គណបក្សឆន្ទៈខ្មែរ ធ្វើសមាជដើម្បីកែប្រែលក្ខន្តិកៈមួយចំនួនសម្រាប់ការធ្វើសម្ព័ន្ធភាពជាមួយបក្សដទៃ ឲ្យស្របនឹងច្បាប់កំណត់របស់ក្រសួងមហាផ្ទៃ ដើម្បីឆ្ពោះទៅចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោតនៅពេលខាងមុខ។
អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ប្រាប់ក្រុមអ្នកសារព័ត៌មានថា សមាជរបស់គណបក្សឆន្ទៈខ្មែរ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ មានបំណងពីរធំៗ គឺការកែសម្រួលលក្ខន្តិកៈលើប្រការមួយចំនួន ដើម្បីឲ្យដំណើរការរបស់គណបក្សមានភាពរលូន និងមានប្រជាធិបតេយ្យផ្ទៃក្នុងកាន់តែទូលាយជាងមុន។
ប្រភពដដែលបន្ថែមថា គោលបំណងសំខាន់ទី២ គឺបានបន្ថែមជំពូក និងការកែសម្រួលប្រការមួយចំនួនដែលអាចឲ្យគណបក្សឆន្ទៈខ្មែរ អាចចងសម្ព័ន្ធភាពជាមួយគណបក្សផ្សេងទៀតស្របតាមប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗ។
លោក គង់ មុនីកា បញ្ជាក់បន្ថែមថា ការធ្វើសមាជរបស់គណបក្សឆន្ទៈខ្មែរ ពេលនេះ ដូចនឹងសមាជដែលគណបក្សភ្លើងទៀន បានធ្វើកាលពីថ្ងៃទី២៥ ខែឧសភា ដែលនិយាយអំពីការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយជាលក្ខណៈទ្វេភាគី ឬច្រើនជាងនេះ ដោយផ្អែកតាមច្បាប់ស្ដីពីគណបក្សនយោបាយ។
ប្រភពដដែលអះអាងថា គណបក្សឆន្ទៈខ្មែរ នឹងចុះអនុស្សរណៈជាមួយគណបក្សភ្លើងទៀន ដើម្បីចងសម្ព័ន្ធភាព រួចដាក់អនុស្សរណៈទៅក្រសួងមហាផ្ទៃ ឲ្យទទួលស្គាល់ពីសម្ព័ន្ធភាព។
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចមួយស្ដីពីបែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ។ ក្នុងប្រការ៨ នៃសេចក្តីសម្រេចនេះ បានចែងថា បក្សដែលបានធ្វើសម្ព័ន្ធភាពជាមួយគ្នា មិនអាចលើកស្លាករួមតែមួយដោយដាក់ឈ្មោះ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយក្នុងសម្ព័ន្ធភាពជាមួយគ្នាបានទេ គឺគណបក្សនយោបាយអាចលើកស្លាកដោយដាក់ឈ្មោះ និងសញ្ញាសម្គាល់ដាច់ដោយឡែកពីគ្នា។
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ កន្លងមក គណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ ដើម្បីការពាររដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតីភាព និងសន្តិភាព និងទប់ស្កាត់កម្លាំងជ្រុលនិយម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

