជ្ញា​ថា អ៊ីរ៉ង់​នឹង​មិន​បោះបង់​ចោល​សង្គ្រាម​នា​ពេល​នេះ​ឡើយ រហូត​ទាល់តែ​សម្រេច​គោលដៅ ហើយ​ធ្វើ​ឱ្យ​អាមេរិក​ទទួលស្គាល់​ចំពោះ​ទង្វើ​របស់​ខ្លួន​ដែល​បាន​រំលោភ​ច្បាប់​អន្តរជាតិ។

ឧត្ដមសេនីយ៍ Kioumars Heydari គឺជា​មេបញ្ជាការរង​នៃ​ទីបញ្ជាការ​កណ្តាល Khatam al-Anbia របស់​កងកម្លាំង​ប្រដាប់​អាវុធ​អ៊ីរ៉ង់។ លោក​បញ្ជាក់​ថា បើ​ទោះជា​សង្គ្រាម​នេះ​នឹង​បន្ត​អូស​បន្លាយ​ពេល​យូរ​ប៉ុនណា ក៏​អ៊ីរ៉ង់​នៅតែ​បន្ត​ប្រយុទ្ធ​ជានិច្ច។

លោក Kioumars Heydari អួត​ថា អ៊ីរ៉ង់​នឹង​បញ្ចប់​សង្គ្រាម​នេះ លុះត្រាតែ​សម្រេច​បាន​គោលដៅ​ទាំងអស់ ហើយ​សត្រូវ​ត្រូវតែ​ស្តាយ​ក្រោយ និង​ទួញ​សោក​ចំពោះ​ទង្វើ​របស់​ខ្លួន។

តែ​ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល លោក Israel Katz អះអាង​ថា សមភាគី​អាមេរិក លោក Pete Hegseth បាន​បញ្ជាក់​ប្រាប់​លោក​ថា ទីក្រុង​វ៉ាស៊ីនតោន នៅតែ​បន្ត​គាំទ្រ​យ៉ាង​រឹងមាំ​ចំពោះ​ប្រតិបត្តិការ​យោធា​រួម​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ប្រឆាំង​ទៅ​នឹង​អ៊ីរ៉ង់ គឺ​បន្ត​ប្រតិបត្តិការ​នេះ​រហូត​ដល់​ទី​បញ្ចប់។

បើ​តាម​លោក Pete Hegseth សហរដ្ឋ​អាមេរិក ត្រូវ​វាយ​ឱ្យ​ឈ្នះ​សង្គ្រាម​មួយ​នេះ​ទាល់តែ​បាន។

សង្គ្រាម​នៅ​មជ្ឈិមបូព៌ា បាន​បន្ត​ដល់​ថ្ងៃទី​៦ ហើយ គិត​ចាប់តាំងពី​អ៊ីស្រាអែល និង​អាមេរិក បាន​រួម​ដៃ​គ្នា​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​យ៉ាង​ខ្លាំងក្លា​លើ​ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ ដែល​បណ្តាល​ឱ្យ​ស្លាប់​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ គឺ​លោក អាយ៉ាតូឡា អាលីខេមេនៃ និង​ឧត្ដមសេនីយ៍​ជាច្រើន​នាក់។

ប៉ុន្តែ​ជា​ការ​សងសឹក អ៊ីរ៉ង់​បាន​វាយប្រហារ​តប​វិញ​ដោយ​បាញ់​មីស៊ីល​រាប់​រយ​គ្រាប់ និង​ដ្រូន​ជាច្រើន​ពាន់​គ្រឿង​ទៅ​លើ​លើ​អ៊ីស្រាអែល និង​ទៅ​លើ​បណ្តា​ប្រទេស​ក្នុង​តំបន់​ណា​ដែល​មាន​វត្តមាន​ទ័ព​សហរដ្ឋ​អាមេរិក។

ក្នុង​ស្ថានភាព​សង្គ្រាម​ដែល​គេ​មើល​ឃើញ​អ៊ីរ៉ង់​រងគ្រោះ​យ៉ាង​ខ្លាំង មន្ត្រី​យោធា​អ៊ីរ៉ង់​ម្នាក់​ព្រមាន​វាយប្រហារ​ទៅ​លើ​ទីតាំង​នុយក្លេអ៊ែរ Dimona របស់​អ៊ីស្រាអែល ប្រសិនបើ​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក ព្យាយាម​ផ្លាស់ប្ដូរ​របប​ដឹកនាំ​តេហេរ៉ង់។

ទាំង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និយាយ​ថា​គោលដៅ​នៃ​សង្គ្រាម នោះ​គឺ​បង្កើត​លក្ខខណ្ឌ​មួយ​ឱ្យ​ប្រជាជន​អ៊ីរ៉ង់ ឈាន​ដល់​ការ​ផ្ដួល​រំលំ និង​ផ្លាស់ប្ដូរ​របប​ដឹកនាំ​នៅ​អ៊ីរ៉ង់។

បើ​តាម​សារព័ត៌មាន The Jerusalem Post លោក ត្រាំ អះអាង​ពី​ការ​វាយ​ឱ្យ​ឈ្នះ ហើយ​បិទ​បញ្ចប់​សង្គ្រាម​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ តែ​ចំពោះ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​អ៊ីស្រាអែល បាន​អះអាង​ថា អាមេរិក​នឹង​បន្ត​ប្រយុទ្ធ​រហូត​ទាល់តែ​មាន​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​នៅ​អ៊ីរ៉ង់។

យោង​តាម​អង្គការ​សិទ្ធិមនុស្ស​អ៊ីរ៉ង់ HRANA ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ជនស៊ីវិល​ដែល​បាន​ស្លាប់​កើន​ដល់ ១១១៤​នាក់ ភាគច្រើន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ចាប់តាំងពី​អាមេរិក និង​អ៊ីស្រាអែល បាន​រួម​គ្នា​បើក​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំងក្លា ហើយ​បង្ក​ជា​សង្គ្រាម​រីក​រាលដាល​នៅ​មជ្ឈិមបូព៌ា។ អង្គការ HRANA បាន​បន្ថែម​ថា ក្នុង​នោះ​មាន​កុមារ ១៨៣​នាក់៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស