26.9 C
Phnom Penh

អ្នក​ឃ្លាំមើល​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​បារាំង​ជា​ដំណើរ​ទស្សនកិច្ច​ឥត​ប្រយោជន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​ប្រទេស​បារាំង ក្នុង​ការ​ចូលរួម​សន្និសីទ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​មហាសមុទ្រ​នា​ពេលនេះ ជា​ដំណើរ​ទស្សនកិច្ច​ឥត​ប្រយោជន៍។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៩ មិថុនា នេះ​ថា ទោះ​លោក ហ៊ុន ម៉ាណែត បង្អួត​ពី​ការ​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​ផ្សេង រួម​ទាំង​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​ក៏ដោយ គឺ​គ្រាន់តែ​ដើម្បី​កុហក​ពលរដ្ឋ​ខ្មែរ​ថា​មេដឹកនាំ​ប្រទេស​ទាំងនោះ​ទទួលស្គាល់​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​ជា​លទ្ធផល ពេល​គាត់​ត្រឡប់​ទៅ​កម្ពុជា នឹង​គ្មាន​ទទួល​បាន​ប្រយោជន៍​អ្វី​ទាំងអស់។

លោក ម៉ែន ណាត និយាយ​ថា វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត នៅ​ប្រទេស​បារាំង គឺ​ដើម្បី​យក​ឱកាស​ថត​រូប​ជាមួយ​មេដឹកនាំ​ប្រទេស​ផ្សេងៗ​ប៉ុណ្ណោះ។

លោក ម៉ែន ណាត លើកឡើង​ថា ក្នុង​ស្ថានភាព​ពេលនេះ កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​កំណត់​ពន្ធ​ខ្ពស់​កប់​ពពក​ពី​សហរដ្ឋ​អាមេរិក ដូច្នេះ​កិច្ចការ​អាទិភាព​សម្រាប់​លោក ហ៊ុន ម៉ាណែត ត្រូវ​ធ្វើ គឺ​ចរចា​ជាមួយ​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប ដើម្បី​ស្នើសុំ​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា ២០% ដែល​ត្រូវ​បាន​ព្យួរ​កាលពី​ចុង​ឆ្នាំ​២០២០ កន្លង​ទៅ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បញ្ជាក់​ថា កន្លង​មក រឿង​ដែល​ត្រូវ​ធ្វើ​ដើម្បី​ជាតិ និង​ប្រជាជន លោក ហ៊ុន ម៉ាណែត មិន​ដែល​ធ្វើ​ទេ ប៉ុន្តែ​រឿង​ដែល​បំផ្លាញ​មុខមាត់​ជាតិ គាត់​ធ្វើ​គ្រប់​ទាំងអស់ ដូចជា​ការ​បំផ្លាញ​សិទ្ធិមនុស្ស ការ​ជាន់ឈ្លី​ប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ ជាដើម ខណៈ​ទង្វើ​ទុច្ចរិត​ទាំងនេះ​គឺ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​គណៈកម្មការ​អឺរ៉ុប​ទាំងស្រុង។

កាលពី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២៥ លោក ហ៊ុន ម៉ាណែត រួម​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​របស់​ខ្លួន​មួយ​ចំនួន ទៅ​ចូលរួម​សន្និសីទ​អង្គការ​សហប្រជាជាតិ ស្ដីពី​មហាសមុទ្រ​លើក​ទី​៣ (UNOC3) ដែល​មាន​រយៈពេល ៣​ថ្ងៃ​នៅ​ទីក្រុង​នីស ប្រទេស​បារាំង គឺ​ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២៥ នេះ ក្រោម​ប្រធានបទ «ការ​ពន្លឿន​សកម្មភាព និង​ការ​កៀរគរ​គ្រប់​តួអង្គ​ដើម្បី​រក្សា និង​ប្រើប្រាស់​មហាសមុទ្រ​ប្រកប​ដោយ​ចីរភាព»

ជុំវិញ​បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​សាខា​ប្រទេស​បារាំង កាលពី​ថ្ងៃទី​៧ មិថុនា បាន​ផ្ញើ​ញត្តិ​ទៅ​កាន់​ប្រធានាធិបតី​សាធារណរដ្ឋ​បារាំង លោក Emmanuel Macron ឱ្យ​ជួយ​ជំរុញ​លោក ហ៊ុន ម៉ាណែត គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​លើកស្ទួយ​សិទ្ធិមនុស្ស​ឡើងវិញ។

គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ការ​ដាក់​ញត្តិ​នេះ ក៏​ដើម្បី​រំឭក​ប្រធានាធិបតី​បារាំង ពី​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​បាន​ពេញលេញ រួម​ទាំង​ជំរុញ​ឲ្យ​លោក ហ៊ុន ម៉ាណែត ប្រើ​យន្តការ​អន្តរជាតិ​ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន ដោយ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ (ICJ) និង​ផ្តល់​សច្ចាប័ន​ច្បាប់​សមុទ្រ (UNCLOS) ដើម្បី​បាន​ជា​ខែល​អន្តរជាតិ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស