កាលពីថ្ងៃទី២២ ខែឧសភា ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលពីប្រទេសឧស្សាហកម្ម G7 បានជួបប្រជុំគ្នានៅទីក្រុង Banff ប្រទេសកាណាដា។
ក្នុងកិច្ចប្រជុំនៃក្រុមក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 សម្រេចបាននូវការចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដោយសន្យាជាមួយគ្នាជាថ្មីម្ដងទៀត ដោយកំណត់គោលដៅរួមគ្នាក្នុងការប្រឆាំងសង្គ្រាមដោយប្រទេសរុស្ស៊ី នៅប្រទេសអ៊ុយក្រែន ជាមួយនឹងសន្យាបន្តដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចប្រទេសរុស្ស៊ី រហូតដល់ដំណាក់កាលចុងក្រោយ គឺរុស្ស៊ី ព្រមបញ្ចប់សង្គ្រាម និងទទួលសងការខូចខាតទៅឱ្យប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មាន TVP World នៅថ្ងៃទី២៣ ឧសភា នេះ។
ក្នុងសេចក្ដីថ្លែងការណ៍នៃក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលពីប្រទេសឧស្សាហកម្ម G7 បានសង្កត់ធ្ងន់ គឺការប្ដេជ្ញាចិត្តពួកគេក្នុងការផ្អឹបទុក និងរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី រហូតដល់កិច្ចព្រមព្រៀងសន្តិភាពត្រូវបានសម្រេចនៅប្រទេសអ៊ុយក្រែន ហើយទីក្រុងមូស្គូ ផ្តល់សំណងសម្រាប់ការខូចខាតដែលក្រុងមូស្គូ បានកំពុងបង្កសង្គ្រាមនៅលើប្រទេសអ៊ុយក្រែន ជាង ៣ឆ្នាំហើយនេះ។
តាមសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមប្រទេសឧស្សាហកម្ម G7 ប៉ានស្មានថា ទំហំសាច់ប្រាក់ត្រូវស្ថាបនាប្រទេសអ៊ុយក្រែន ឡើងវិញ មាន ៥២៤ពាន់លានដុល្លារ ដោយប្រើពេលជួយស្ដារប្រទេសដែលហែកហួរដោយសង្គ្រាមឈ្លានពានរបស់រុស្ស៊ី រយៈពេលជាង ១០ឆ្នាំ។
ដោយសង្កត់ធ្ងន់ទៅលើការផ្អឹបទុក និងរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ក្រុមប្រទេស G7 បានបញ្ជាក់ថា អ៊ុយក្រែន បានរង និងកំពុងតែរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយយ៉ាងពេញទំហឹងក្នុងឆ្នាំ២០២២ ដែលធ្វើឱ្យក្រុមប្រទេស G7 នៅតែបន្តការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះអធិបតេយ្យ បូរណភាពទឹកដី និងសិទ្ធិជារដ្ឋឯករាជ្យរបស់អ៊ុយក្រែន។
ក្នុងន័យនេះ ក្រុមប្រទេស G7 សច្ចាបន្តគាំទ្ររឹតតែខ្លាំងថែមទៀតចំពោះបុព្វហេតុរបស់ប្រជាជនអ៊ុយក្រែន ដែលតស៊ូដើម្បីសេរីភាព និងអធិបតេយ្យជាតិ គឺគាំទ្រប្រទេសអ៊ុយក្រែន ទាល់តែរុស្ស៊ី ព្រមបោះបង់ចោលសង្គ្រាមរបស់ខ្លួន។
កាលពីក្នុងអាណត្តិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ក្រុមប្រទេស G7 បានយល់ព្រមបង្កើតកម្មវិធីប្រាក់ឲ្យខ្ចីចំនួន ៥០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ពីការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី មាននៅក្រៅប្រទេស។ ចំពោះទ្រព្យសម្បត្តិរបស់រុស្ស៊ី ប្រហែល ៣០០ពាន់លានដុល្លារទៀតដែលកំពុងធ្លាក់ក្នុងការបង្ខាំង និងរឹបអូស ក៏ស្ថិតក្នុងកម្មវិធីសំណងសម្រាប់អ៊ុយក្រែន ហើយទំហំសាច់ប្រាក់នេះ ភាគច្រើនស្ថិតក្នុងដៃសហភាពអឺរ៉ុប។
ករណីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដ៏មហាសាលកំពុងត្រូវបានរឹបអូសដោយពួកបស្ចិមប្រទេស ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសដោយចាត់ទុកជាចោរកម្ម ហើយព្រមានសងសឹក។
ចំណាត់ការរបស់ក្រុមប្រទេស G7 បន្ទាប់ពីសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ ទី២០ ខែឧសភា បានអនុម័តកញ្ចប់ទណ្ឌកម្មថ្មីទី១៧ ប្រឆាំងនឹងប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន ដោយបានផ្ដោតគោលដៅនៃកងនាវាដឹកប្រេងរបស់រុស្ស៊ី និងក្រុមនាវាពីបណ្ដាប្រទេសផ្សេងទៀតដែលនៅតែបន្តទៅដឹកប្រេងពីរុស្ស៊ី។
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប និងនាយករដ្ឋមន្ត្រីប្រទេសអេស្តូនីញ៉ា អ្នកស្រី កយយ៉ា កល់ឡះ (Kaja Kallas) បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មទី១៧ របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ដោយកំណត់គោលដៅលើកងនាវាជិត ២០០គ្រឿង។»
អ្នកស្រីបានព្រមានបន្ថែមថា៖ «ទណ្ឌកម្មកាន់តែច្រើនលើរុស្ស៊ី កំពុងត្រូវបានរៀបចំបន្ថែមទៀត ហើយថាបើរុស្ស៊ី នៅតែបន្តធ្វើសង្គ្រាមលើអ៊ុយក្រែន កាន់តែយូរ គឺអឺរ៉ុបនឹងកាន់តែបន្ថែមទម្ងន់ទណ្ឌកម្ម។»
កញ្ចប់ទណ្ឌកម្មថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តលោកខាងលិចក្នុងការបង្ក្រាបទៅលើក្រុមនាវាដឹកប្រេងរបស់រុស្ស៊ី ដែលព្យាយាមគេចពីការចូលរួមទណ្ឌកម្មរបស់អឺរ៉ុប។
ការនាំចេញប្រេង និងឧស្ម័ន គឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់ប្រទេសរុស្ស៊ី ដែលជួយបន្តសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ដែលអ្នកស្រី Kaja Kallas ថ្លែងថា ចាំបាច់រួមគ្នាធ្វើឱ្យរុស្ស៊ី បាត់បង់ចំណូលដ៏មហាសាលនេះ បើមិនព្រមបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះ មហាអំណាចអឺរ៉ុប ដូចជា បារាំង អង់គ្លេស និងអាល្លឺម៉ង់ និងប៉ូឡូញ ក៏ប្រកាន់ជំហរដូចគ្នា ដោយប្រកាសឲ្យមានការដាក់ទណ្ឌកម្មលើរុស្ស៊ី រឹតតែខ្លាំង ប្រសិនបើលោក ពូទីន មិនព្រមឈប់បាញ់។
ទោះជាបែបនេះក្ដី រុស្ស៊ីនៅតែមិនចុះញ៉មឡើយ។ នៅថ្ងៃទី២៣ ឧសភា រុស្ស៊ីកំពុងបង្កើនកម្លាំងទ័ព និងសព្វាវុធយ៉ាងច្រើនដាក់ពង្រាយនៅតាមព្រំដែនរបស់ខ្លួនជាប់នឹងព្រំដែនអ៊ុយក្រែន គឺនៅភាគឦសាននៃប្រទេសអ៊ុយក្រែន ដែលជាគោលដៅត្រូវវាយចូលតំបន់ Sumy និង Kharkiv ដើម្បីចាប់យកតំបន់ទាំងពីរនេះជាតំបន់រណបការពាររបស់ខ្លួន ខណៈតំបន់ Kharkiv កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់ទ័ពរុស្ស៊ី ទៅហើយនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

