អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៩ ឧសភា ដោយជំរុញនាយករដ្ឋមន្ត្រីជប៉ុន លោក ស្ហ៊ីកេរុ អ៊ីស្ហ៊ីបា (Shigeru Ishiba) បរិហារបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក្នុងពេលដែលលោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នាចុងខែឧសភា នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញផ្សាយថ្ងៃទី១៩ ខែឧសភា Human Rights Watch បានកត់សម្គាល់ឃើញថា រដ្ឋាភិបាលកម្ពុជាកាន់តែបង្កើនការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិជួបជុំ និងសិទ្ធិការងាររបស់ពលរដ្ឋ ហើយហ៊ានដល់បង្ក្រាបសំឡេងរិះគន់ឆ្លងដែន ដូចជានៅប្រទេសជប៉ុន ជាដើម។
មន្ត្រីកម្មវិធីប្រចាំតំបន់អាស៊ីរបស់អង្គការ Human Rights Watch លោក តេប៉ៃ កាហ្សៃ បានលើកឡើងក្នុងរបាយការណ៍ថា ក្នុងនាមជាម្ចាស់ជំនួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា រដ្ឋាភិបាលជប៉ុន ត្រូវតែផ្ញើសារច្បាស់លាស់ទៅកាន់រដ្ឋាភិបាលកម្ពុជាថា ការគោរពសិទ្ធិមនុស្ស គឺជាស្នូលនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន។
លោក តេប៉ៃ កាហ្សៃ លើកឡើងថា ការឱបដៃ ឬការធ្វើមិនដឹងមិនឮរបស់រដ្ឋាភិបាលជប៉ុន ចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជា គឺជាការបើកភ្លើងខៀវឲ្យរដ្ឋាភិបាលកម្ពុជា បន្តយុទ្ធសាស្ត្រគាបសង្កត់ និងរំលោភបំពានសិទ្ធិមនុស្សខ្លាំងឡើងៗ។
លោក ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ច និងជួបជជែកពិភាក្សាការងារជាមួយលោក Shigeru Ishiba នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន និងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្ដីពី “អនាគតរបស់អាស៊ី” នៅទីក្រុងតូក្យូ នាចុងខែឧសភា ខាងមុខនេះ។
លោក ហៃ វណ្ណា ដែលជាអតីតប្រធានក្រុមយុវជនបក្សប្រឆាំងនៅប្រទេសជប៉ុន និងដែលធ្លាប់តែបានដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជានាពេលកន្លងមក នៅពេលនេះបានចេញវីដេអូប្រកាសគាំទ្រ និងស្វាគមន៍វត្តមានរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ទឹកដីជប៉ុន ជាថ្មី។
ទោះជាយ៉ាងណាក៏ដោយ ក្រុមយុវជន និងពលករខ្មែរទាំងប្រុសទាំងស្រីប្រមាណ ៥០០នាក់ក្នុងប្រទេសជប៉ុន កំពុងរង់ចាំធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលជប៉ុន បង្កកទ្រព្យសម្បត្តិត្រកូលហ៊ុន ទាមទារឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់ និងទាមទារឲ្យបើកលម្ហប្រជាធិបតេយ្យនៅកម្ពុជា៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

