ខួប ៥០ឆ្នាំនៃជ័យជម្នះក្នុងសង្គ្រាមយៀកណាម ដើម្បីបង្រួបបង្រួមប្រទេសយៀកណាមខាងជើងកុម្មុយនីស្ត និងយៀកណាមខាងត្បូងសេរី ជាមួយនឹងមហាអំណាចសហរដ្ឋអាមេរិក នាថ្ងៃទី៣០ មេសា គេសង្កេតឃើញវត្តមានប្រធានគណបក្សប្រជាជនកម្ពុជា ឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលអ្នកដឹកនាំយៀកណាមបង្កើតនៅឆ្នាំ១៩៥១ ជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងអនុប្រធានបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី និងអភិវឌ្ឍន៍មាតុភូមិ ជាប្រធានសមាគមមិត្តភាពកម្ពុជា-យៀកណាម ជាឧត្ដមទីប្រឹក្សាព្រះមហាក្សត្រខ្មែរ អ្នកស្រី ម៉ែន សំអន ចូលរួមប្រារព្ធអបអរសាទរយ៉ាងអធិកជាមួយនឹងមេដឹកនាំលាវ លោក ថងលុន ស៊ីស៊ូលីត។
អ្នកដឹកនាំនៃប្រទេសបងប្អូនបីនាក់ បានប្ដេជ្ញាជួយគ្នាទៅវិញទៅមកគ្រប់វិស័យ។ ក្នុងខួប ៥០ឆ្នាំនៃទិវារំដោះសាធារណរដ្ឋយៀកណាម ឬយៀកណាមខាងត្បូងនាថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ នោះ មានការចុះកិច្ចព្រមព្រៀងមួយចំនួនរវាងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី ផាម មីញជីញ លេខាបក្ស តូ ឡាំ រដ្ឋមន្ត្រីការបរទេស ប៊ុយ ថាញ់សឺន ប្រធានសភាប្រជាជន ត្រាន់ ថាញ់ម៉ាន់។
ក្នុងរយៈពេលនៃទស្សនកិច្ចចូលរួមខួប ៥០ឆ្នាំពីអ្នកដឹកនាំបក្សប្រជាជនកម្ពុជា រដ្ឋអំណាចយៀកណាម បានបញ្ជូននាវាល្បាត ២គ្រឿងទៅសំចតនៅកំពង់ផែដែលចិនស្ថាបនានៅរាម រយៈពេលបីថ្ងៃ ហើយបានចាកចេញទៅវិញកាលពីថ្ងៃអង្គារ។
តាមសារព័ត៌មានយៀកណាម និងសារព័ត៌មានបរទេសផ្សេងទៀតដែលឲ្យដឹងនៅថ្ងៃពុធ ទី៣០ ខែមេសា នេះ នាវាល្បាតលេខ២៦១ ជាប្រភេទនាវាផលិតនៅអតីតសហភាពសូវៀត លំដាប់ Svetlyak ប្រើដោយកងការពារឆ្នេរសមុទ្រសូវៀត រួចតមករុស្ស៊ី និងលក់ឲ្យប្រទេសពីរប្រើ គឺយៀកណាម និងស្លូវើនៀ។ នាវាល្បាតយៀកណាម ប្រដាប់ដោយអាវុធកាំភ្លើងយន្ត និងមីស៊ីលកម្ទេចនាវាចម្បាំងដូចគ្នាចេញពីមូលដ្ឋាននាវាចរណ៍យៀកណាមទី៥ ប្រចាំទីតាំងខេត្តកាម៉ៅ និងមានភារកិច្ចការពារដែនសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ខេត្តគៀនយ៉ាង និងកោះភូគួក ឬកោះត្រល់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

