29.3 C
Phnom Penh

សមាជិក​សភា​ជប៉ុន ស្នើ​ច្បាប់​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​ភូមា ដែល​ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​សភា​ជប៉ុន ស្នើ​ឲ្យ​មាន​ច្បាប់​បង្កក​ទ្រព្យសម្បត្តិ ឬ​ហៅថា Magnitsky Act ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ភូមា ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ទៅ​កាន់​គណៈកម្មការ​កិច្ចការ​បរទេស​រដ្ឋសភា​ជប៉ុន ឱ្យ​បាន​ឆាប់ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​ទាំង​ពីរ​នេះ​ឡើងវិញ។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក ណាអូតុ សាកាគូឈិ (Naoto Sakaguchi) នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ បាន​បញ្ជាក់​ថា ការ​ស្នើ​ច្បាប់​នេះ គឺ​ដោយសារតែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ភូមា បាន​បង្ក្រាប​ទៅ​លើ​អ្នក​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​ចាប់​ដាក់​គុក ការ​បាញ់​សម្លាប់ រហូត​ធ្វើ​ឱ្យ​សកម្មជន​នានា រួម​ទាំង​អ្នក​នយោបាយ​ប្រឆាំង​ជាដើម ត្រូវ​រត់​ភៀស​ខ្លួន​ជាបន្តបន្ទាប់។

បំណង​នៃ​ការ​ស្នើ​ច្បាប់​នេះ ធ្វើឡើង​ស្រប​គ្នា​ទៅ​នឹង​គោលបំណង​នៃ​ការ​ប្រកាស​ធ្វើ​បាតុកម្ម​របស់​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ជប៉ុន ប្រឆាំង​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​នេះ។

គិត​ត្រឹម​ឆ្នាំ​២០២៥ នេះ យ៉ាងហោចណាស់​មាន​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ចំនួន ៦​នាក់​ហើយ រួម​ទាំង​ឈ្មួញ​ទុច្ចរិត​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ផង​ដែរ ដែល​បាន​ទទួល​រង​នូវ​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​ក្រោម​ច្បាប់ Magnitsky Act របស់​សហរដ្ឋ​អាមេរិក ដូចជា លោក ចៅ ភិរុណ លោក ទៀ វិញ លោក ហ៊ីង ប៊ុនហៀង លោក គន់ គីម លោក ទ្រី ភាព និង​លោក លី យ៉ុងផាត់។

ក្រុម​ការងារ​បាតុករ​ក្នុង​ប្រទេស​ជប៉ុន លោក គង់ ជិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ ឧសភា នេះ​ថា ការ​ប្រមូលផ្ដុំ​ធ្វើ​បាតុកម្ម​ក្នុង​ប្រទេស​ជប៉ុន ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត ដែល​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​ប្រទេស​ជប៉ុន នា​ពេល​ខាងមុខ​នេះ គឺ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ។

លោក គង់ ជិ បញ្ជាក់​ថា នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​រារាំង​ទាំងស្រុង​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច ខណៈ​ច្បាប់​ដែល​យក​មក​អនុវត្ត​កន្លង​មក​នោះ គឺ​ដើម្បី​តែ​តាម​កម្ចាត់​អ្នក​ដែល​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​តែប៉ុណ្ណោះ។

នៅ​ថ្ងៃទី​២៨ ខែ​ឧសភា នេះ យុវជន និង​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ជប៉ុន បាន​ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២៥ ខាងមុខ​នេះ ក្នុង​បំណង​ទាមទារ​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ អ្នកទោស​មនសិការ និង​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

ជាង​នេះ​ទៀត ក៏​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS) និង​ប្តឹង​ករណី​កោះ​គុត និង​ប្រាសាទ​តាមាន់ធំ​ទៅ​កាន់​តុលាការ​អន្តរជាតិ​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស