លោក ហ៊ុន ម៉ាណែត អួតអំពីលម្ហសេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៥ ថាកាន់តែមានសណ្ដាប់ធ្នាប់ ខណៈអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន Reporters Without Borders (RSF) បានដាក់ចំណាត់ថ្នាក់ឱ្យកម្ពុជាលេខ ១៦១ សម្រាប់ឆ្នាំ២០២៥ នេះ។
លោក ហ៊ុន ម៉ាណែត ចេញលិខិតក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា កាលពីថ្ងៃទី១ ឧសភា ថា កម្ពុជាបានចាត់ទុកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមអភិវឌ្ឍជាតិ ពង្រឹងចំណេះដឹងពលរដ្ឋ និងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងតម្លាភាពសង្គមផងដែរ។
លោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយ និងលើកកម្ពស់សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ពលរដ្ឋ និងនាំយកព័ត៌មានពីពលរដ្ឋមករាជរដ្ឋាភិបាលវិញ។
កូនប្រុសមេដឹកនាំបក្សកាន់អំណាចរូបនេះ បញ្ជាក់ថា ដើម្បីពង្រឹងតួនាទីវិស័យព័ត៌មានឱ្យកាន់តែសកម្ម និងប្រកបដោយគុណភាព ជាកញ្ចក់ឆ្លុះបញ្ចាំងការពិតក្នុងសង្គម អ្នកសារព័ត៌មានត្រូវចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ និងត្រូវលុបបំបាត់ជនឱកាសនិយមដែលជ្រកក្រោមស្លាកសារព័ត៌មានឱ្យបានដាច់ខាត។
ចំណែកក្រសួងព័ត៌មាន បានសេចក្តីប្រកាសព័ត៌មានស្ដីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥» ដោយបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មានទូទាំងប្រទេស ចំនួន ៨១,៤% ដែលត្រូវបានសម្ភាស និយាយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។
ការអះអាងនេះ ធ្វើឡើងផ្ទុយពីការមើលឃើញរបស់មជ្ឈដ្ឋានជាតិ និងអន្តរជាតិនានាដែលគេចាត់ទុកសេរីភាពសារព័ត៌មាននៅកម្ពុជាបានរលាយបាត់ទៅហើយនោះ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន Reporters Without Borders (RSF) បានចេញផ្សាយពីសន្ទស្សន៍សេរីភាពសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី២ ខែឧសភា នេះថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៦១ ក្នុងចំណោមប្រទេសចំនួន ១៧៨ នៅលើពិភពលោក។ ចំណាត់ថ្នាក់នេះ បង្ហាញថា កម្ពុជាបានធ្លាក់ចុះនូវសេរីភាពចំនួន ១០លេខ បើធៀបនឹងឆ្នាំ២០២៤ ដែលកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១៥១។
របាយការណ៍ដដែលបង្ហាញថា ថៃ ជាប់លេខ៨៥ ម៉ាឡេស៊ី ជាប់លេខ៨៨ ហ្វីលីពីន ជាប់លេខ១១៦ សិង្ហបុរី ជាប់លេខ១២៣ ឥណ្ឌូនេស៊ី ជាប់លេខ១២៧ ឡាវ ជាប់លេខ១៥០ វៀតណាម ជាប់លេខ១៧៣ និងភូមា ជាប់លេខ១៦៩៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

