34.5 C
Phnom Penh

លោក ពូទីន ចុះ​ទៅ​តំបន់​រំដោះ ខណៈ​សហភាព​អឺរ៉ុប​និង​អង់គ្លេស​បន្ថែម​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅ​ថ្ងៃ​ពុធ ទី​២១ ខែ​ឧសភា នេះ បាន​ធ្វើ​ទស្សនកិច្ច​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ទៅ​កាន់​តំបន់ Kursk ខាង​ក្នុង​ព្រំដែន​របស់​រុស្ស៊ី ដែល​ជា​លើក​ទី​មួយ​របស់​បុរស​ខ្លាំង​វិមាន​ក្រឹមឡាំង រូប​នេះ​ចាប់តាំងពី​កងទ័ព​រុស្ស៊ី បាន​រុញច្រាន​កងទ័ព​អ៊ុយក្រែន ដែល​បាន​លើក​ទ័ព​បំបែក​ខ្សែ​ការពារ​ព្រំដែន​រុស្ស៊ី ហើយ​វាយ​កាន់កាប់​ផ្នែក​ខ្លះ​នៃ​តំបន់​នេះ កាលពី​ក្នុង​ខែ​សីហា ឆ្នាំ​២០២៤ ដែល​មាន​រយៈពេល​ជិត​មួយ​ឆ្នាំ ទើប​តំបន់ Kursk ធ្លាក់​ក្នុង​ដៃ​ទ័ព​រុស្ស៊ី វិញ។

វីដេអូ​របស់​ក្រុម​អ្នក​យក​ព័ត៌មាន​ឱ្យ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី បាន​បង្ហាញ​ពី​រូបភាព​ដែល​លោក ពូទីន បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​មួយ​ចំនួន រួម​នឹង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នៅ​ក្នុង​តំបន់ Kursk ដែល​គេ​បាន​ឃើញ​មន្ត្រី​ជាន់ខ្ពស់​វិមាន​ក្រឹមឡាំង​អម​ដំណើរ​លោក ពូទីន ស្ថិត​ក្នុង​អគារ​រោងចក្រ​នេះ ជាមួយ​នឹង​មន្ត្រី​ក្នុង​តំបន់ Kursk មក​ចូល​ជួប​នឹង​លោក ពូទីន ដូចជា​អភិបាល​តំបន់​ស្តីទី លោក Aleksandr Khinshtein។

វិមាន​ក្រឹមឡាំង បាន​និយាយ​ថា អំឡុង​ទស្សនកិច្ច​នេះ លោក ពូទីន បាន​ជួប​ជាមួយ​អង្គការ​ស្ម័គ្រចិត្ត​ក្នុង​តំបន់ Kursk ហើយ​លោក​ក៏​បាន​ទៅ​ពិនិត្យ​មើល​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ Kursk-II។ លោក​ត្រូវ​បាន​អមដំណើរ​ដោយ​លោក Sergei Kiriyenko ដែល​ជា​នាយ​រង​ខុទ្ទកាល័យ​វិមាន​ក្រឹមឡាំង។

កងទ័ព​អ៊ុយក្រែន បាន​បើក​ការ​លុកលុយ​កាលពី​ខែ​សីហា ឆ្នាំ​មុន ក្នុង​ការ​វាយប្រហារ​ដ៏​ក្លាហាន​មួយ​ដែល​មាន​គោលដៅ​ចាប់​យក​ដែនដី​ខាង​ក្នុង​ទឹកដី​រុស្ស៊ី ជា​តំបន់​រណប​យោធា​របស់​ខ្លួន។ ទីក្រុង Kyiv និយាយ​ថា កងទ័ព​របស់​ខ្លួន​បាន​វាយ​គ្រប់គ្រង​លើ​ផ្ទៃដី​ប្រហែល ១៤០០​គីឡូម៉ែត្រ​ការ៉េ។

តែ​យ៉ាងណា កាលពី​ខែ​មុន ទីក្រុង​មូស្គូ អះអាង​ថា កងទ័ព​ខ្លួន​ដែល​សហការ​ជាមួយ​កងទ័ព​កូរ៉េខាងជើង បាន​វាយ​បណ្តេញ​កងទ័ព​អ៊ុយក្រែន ចេញពី​ដែនដី​តំបន់ Kursk ដោយ​បាន​បញ្ចប់​ការ​លុកលុយ​របស់​កងទ័ព​ជិតខាង​មួយ​នេះ។ តែ​យ៉ាងណា អ៊ុយក្រែន នៅតែ​ប្រកាស​ថា កងទ័ព​របស់​ខ្លួន​មិន​បាន​ដក​ទ័ព​ចេញពី​ខាង​ព្រំដែន​តំបន់ Kursk ទាំងស្រុង​នៅឡើយ​ទេ។

ដ្បិត​ដូចនេះ​ក្ដី អ្នកជំនាញ​កិច្ចការ​ភូមិសាស្ត្រ​នយោបាយ វាយ​បន្ថោក​ទីក្រុង​មូស្គូ ថា​ដោយសារ​តែ​មាន​ចំណុច​ខ្សោយ ទើប​ទ័ព​អ៊ុយក្រែន មាន​ឱកាស​វាយ​បំបែក​ខ្សែ​ការពារ​ព្រំដែន​ដោយ​កាន់កាប់​ទឹកដី​របស់​មហាអំណាច​មួយ​នេះ គឺជា​លើកដំបូង​ចាប់តាំងពី​សង្គ្រាម​លោក​លើក​ទី​២។

ដំណើរ​ទស្សនកិច្ច​របស់​លោក ពូទីន កើតឡើង​ចំ​ពេល​មាន​ការ​ចោទប្រកាន់​ថា លោក​កំពុង​ផ្អាក​កិច្ចចរចា​សន្តិភាព​ដែល​ជា​គោលដៅ​មួយ​គេ​ថា​លោក ពូទីន ពង្រឹង​អំណាច​របស់​រុស្ស៊ី នៅ​ឯ​តុ​ចរចា។

តែ​ផ្ទុយទៅវិញ សង្គ្រាម​របស់​លោក ពូទីន បាន​កំពុង​ធ្វើ​ឱ្យ​រុស្ស៊ី បាត់បង់​ទ័ព​ដ៏​ច្រើន​បំផុត​ក្នុង​សង្គ្រាម​ប៉ុនប៉ង​ដើម្បី​លេប​យក​ទឹកដី​អតីត​សហភាព​សូវៀត​ដូច​គ្នា​ចាប់តាំងពី​សង្គ្រាម​លោក​លើក​ទី​២។

ចំ​ពេល​ដែល​លោក ពូទីន ចុះ​ទៅ​តំបន់​រំដោះ​ដែល​កងទ័ព​រុស្ស៊ី វាយ​យក​បាន​ពី​កងទ័ព​អ៊ុយក្រែន សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស ប្រកាស​បន្ថែម​ទណ្ឌកម្ម​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​លើ​របប​នៅ​ទីក្រុង​មូស្គូ។

សហភាព​អឺរ៉ុប បាន​អនុម័ត​កញ្ចប់​ទណ្ឌកម្ម​ថ្មី​ទី​១៧ ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន ដោយ​បាន​ផ្ដោត​គោលដៅ​នៃ​ក្រុម​កងនាវា​ដឹក​ប្រេង​របស់​ទីក្រុង​មូស្គូ និង​នាវា​ប្រទេស​ផ្សេងៗ​ទៀត។

ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប អ្នកស្រី Kaja Kallas បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម X ថា៖ «សហភាព​អឺរ៉ុប បាន​អនុម័ត​កញ្ចប់​ទណ្ឌកម្ម​ទី​១៧ របស់​ខ្លួន​ប្រឆាំង​នឹង​រុស្ស៊ី ដោយ​កំណត់​គោលដៅ​លើ​កង​នាវា​ជិត ២០០​គ្រឿង​ដែល​ដឹក​ប្រេង និង​ឧស្ម័ន​ពី​រុស្ស៊ី។»

អ្នកស្រី​ក៏​បាន​ព្រមាន​បន្ថែម​ថា៖ «ទណ្ឌកម្ម​កាន់តែ​ច្រើន​លើ​រុស្ស៊ី កំពុង​ត្រូវ​បាន​រៀបចំ ហើយ​កាលណា​រុស្ស៊ី ធ្វើ​សង្គ្រាម​កាន់តែ​យូរ ការ​ដាក់​ទណ្ឌកម្ម​របស់​អឺរ៉ុប​កាន់តែ​តឹងរ៉ឹង និង​ធ្ងន់ធ្ងរ។»

កញ្ចប់​ទណ្ឌកម្ម​ថ្មី​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហភាព​អឺរ៉ុប និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច ក្នុង​ការ​បង្ក្រាប​ជាបន្តបន្ទាប់​ទៅ​លើ​ក្រុម​នាវា​ដឹក​ប្រេង​របស់​រុស្ស៊ី និង​ក្រុម​នាវា​ពី​ប្រទេស​ផ្សេងៗ​ដែល​ចូល​ទៅ​ដឹក​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី ទៅ​តាម​ការ​ស្នើ​ទិញ​ពី​ប្រទេស​ដែល​មិន​ចូលរួម​គាំទ្រ​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​របប​នៅ​ទីក្រុង​មូស្គូ។

ចំណែក​ចក្រភព​អង់គ្លេស ក៏​បាន​អនុម័ត​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅ​លើ​រុស្ស៊ី ផង​ដែរ។ ចក្រភព​អង់គ្លេស បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​មួយ​ទៀត​របស់​ខ្លួន​ទៅ​លើ​វិស័យ​យោធា ថាមពល និង​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី ដែល​ជា​ការ​បង្កើន​សម្ពាធ​លើ​ទីក្រុង​មូស្គូ ដោយ​មាន​ការ​សម្របសម្រួល​ជាមួយ​សហភាព​អឺរ៉ុប។

នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Keir Starmer និង​មេដឹកនាំ​សហភាព​អឺរ៉ុប ក៏​បាន​រួម​គ្នា​អំពាវនាវ​ឲ្យ​រដ្ឋការ​លោក ត្រាំ ចូលរួម​ដាក់​ទណ្ឌកម្ម​កាន់តែ​តឹងរ៉ឹង បន្ទាប់ពី​កិច្ច​សន្ទនា​រវាង​លោក ត្រាំ និង​លោក ពូទីន កាលពី​ថ្ងៃ​ចន្ទ​ក្នុង​សប្ដាហ៍​នេះ បាន​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់។

ការ​ដាក់​ទណ្ឌកម្ម​ជាបន្តបន្ទាប់​ពី​សំណាក់​សហភាព​អឺរ៉ុប និង​អង់គ្លេស រួម​ទាំង​ក្រុម​ប្រទេស​ឧស្សាហកម្ម G-7 មាន​គោលដៅ​រុញច្រាន​កម្លាំង​សេដ្ឋកិច្ច​រុស្ស៊ី ឱ្យ​ចុះ​ទន់ខ្សោយ​កាន់តែ​ខ្លាំង ដែល​ជា​គោលដៅ​គាបសង្កត់​ក្រុង​មូស្គូ ឲ្យ​បញ្ឈប់​សង្គ្រាម​ឈ្លានពាន​របស់​ខ្លួន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស