32.1 C
Phnom Penh

មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង អះអាង​ថា​ជួយ​រុស្ស៊ី រហូត​ឈ្នះ​សង្គ្រាម ខណៈ​អ៊ុយក្រែន មាន​លុយ ៥​ម៉ឺន​លាន​ដុល្លារ​ទិញ​អាវុធ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​មិថុនា ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​បក្ស​កូរ៉េ KCNA បាន​រាយការណ៍​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​និយាយ​ក្នុង​សារ​មួយ​ផ្ញើ​ទៅ​កាន់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយ​អះអាង​ឡើងវិញ​ថា ប្រទេស​លោក​ត្រូវ​ឈរ​នៅ​ជាមួយ​ទីក្រុង​មូស្គូ ជានិច្ច គាំទ្រ និង​ជួយ​រហូត​ក្រុង​មូស្គូ ឈ្នះ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Euro News ចុះផ្សាយ​នៅ​ថ្ងៃទី​១២ មិថុនា នេះ។

ក្នុង​សារ​អបអរ​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​រុស្ស៊ី លោក គីម បាន​ហៅ​លោក ពូទីន ថា​ជា​មហាមិត្ត​សម្លាញ់​ដ៏​គួរ​គោរព ជាមួយ​នឹង​ការ​អបអរ​សាទរ​ទំនាក់ទំនង​ទ្វេភាគី​ដោយ​លើក​ឡើង​ថា​ជា​ទំនាក់ទំនង​ពិតប្រាកដ គឺ​ស្គាល់​ចិត្ត​គ្នា​ជា «សមមិត្ត​រួម​អាវុធ»។

បើ​តាម KCNA លោក គីម លើកឡើង​ថា៖ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ឬ​កូរ៉េខាងជើង និង​រូបលោក​ផ្ទាល់ មាន​ឆន្ទៈ​យ៉ាង​មុតមាំ​ជាទីបំផុត​ដើម្បី​បន្ត​ទំនាក់ទំនង​កូរ៉េខាងជើង-រុស្ស៊ី ក្នុង​យុគសម័យ​ដ៏​ទំនើប​នេះ។

កាលពី​ចុង​ខែ​មេសា ឆ្នាំ​នេះ ទីក្រុង​ព្យុងយ៉ាង បាន​ទទួលស្គាល់​ជា​លើកដំបូង​ថា ខ្លួន​ពិត​ជា​បាន​បញ្ជូន​កងទ័ព​ទៅ​ជួយ​រុស្ស៊ី ប្រយុទ្ធ​ក្នុង​សង្គ្រាម​ប្រឆាំង​អ៊ុយក្រែន តាម​ការ​បញ្ជា​ផ្ទាល់​របស់​លោក គីម ជុងអ៊ុន ហើយ​តាម​ភ្នាក់ងារ​ចារកម្ម​របស់​កូរ៉េខាងត្បូង ទីក្រុង​ព្យុងយ៉ាង បាន​បញ្ជូន​គ្រាប់កាំភ្លើង​ទៅ​ឱ្យ​រុស្ស៊ី ប្រមាណ​ជាង ៥​លាន​គ្រាប់ ក្នុង​នោះ​មាន​ទាំង​គ្រាប់​មីស៊ីល​បាលិស្ទិក និង​គ្រាប់កាំភ្លើង​ធំ។

ក្នុង​ឱកាស​ខួប​ឯករាជ្យ​របស់​ប្រទេស​រុស្ស៊ី រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Marco Rubio បាន​និយាយ​ថា សេតវិមាន​មាន​បំណង​ចូលរួម​ក្នុង​ន័យ​ស្ថាបនា​ជាមួយ​សហព័ន្ធ​រុស្ស៊ី ដើម្បី​នាំមក​នូវ​សន្តិភាព​យូរអង្វែង​រវាង​រុស្ស៊ី-អ៊ុយក្រែន ព្រោះ​ជា​ក្តី​សង្ឃឹម​របស់​សហរដ្ឋ​អាមេរិក ដែល​ថា​សន្តិភាព​នឹង​ជំរុញ​ទំនាក់ទំនង​ដែល​មាន​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​មូស្គូ។

ទំនាក់ទំនង​រវាង​ទីក្រុង​មូស្គូ និង​វ៉ាស៊ីនតោន មាន​ភាព​ប្រសើរ​ឡើងវិញ ចាប់តាំងពី​លោក ដូណាល់ ត្រាំ ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥។ តែ​ដំណាល​ពេល​គ្នា​នេះ កាលពី​ថ្ងៃ​ពុធ ទី​១១ ខែ​មិថុនា សេតវិមាន​បាន​និយាយ​ថា​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញ​ការ​ស្វាគមន៍​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បន្ទាប់ពី​ធ្លាប់​មាន​ទំនាក់ទំនង​មិត្តភាព​នឹង​គ្នា​ជាមួយ​លោក គីម កាលពី​អាណត្តិ​ទី​១ របស់​លោក។ លោក ត្រាំ និង​លោក គីម ធ្លាប់​បាន​ជួប​គ្នា​ចំនួន ៣​លើក អំឡុង​អាណត្តិ​ទី​១ របស់​លោក ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២១។

តែ​បើ​តាម​អ្នក​នាំពាក្យ​សេតវិមាន អ្នកស្រី Karoline Leavitt លោក ត្រាំ បាន​ស្នើ​ឱ្យ​លោក គីម បញ្ឈប់​ការ​គាំទ្រ​រុស្ស៊ី ដែល​អ្នកស្រី​ថា​លោក ត្រាំ ចង់​ឱ្យ​កូរ៉េខាងជើង កុំ​ព្យាយាម​ប្រឈមមុខ​នឹង​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ ព្រោះតែ​ជួយ​រុស្ស៊ី ធ្វើ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន។

តែ​ក្នុង​ស្ថានភាព​សង្គ្រាម​ដែល​មិន​អាច​រក​ទី​បញ្ចប់ និង​ចំ​ពេល​កូរ៉េខាងជើង នៅ​បន្ត​បញ្ជូន​គ្រាប់កាំភ្លើង និង​អាវុធ​ផ្សេងៗ​ជួយ​រុស្ស៊ី ក្រសួង​ការបរទេស​អ៊ុយក្រែន ប្រកាស​ពី​ការ​ទម្លាក់​លុយ​ដល់ ៥​ម៉ឺន​លាន​ដុល្លារ​ដើម្បី​ទិញ​អាវុធ​ពី​រដ្ឋការ​លោក ដូណាល់ ត្រាំ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ទីក្រុង​គៀវ ដែល​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយក្រែន ផ្សាយ​ជា​សាធារណៈ​ក្នុង​ទំហំ​សាច់ប្រាក់ ៥​ម៉ឺន​លាន​ដុល្លារ ទីក្រុង​គៀវ ត្រូវការ​ប្រព័ន្ធ​ខែល​ការពារ​ប៉ាទ្រីយ៉ុត​ចំនួន ១០​គ្រឿង ក្រៅពី​នេះ មាន​គ្រាប់​មីស៊ីល ប្រព័ន្ធ​កាំភ្លើងធំ គ្រាប់កាំភ្លើងធំ និង​មាន​ទាំង​រថក្រោះ​រថពាសដែក​ទៀត។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អ៊ុយក្រែន សំណើ​ពី​ក្រុង​គៀវ កំពុង​ស្ថិត​លើ​តុ​ចរចា ហើយ​សេតវិមាន​កំពុងតែ​សិក្សា​ឡើងវិញ​ថា តើ​សំណើ​នេះ​អាច​ឆ្លើយតប​ជា​វិជ្ជមាន ឬ​អវិជ្ជមាន ប៉ុន្តែ​ទីក្រុង​គៀវ ចាត់ទុក​ថា​វា​ពុំ​មែន​ជា​សំណើសុំ​ជំនួយ​យោធា​នោះ​ទេ គឺជា​ការ​ស្នើ​ទិញ ដែល​ក្រុង​គៀវ មាន​លុយ​គ្រប់គ្រាន់ គឺ​គ្មាន​ជំពាក់​អ្វី​ឡើយ។

កាលពី​ចុង​ខែ​ឧសភា ប្រទេស​ជា​មហាអំណាច​អឺរ៉ុប ដូចជា​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ប្រកាស​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី រឹតតែ​ខ្លាំង​ថែមទៀត ប្រសិនបើ​លោក ពូទីន មិន​ព្រម​ឈប់​បាញ់​ទេ។

ប្រធានាធិបតី​បារាំង អេម៉ាញូអែល ម៉ាក្រុង គឺជា​អ្នក​ចេញ​មុខ​ជាងគេ​ក្នុង​ការ​អំពាវនាវ​ឲ្យ​ដាក់​សម្ពាធ​ខ្លាំង​លើ​ទីក្រុង​មូស្គូ។ ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​បារាំង លោក ម៉ាក្រុង និយាយ​ថា៖ គោលដៅ​អឺរ៉ុប គឺ​ត្រូវ​ដាក់​ទណ្ឌកម្ម​រុស្ស៊ី ថែមទៀត បើ​ក្រុង​មូស្គូ នៅតែ​រឹង​ទទឹង​មិន​ព្រម​ឈប់​បាញ់។

តាម​ប្រធាន​កិច្ចការ​នយោបាយ​ការបរទេស​អឺរ៉ុប អ្នកស្រី Kaja Kallas (កយយ៉ា កល់ឡះ) នាយករដ្ឋមន្ត្រី​ប្រទេស​អេស្តូនី អឺរ៉ុប​កំពុង​ពិចារណា​ផ្ដោត​សំខាន់​នៃ​ការ​ដាក់​ទណ្ឌកម្ម​កញ្ចប់​ទី​១៨ ទៅ​លើ​វិស័យ​ហិរញ្ញវត្ថុ តម្លៃ​ប្រេង​ឆៅ និង​ឧស្ម័ន​រុស្ស៊ី ដែល​ទាញ​ទម្លាក់​តម្លៃ​ប្រេង​ឆៅ​របស់​រុស្ស៊ី មក​ត្រឹម ៤៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល ឬ ១៥៩​លីត្រ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស