កាលពីថ្ងៃទី០៩ ខែឧសភា នេះ ប្រទេសរុស្ស៊ី តែមួយគត់ធ្វើពិធីរំឭកខួប ៨០ឆ្នាំនៃការបិទបញ្ចប់សង្គ្រាមលោកលើកទី២ ក្រោយពីផ្ដួលរំលំកងទ័ពហ៊ីត្លែរអាល្លឺម៉ង់។ សង្គ្រាមលោកលើកទី២ នេះ ដែលផ្ទុះឡើងពីឆ្នាំ១៩៤០ ដល់ឆ្នាំ១៩៤៥ គឺផ្ទុះចេញពីប្រទេសអាល្លឺម៉ង់ ដែលកាលនោះស្ថិតនៅក្រោមការគ្រប់គ្រងដោយ អាដុល ហ៊ីត្លែរ ជាមេដឹកនាំផ្ដាច់ការបំផុតនៅអឺរ៉ុប។
អាល្លឺម៉ង់ បើកការវាយប្រហារដើម្បីគ្រប់គ្រងដែនដីលើប្រទេសជាច្រើននៅអឺរ៉ុប ដែលក្នុងនោះ រាប់ទាំងកងទ័ពអាល្លឺម៉ង់ វាយចូលប្រទេសរុស្ស៊ី ដែលសម័យនោះហៅថាសូវៀត ប៉ុន្តែកងទ័ព អាដុល ហ៊ីត្លែរ ត្រូវបានវាយបំបាក់ឱ្យចាញ់សង្គ្រាមដោយកម្លាំងរួបរួមរបស់ប្រទេសនៅអឺរ៉ុប។
យ៉ាងណា មានតែសូវៀត តែមួយគត់ជាកម្លាំងធំជាងគេនៅអឺរ៉ុប ដែលត្រូវគេមើលឃើញថាអាចជួយវាយផ្ដួលរំលំកងទ័ព អាដុល ហ៊ីត្លែរ។ នេះជាការអះអាងរបស់អ្នកវិទ្យាសាស្ដ្រនយោបាយដែលលម្អៀងទៅរករុស្ស៊ី។
នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ១៩៤៥ ដែលគិតមកដល់ពេលនេះមានរយៈពេល ៨០ឆ្នាំ។ រុស្ស៊ី អះអាងថា ខ្លួនយកឈ្នះសង្គ្រាមលើណាហ្ស៊ីអាល្លឺម៉ង់។ ដូច្នេះ រុស្ស៊ី កំណត់យកថ្ងៃទី០៩ ខែឧសភា សម្រាប់ការចងចាំរបស់ខ្លួនជាថ្ងៃបញ្ចប់សង្គ្រាមលោកលើកទី២។
ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ រុស្ស៊ី ត្រូវបានគេមើលឃើញថាកំពុងតែដើរតួជំនួសរបបហ៊ីត្លែរទី២ នៅអឺរ៉ុប ជាពិសេសគឺលោក ពូទីន ប្រធានាធិបតីរុស្ស៊ី បច្ចុប្បន្ននេះ ដែលលើកទ័ពចូលទៅបង្កសង្គ្រាមឈ្លានពានលើប្រទេសអ៊ុយក្រែន ជាប្រទេសជិតខាងរបស់ខ្លួន។
សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន មកដល់ពេលនេះកាន់តែធ្ងន់ធ្ងរឡើងៗ គឺជាង ៣ឆ្នាំមកហើយដែលប្រទេសទាំងពីរប្រយុទ្ធគ្នាសុទ្ធតែអាវុធទំនើបៗ មានទាំងអាវុធអេឡិចត្រូនិក ដូចជាដ្រូន ដែលជាយន្ដហោះគ្មានមនុស្សបើក និងការវាយប្រហារគ្នាដោយបាញ់គ្រាប់មីស៊ីល ដោយបាញ់ប្រហារគ្នាសឹងតែរាល់ថ្ងៃ។
នៅក្នុងការរៀបចំព្រឹត្តិការណ៍រំឭកជ័យជម្នះថ្ងៃទី០៩ ឧសភា បញ្ចប់របបអាល្លឺម៉ង់ហ៊ីត្លែរ និងបញ្ចប់សង្គ្រាមលោកលើកទី២ មានការកត់សម្គាល់ឃើញថា លម្ហអាកាសនៃប្រទេសរុស្ស៊ី ស្ថិតនៅក្នុងស្ថានភាពផុយស្រួយបំផុត ដោយសារតែការហោះហើររបស់ដ្រូនអ៊ុយក្រែន វាយប្រហារទៅលើប្រទេសជិតខាងមួយនេះ។
រយៈពេលដែលរុស្ស៊ី កំពុងធ្វើពិធីជ័យជម្នះរបស់ខ្លួននេះ ដ្រូនរបស់អ៊ុយក្រែន នៅតែបន្តបើកការវាយប្រហារទៅលើទីក្រុងមូស្គូ ដែលនាំឱ្យរដ្ឋាភិបាលរុស្ស៊ី បិទជើងហោះហើរប្រមាណជា ៦០០ដងជាមួយនឹងអ្នកដំណើរជាង ៦ម៉ឺននាក់ ខកខានការធ្វើដំណើរចេញពីក្រុងមូស្គូ និងហោះចូលរដ្ឋធានីរបស់ប្រទេសមហាអំណាចមួយនេះត្រូវបានខកខាន ខណៈប្រតិភូមកចូលរួមត្រូវបានរាយការណ៍មកថាភាគច្រើនបង្វែរការហោះហើរ ធ្វើយ៉ាងណាគេចចេញពីការតាមប្រមាញ់របស់ដ្រូនអ៊ុយក្រែន។
យោងតាមអ្នកជំនាញ និងក្រុមវិទ្យាសាស្ត្រនយោបាយអំពីសង្គ្រាម បានឱ្យដឹងថា ទីក្រុងមូស្គូ បើទោះជាមានភាពអ៊ឹកធឹកជាមួយនឹងការបង្ហាញសព្វាវុធ ក្បួនកងទ័ពយ៉ាងសម្បើមក៏ដោយ ប៉ុន្តែទីក្រុងមួយនេះបានដាក់ពង្រាយខែលការពារដែនអាកាសរហូតដល់ទៅ ២៨០គ្រឿង ដើម្បីចាំបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែន។
តាមបណ្ដាញផ្សាយព័ត៌មាននៃប្រទេសអ៊ុយក្រែន លម្ហអាកាសនៃទីក្រុងមូស្គូ ចង្អៀតយ៉ាងណែនដោយសារតែយន្តហោះរបស់រុស្ស៊ី ហោះតាមចាប់រូបភាព និងកម្ទេចដ្រូនដែលហោះចេញពីប្រទេសអ៊ុយក្រែន ជាមួយនឹងការព្យាយាមការពារសុវត្ថិភាពរបស់ប្រតិភូបរទេសដែលមកចូលរួមព្រឹត្តិការណ៍ ៩ ឧសភា។
ប៉ុន្តែពិធីរំឭកខួប ៨០ឆ្នាំនៃជ័យជម្នះរបស់សូវៀត ផ្ដួលរំលំកងទ័ពណាហ្ស៊ីអាល្លឺម៉ង់ ដែលឈានដល់ការបិទបញ្ចប់សង្គ្រាមលោកលើកទី២ គេសង្កេតឃើញមេដឹកនាំដែលបានទៅចូលរួមពិធីរបស់ទីក្រុងមូស្គូ នេះ ភាគច្រើនរកឃើញសុទ្ធតែប្រទេសដែលប្រកាន់របបកុម្មុយនីស្ត របបផ្ដាច់ការនិយម របបយោធានិយម រាប់ទាំងបណ្ដាមេដឹកនាំទាំងឡាយណាដែលជ្រកក្រោមឥទ្ធិពលរបស់ទីក្រុងមូស្គូ។ មេដឹកនាំប្រទេសជាច្រើនពីតំបន់អាស៊ី រួមមាន ចិន វៀតណាម ភូមា និងជាពិសេសប្រទេសនៅតំបន់អាស៊ីកណ្តាល ដែលធ្លាប់ស្ថិតនៅក្រោមសហភាពសូវៀត។ ប្រទេសទាំងនោះបានបញ្ជូនកងកម្លាំងចូលរួមក្បួនព្យុហយាត្រាដ៏ធំមិនធ្លាប់មាន។
ក្នុងចំណោមមេដឹកនាំប្រទេសនានាដែលបានបញ្ជាក់បានចូលរួមក្នុងព្រឹត្តិការណ៍ខួប ៨០ឆ្នាំនៅប្រទេសរុស្ស៊ី នេះ គេសង្កេតឃើញមានវត្តមានមេដឹកនាំដ៏មានឥទ្ធិពលមួយចំនួន ដូចជា ប្រធានាធិបតីចិន ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah El-Sisi ប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro ជាដើម។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អតីតយុទ្ធជនក្នុងសម័យសង្គ្រាម ភ្ញៀវ និងមេដឹកនាំបរទេសចំនួន ២៧ បានចូលរួមវេទិកាមើលក្បួនដង្ហែពីកន្លែងត្រួតពិនិត្យកណ្តាលនៅទីលានក្រហម។
រដ្ឋមន្ត្រីការពារជាតិ Andrey Belousov ពិនិត្យមើលក្បួនដង្ហែដែលត្រូវបានបញ្ជាដោយអគ្គមេបញ្ជាការកងទ័ពជើងគោក Oleg Salyukov។
អ្នកសង្កេតការណ៍ចាត់ទុកការរំឭកខួប ៨០ឆ្នាំនៃជ័យជម្នះរបស់សូវៀត ដែលលោក វ៉្លាឌីមៀ ពូទីន រៀបចំឡើងដោយមានក្បួនព្យុហយាត្រាកងទ័ពដ៏ធំមិនធ្លាប់មាន ថាតើអាចស័ក្ដិសមឬទេដែលរុស្ស៊ី ជាប្រទេសមហាអំណាចយោធាលើកទ័ពប៉ុនប៉ងបញ្ចប់របបដឹកនាំនៅអ៊ុយក្រែន ជាប្រទេសទន់ខ្សោយមួយ បែរជាមិនអាចយកជ័យជម្នះបាន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

