35.9 C
Phnom Penh

លោក ហ៊ុន ម៉ាណែត យល់ព្រម​ជួយ​សម្រួល​ដល់​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​មេដឹកនាំ​ខ្មែរ​ដែល​ត្រូវ​វៀតណាម លើក​បន្តុប លោក ហ៊ុន ម៉ាណែត ទទួលយក​សំណើ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) ដែល​បាន​ស្នើ​ឱ្យ​ជួយ​សម្រួល​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត។

ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម (VNA) បាន​ចេញ​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ថា ក្នុង​ជំនួប​រវាង​ប្រមុខ​រដ្ឋាភិបាល​វៀតណាម កម្ពុជា និង​ឡាវ អំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៦ ខែឧ​សភា នាយករដ្ឋមន្ត្រី​វៀតណាម បាន​ស្នើ​ឱ្យ​កម្ពុជា និង​ឡាវ ផ្តល់​ការ​គាំទ្រ​ដល់​ពលរដ្ឋ​វៀតណាម​ខុស​ច្បាប់​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​បន្ត​ទៀត។

ប្រភព​ដដែល​អះអាង​ថា នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ បាន​សម្ដែង​នូវ​ការ​អរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​ឡាវ ចំពោះ​ការ​យកចិត្ត​ទុកដាក់​លើ​ពលរដ្ឋ​វៀតណាម​ខុស​ច្បាប់​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ​នា​ពេល​កន្លង​មក។

សារព័ត៌មាន​វៀតណាម បញ្ជាក់​ថា នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ បាន​ស្នើ​លោក ហ៊ុន ម៉ាណែត និង​ប្រមុខ​រដ្ឋាភិបាល​ឡាវ លោក សនសៃ ស៊ីផាន់ដន ឱ្យ​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា និង​ឡាវ ដើមកំណើត​វៀតណាម ដែល​កំពុង​រស់នៅ​ប្រទេស​របស់​ខ្លួន និង​បញ្ចូល​ជនជាតិ​វៀតណាម ទាំងនោះ ឱ្យ​អាច​រស់នៅ​ក្នុង​សង្គម​កម្ពុជា និង​ឡាវ ដូច​ម្ចាស់​ប្រទេស (សមាហរណកម្ម) ទៅ​ថ្ងៃ​មុខ​ផង​ដែរ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន នៅ​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ ឧសភា នេះ​ថា មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី​តែងតែ​ជួប​ប្រជុំ​គ្នា​រាល់​កិច្ចប្រជុំ​អន្តរជាតិ​ពុំ​ដែល​ខកខាន​ម្តង​ណា​ឡើយ ក្នុង​គោលដៅ​ធ្វើ​សមាហរណកម្ម​ជា​បណ្តើរៗ​ទៅ​បង្កើត​សហព័ន្ធ​ឥណ្ឌូចិន នា​ពេល​អនាគត តាម​ក្តី​សុបិន​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាងលិច​របស់​មេដឹកនាំ​វៀតណាម លោក ហូ ជី មិញ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាងលិច​របស់​លោក ហូ ជី មិញ បាន​បោះពួយ​យ៉ាង​លឿន​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត តាមរយៈ​ការ​ពន្លឿន​ក្នុង​ការ​ផ្តល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ និង​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម ទាំងនោះ រួម​ទាំង​ការ​បញ្ជូន​ជនជាតិ​វៀតណាម បន្ថែម​ទៀត ឱ្យ​ទៅ​រស់នៅ​កម្ពុជា និង​បញ្ចូល​ជនជាតិ​វៀតណាម ​ទាំងនោះ ទៅ​ក្នុង​ស្ថាប័ន​រដ្ឋ ដូចជា ប៉ូលិស និង​ទាហាន ជាដើម។

កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្រោយ​ពេល​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មេដឹកនាំ​កំពូលៗ​ជាច្រើន​របស់​វៀតណាម បាន​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ជួយ​អនុវត្ត​នូវ​សំណើ​គ្រប់​បែប​យ៉ាង​របស់​រដ្ឋាភិបាល​វៀតណាម ដូចជា ការ​ផ្តល់​សញ្ជាតិ​ដល់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់ ឱ្យ​មក​ជា​រស់នៅ​ដោយ​ស្រប​ច្បាប់​វិញ ជាដើម។

ជាង​នេះ​ទៀត ក៏​បាន​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ជួយ​ពន្លឿន​ការ​ធ្វើ​ឱ្យ​ស្រប​ច្បាប់​នូវ​ឯកសារ​នានា​ដែល​លោក ហ៊ុន សែន ឪពុក​របស់​គាត់​ធ្លាប់​បាន​យល់ព្រម​ជាមួយ​រដ្ឋាភិបាល​វៀតណាម ផង​ដែរ ខណៈ​សំណើ​ទាំងនោះ​មិន​ត្រូវ​បាន​លោក ហ៊ុន ម៉ាណែត បដិសេធ​ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស