អ្នកឃ្លាំមើលលើកឡើងថា បញ្ហាពន្ធរវាងកម្ពុជា និងអាមេរិក មិនមែនត្រឹមតែរឿងឱនភាពពាណិជ្ជកម្មតែមួយមុខនោះទេ ប៉ុន្តែក៏មានបញ្ហាអព្យាក្រឹតភាព ការស្ដារប្រជាធិបតេយ្យ និងការលើកស្ទួយសិទ្ធិមនុស្សរបស់កម្ពុជាដែរ។
អ្នកផ្តល់ប្រឹក្សាផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី០៩ មិថុនា នេះថា ប្រទេសណាដែលអាមេរិកសម្គាល់ឃើញថាកំពុងចូលរួមចំណែកក្នុងការជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ដូចជាកម្ពុជា ជាដើម ប្រាកដជានឹងត្រូវអាមេរិករឹតបន្តឹងពន្ធដោយគ្មានការលើកលែងនោះទេ។
លោក សេក សុជាតិ លើកឡើងថា ក្នុងបរិបទនេះ កម្ពុជាត្រូវរក្សាឱ្យបាននូវគោលការណ៍អព្យាក្រឹត្យ ដើម្បីជៀសឱ្យផុតពីភាពលម្អៀងនយោបាយ និងសេដ្ឋកិច្ចទៅរកមហាអំណាចណាមួយ ព្រោះថាបើកម្ពុជាលម្អៀងទៅចិន ក៏មិនចំណេញ បើកម្ពុជាលម្អៀងទៅអាមេរិកក៏ខាតដែរ ដូច្នេះកម្ពុជាគ្មានជម្រើសផ្សេង ជាជាងការប្រកាន់នូវផ្លូវកណ្ដាលទេ ដើម្បីផលប្រយោជន៍ជាតិរបស់ខ្លួនទៅថ្ងៃមុខ។
អ្នកឃ្លាំមើលសង្គមរូបនេះបញ្ជាក់ថា បើកម្ពុជាមិនអាចចរចាជាមួយអាមេរិកបានជោគជ័យទេ នោះសេដ្ឋកិច្ចជាតិប្រាកដជានឹងរងនូវការធ្លាក់ចុះ ព្រោះអ្នកវិនិយោគអាចនឹងពិចារណាទៅប្រទេសណាដែលមានពន្ធនាំចេញទៅអាមេរិកទាបជាងកម្ពុជា ដូចជា ថៃ ឬ វៀតណាម ជាដើម។
លោក សេក សុជាតិ ជំរុញឱ្យរដ្ឋាភិបាលបើកទូលាយទទួលយកធាតុចូលពីអ្នកពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចប្រជុំបន្ទាប់ ព្រោះថាក្រុមការងារចំពោះកិច្ចដែលត្រូវចូលរួមរកដំណោះស្រាយលើបញ្ហានេះ ត្រូវគិតធាតុចូលគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យអាចទទួលបានជោគជ័យលើដំណើរការចរចាលើកទី៣ នាពេលខាងមុខនេះ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី៧ ខែមិថុនា ថា ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-អាមេរិក បានចូលរួមកិច្ចប្រជុំនៅរដ្ឋធានីវ៉ាស៊ីនតោន សម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មលើកទី២ ដើម្បីឈានទៅរកការស្នើសុំបញ្ចុះពន្ធគយ ៤៩% របស់អាមេរិកលើកម្ពុជា។
ប្រភពដដែលបញ្ជាក់ថា កិច្ចប្រជុំលើកទី២ នេះ ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម បានជួបប្រជុំជាមួយអនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក អ្នកស្រី ហ្សារ៉ា អែលឺមែន (Sarah Ellerman) ដោយផ្ដោតលើអត្ថបទសេចក្ដីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងស្មារតីយោគយល់គ្នា និងឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន។
យ៉ាងណាក៏ដោយ សេចក្ដីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដែលមន្ត្រីរដ្ឋាភិបាលកម្ពុជា បានលើកឡើងនោះ មិនបានបញ្ជាក់ថា អាមេរិកនឹងកំណត់យកពន្ធពីកម្ពុជាប៉ុន្មានភាគរយនោះទេ ហើយការឯកភាពលើបញ្ញត្តិដែលបានលើកឡើងនោះ ក៏មិនបានបញ្ជាក់ថាមានបញ្ញត្តិអ្វីខ្លះដែរ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) លោក មួង ណារ៉េត បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី០៨ មិថុនា ថា ក្រោយជំនួបចរចារឿងពន្ធជាមួយអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីចុងសប្តាហ៍កន្លងទៅ កម្ពុជាទៅផ្ទះវិញដៃទទេជាលើកទីពីរ។
លោក មួង ណារ៉េត ត្អូញត្អែរថា ក្នុងពេលដែលកម្ពុជាចរចាស្នើសុំបញ្ចុះពន្ធពីអាមេរិក ស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសហជីពនៅកម្ពុជាក៏ពុំមានការបន្ធូរបន្ថយប្រសើរជាងមុនដែរ ដើម្បីជាទុនសម្រាប់ចរចាជាមួយអាមេរិកពីរឿងពន្ធនេះ។
កាលពីថ្ងៃទី២ ខែមេសា សហរដ្ឋអាមេរិក បានកំណត់ពន្ធគយ ៤៩% (Reciprocal Tariff ៤៩%) លើទំនិញកម្ពុជាដែលនាំចូលទៅទីផ្សាររបស់ខ្លួន ដែលមានកម្រិតខ្ពស់ជាងគេបំផុតក្នុងចំណោមប្រទេសសមាជិកអាស៊ាន ប៉ុន្តែនៅថ្ងៃទី០៩ ខែមេសា ដដែលនោះ អាមេរិកសម្រេចអនុវត្តពន្ធត្រឹមតែ ១០% សិន ដោយទុកពេលឱ្យប្រទេសជាប់ពន្ធជាមួយអាមេរិកទាំងអស់ រួមទាំងកម្ពុជាផង រយៈពេល ៩០ថ្ងៃ ដោយគិតពីថ្ងៃទី១០ ខែមេសា តទៅ ដូច្នេះកម្ពុជាមានពេលត្រឹមតែ ៣០ថ្ងៃទៀតប៉ុណ្ណោះ ត្បិតការចរចានេះនឹងផុតកំណត់នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

