28.8 C
Phnom Penh

អាជ្ញាធរ​គ្រោង​ដំឡើង​ឧបករណ៍​ការពារ​រន្ទះ​បន្ថែម​នៅ​តាម​ប្រាសាទ បន្ទាប់ពី​មាន​បាតុភូត​រន្ទះ​បាញ់​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​សៀមរាប នឹង​ដំឡើង​បន្ថែម​ទៀត​នូវ​ឧបករណ៍​ការពារ​រន្ទះ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត និង​នៅ​តាម​បណ្តា​ប្រាសាទ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែល​មាន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ច្រើន បន្ទាប់ពី​មាន​បាតុភូត​រន្ទះ​បាញ់​បណ្ដាល​ឱ្យ​បុរស​ម្នាក់​ស្លាប់ ហើយ​មនុស្ស ១៤​នាក់​ទៀត​បាន​រង​របួស។

នាយក​រដ្ឋបាល​ខេត្ត​សៀមរាប លោក លី វណ្ណៈ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្រុម​ការងារ​បាន​រក​ឃើញ​ថា​អាជ្ញាធរ​ជាតិ​អប្សរា បាន​បំពាក់​ឧបករណ៍​ការពារ​រន្ទះ​បាន​មួយ​ចំនួន​ធំ​ហើយ ប៉ុន្តែ​វា​មិន​ទាន់​គ្របដណ្ដប់​ពេញលេញ​ដូចជា​នៅ​តាម​ផ្លូវ​ដើរ ជាដើម។

លោក លី វណ្ណៈ បន្ថែម​ថា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា បាន​ដឹកនាំ​ក្រុម​ការងារ​កង​វិស្វកម្ម ដើម្បី​ពិនិត្យ​មើល​ថា តើ​មាន​អ្វី​ខ្លះ​ដែល​អាច​បំពេញ​បន្ថែម​ទៀត​នៅ​ចំណុច​ណា​ដែល​ខ្វះខាត។ លោក​ថា ក្រុម​ការងារ​គ្រោង​ដាក់​នៅ​តាម​ប្រាសាទ​ជាច្រើន ជាពិសេស​ប្រាសាទ​ដែល​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​ច្រើន។

លោក ទៀ សីហា បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា ប្រជុំ​ពិភាក្សា​គ្នា​លម្អិត​បន្ថែម​ទៀត ដើម្បី​កំណត់​ទីតាំង​ជាក់លាក់​ក្នុង​ការ​ដំឡើង​ឧបករណ៍​ការពារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ។

កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៥ មាន​ករណី​រន្ទះ​បាញ់​នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត បណ្ដាល​ឱ្យ​មាន​បុរស​ម្នាក់​ស្លាប់ និង​របួស ១៤​នាក់។ អ្នក​ស្លាប់​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្ត​សៀមរាប។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល ៤​ខែ ឆ្នាំ​២០២៥ នេះ គ្រោះ​រន្ទះ​បាញ់​បាន​កើត​ឡើង​ចំនួន ៣០​លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ១២​នាក់ របួស ១៦​នាក់ ខូចខាត​ផ្ទះ​ចំនួន ៦​ខ្នង និង​ងាប់​គោ​ក្របី​ចំនួន ២១​ក្បាល បើ​ធៀប​ទៅ​នឹង​រយៈពេល ៤​ខែ​ដូច​គ្នា​ឆ្នាំ​២០២៤ កន្លង​ទៅ ឃើញ​ថា​មាន​ការ​កើន​ឡើង ៤​ដង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស