26.6 C
Phnom Penh

សង្គ្រាម​សងសឹក​អ៊ីរ៉ង់​និង​អ៊ីស្រាអែល នាំ​ឱ្យ​ចិន​និង​រុស្ស៊ី បារម្ភ​ពី​សង្គ្រាម​ធំ​ផ្ទុះ​ឡើង ខណៈ​អ៊ីស្រាអែល​សន្យា​បញ្ចប់​របប​ផ្ដាច់ការ​នៅ​អ៊ីរ៉ង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា កំពុង​ឡើង​ខ្ពស់​មួយ​កម្រិត​ទៀត ចាប់តាំងពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​មិថុនា ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​អ៊ីរ៉ង់ រាយការណ៍​អំពី​ការ​ផ្ទុះ​ជាច្រើន​បាន​អង្រួន​រដ្ឋធានី​តេហេរ៉ង់ ហើយ​ដែល​ត្រូវ​គេ​ជឿ​ថា​ជា​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល។

នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Al-Jazeera នៅ​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៥។

ស្រប​ពេល​ជាមួយ​គ្នា​នេះ យោធា​អ៊ីស្រាអែល បាន​ប្រកាស​ថា រលក​ថ្មី​នៃ​មីស៊ីល​បាលិស្ទិក​ពី​សំណាក់​អ៊ីរ៉ង់ បាន​បង្ក​ឲ្យ​មាន​សំឡេង​ស៊ីរ៉ែន​បន្លឺ​ឡើង​យ៉ាង​ទ្រហឹង​នៅ​ទូទាំង​ប្រទេស​អ៊ីស្រាអែល ជាពិសេស​តម្រង់​ទៅ​កាន់​ទីក្រុង Tel Aviv ដែល​បណ្តាល​ឲ្យ​ប្រជាជន​រាប់​ម៉ឺន​នាក់​រត់​រក​ទីជម្រក។

សេចក្តី​រាយការណ៍​ពី​ទីក្រុង​តេហេរ៉ង់ បាន​ពិពណ៌នា​អំពី​សំឡេង​ផ្ទុះ​ដ៏​ខ្លាំងក្លា​ជាច្រើន ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល និង​ភ័យខ្លាច​យ៉ាង​ខ្លាំង។ ទោះបីជា​មិន​ទាន់​មាន​ការ​អះអាង​ទទួល​ខុសត្រូវ​ជា​ផ្លូវការ​ភ្លាមៗ​ពី​អ៊ីស្រាអែល ក៏ដោយ តែ​ព្រឹត្តិការណ៍​នេះ​កើតឡើង​បន្ទាប់ពី​យោធា​អ៊ីស្រាអែល បាន​ចេញ​សេចក្តី​ព្រមាន​ឲ្យ​ប្រជាជន​អ៊ីរ៉ង់ ដែល​រស់នៅ​ក្បែរ​ទីតាំង​ផលិត​អាវុធ និង​ទីតាំង​យុទ្ធសាស្ត្រ​នានា ត្រូវតែ​ធ្វើការ​ជម្លៀស​ខ្លួន។

ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​មិថុនា ថា ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល ក្នុង​រយៈពេល​ជាង ៣​ថ្ងៃ​មក​នេះ​លើ​ប្រទេស​របស់​ខ្លួន បាន​សម្លាប់​មនុស្ស ២២៤​នាក់ និង​ជាង ១២០០​នាក់​រង​របួស។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ លោក Hossein Kermanpour បាន​បង្ហោះ​សារ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម X ដោយ​បាន​រៀបរាប់​ថា ក្រោយ​ការ​ឈ្លានពាន​រយៈពេល ៦៥​ម៉ោង​ដោយ​របប Zionist អ៊ីស្រាអែល មាន​មនុស្ស ១២៧៧​នាក់ បាន​រង​របួស ហើយ​មនុស្ស​មាន​ទាំង​បុរស ស្ត្រី និង​កុមារ​ចំនួន ២២៤​នាក់​បាន​ស្លាប់។ ចំណែក​ខាង​អ៊ីស្រាអែល វិញ មនុស្ស ១៤​នាក់​បាន​ស្លាប់ និង ៣៩០​នាក់ បាន​រង​របួស​នៅ​ក្នុង​ការ​វាយប្រហារ​របស់​អ៊ីរ៉ង់ ចាប់តាំងពី​យប់​ថ្ងៃ​សុក្រ​មក។

នៅ​ប្រទេស​អ៊ីស្រាអែល វិញ សំឡេង​ស៊ីរ៉ែន​បាន​បន្លឺ​ឡើង​មិន​ឈប់ បង្ខំ​ឲ្យ​ពលរដ្ឋ​ស្វែងរក​ទី​សុវត្ថិភាព​ជាបន្ទាន់។ យោធា​អ៊ីស្រាអែល បាន​បញ្ជាក់​ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​ខ្លួន​កំពុង​ដំណើរការ​យ៉ាង​សកម្ម ដើម្បី​ស្ទាក់​ចាប់​មីស៊ីល​ដែល​បាញ់​ចេញពី​អ៊ីរ៉ង់។

ជាមួយ​នឹង​ការ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក​ដែល​មិន​មាន​សញ្ញា​ថមថយ និង​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ពី​មេដឹកនាំ​ទាំង​សងខាង ពិភពលោក​កំពុង​តាមដាន​ដោយ​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ហានិភ័យ​នៃ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ដែល​អាច​នឹង​ផ្ទុះ​ឡើង​នៅ​មជ្ឈិមបូព៌ា។

អ៊ីស្រាអែល កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​ទ្រង់ទ្រាយ​ធំ​លើ​អ៊ីរ៉ង់ ក្នុង​គោលបំណង​ដែល​ក្រុម​មន្ត្រី​អ៊ីស្រាអែល អះអាង​ថា​ដើម្បី​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ បន្ទាប់ពី​ចារកម្ម​អ៊ីស្រាអែល អះអាង​ថា​តេហេរ៉ង់​មាន​សារធាតុ​អ៊ុយរ៉ាញ៉ូម​គ្រប់គ្រាន់ ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ។

ក្នុង​ស្ថានភាព​នេះ ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន បាន​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu និង​ប្រធានាធិបតី​អ៊ីរ៉ង់ Masoud Pezeshkian បន្ទាប់ពី​អ៊ីស្រាអែល បាន​បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​អ៊ីរ៉ង់។ រុស្ស៊ី ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ​របស់​អ៊ីរ៉ង់ នៅ​លើ​ឆាក​ពិភពលោក។ ការ​វាយប្រហារ​នេះ បាន​បង្ហាញ​ពី​ការ​កើន​ឡើង​នៅ​ក្នុង​ភាព​តានតឹង​ដ៏​យូរអង្វែង​រវាង​សត្រូវ​ទាំង​ពីរ ដោយ​ជំរុញ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​សង្គ្រាម​កាន់តែ​គ្រោះថ្នាក់ ជាពិសេស​អំពី​ការ​ចូលរួម​ដែល​អាច​កើត​មាន​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​មូលដ្ឋាន​យោធា​នៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល។

វិមាន​ក្រឹមឡាំង បាន​បញ្ជាក់​ពី​ទំនាក់ទំនង​តាមរយៈ​ការ​ហៅ​តាម​ទូរសព្ទ​របស់​លោក ពូទីន ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​បង្ហោះ​តាម​អ៊ីនធឺណិត​កាលពី​ថ្ងៃ​សុក្រ ទី​១៣ ខែ​មិថុនា។

វិមាន​ក្រឹមឡាំង បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ប្រធានាធិបតី​រុស្ស៊ី បាន​សង្កត់​ធ្ងន់​ក្នុង​ការ​អំពាវនាវ​របស់​គាត់​ជាមួយ​មេដឹកនាំ​អ៊ីស្រាអែល លោក Netanyahu ពី​សារសំខាន់​នៃ​ការ​បន្ត​ការ​ចរចា និង​ការ​ដោះស្រាយ​បញ្ហា​ណា​មួយ​ដែល​ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ទាំងស្រុង តាមរយៈ​មធ្យោបាយ​នយោបាយ និង​ការទូត។

ថ្លែង​ទៅ​កាន់ Pezeshkian លោក Putin បាន​សង្កត់​ធ្ងន់​ថា រុស្ស៊ី​បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​អ៊ីស្រាអែល ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រំលោភ​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ។

ភាគី​រុស្ស៊ី បាន​និង​កំពុង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដោយ​សន្តិវិធី និង​បាន​ស្នើ​ឱ្យ​មាន​គំនិត​ផ្ដួចផ្ដើម​ជាក់ស្តែង​សំដៅ​ឈាន​ដល់​កិច្ចព្រមព្រៀង​ដែល​អាច​ទទួល​យក​បាន​ទៅវិញ​ទៅមក។

លោក ពូទីន ក៏​នឹង​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ ក្នុង​គោលបំណង​ដើម្បី​ដោះស្រាយ​ស្ថានភាព​បច្ចុប្បន្ន ដែល​ពោរពេញ​ដោយ​ផលវិបាក​ដ៏​មហន្តរាយ​បំផុត​សម្រាប់​តំបន់​ទាំងមូល។

ជាមួយ​គ្នា ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធភាព​នឹង​អ៊ីរ៉ង់ បាន​និយាយ​ថា ក្រុង​ប៉េកាំង មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល ទៅ​លើ​អ៊ីរ៉ង់ ហើយ​ចិន បាន​ប្រកាស​ថា​ខ្លួន​មាន​ឆន្ទៈ​ក្នុង​ការ​ដើរ​តួនាទី​ជួយ​កាត់បន្ថយ​ភាព​តានតឹង​នៃ​ស្ថានការណ៍ ដែល​ធ្វើ​ឱ្យ​មាន​ការ​គំរាមកំហែង​នៅ​តំបន់​មជ្ឈិមបូព៌ា​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ទាំងស្រុង។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល លោក Lin Jian អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ប្រទេស​ចិន មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល មក​លើ​ប្រទេស​អ៊ីរ៉ង់ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ផលវិបាក​ធ្ងន់ធ្ងរ​ដែល​អាច​កើត​មាន​នៃ​សកម្មភាព​ទាំងនេះ។

លោក Lin ក៏​បាន​និយាយ​ផង​ដែរ​ថា ទីក្រុង​ប៉េកាំង ដែល​បាន​និង​កំពុង​បង្កើត​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ទីក្រុង Tehran រួម​ទាំង​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រយៈពេល ២៥​ឆ្នាំ គឺ​ចេញ​មុខ​ប្រឆាំង​រាល់​ការ​រំលោភ​លើ​អធិបតេយ្យភាព សន្តិសុខ និង​បូរណភាព​ទឹកដី​របស់​អ៊ីរ៉ង់ និង​ប្រឆាំង​នឹង​សកម្មភាព​ដែល​បង្កើន​ភាព​តានតឹង និង​ពង្រីក​ជម្លោះ។

លោក​បាន​បន្ត​លើកឡើង​ថា ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ជា​ថ្មី​នៃ​ស្ថានភាព​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់ ក្នុង​តំបន់ គឺ​មិន​ស្ថិត​ក្នុង​ផល​ប្រយោជន៍​របស់​ភាគី​ណា​មួយ​ឡើយ។

ប្រទេស​ចិន ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ស្វែង​ក​ដំណោះស្រាយ​ដោយ​ការ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ដើម្បី​ជៀសវាង​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​បន្ថែម​ទៀត។ ប្រទេស​ចិន មាន​ឆន្ទៈ​ក្នុង​ការ​ដើរ​តួនាទី​ស្ថាបនា​ក្នុង​ការ​ជួយ​បន្ថយ​ស្ថានការណ៍​តែប៉ុណ្ណោះ។

មេដឹកនាំ​អ៊ីស្រាអែល បាន​និយាយ​ថា ការ​វាយប្រហារ​នេះ​គឺ​មាន​គោលបំណង​រារាំង​អ៊ីរ៉ង់ ពី​ការ​បង្កើន​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ខណៈ​ដែល​ប្រទេស​នេះ​កំពុងតែ​បង្កើន​សារធាតុ​អ៊ុយរ៉ាញ៉ូម។

ទន្ទឹម​នឹង​នេះ ប្រធានាធិបតី Donald Trump បាន​ជំរុញ​ឱ្យ​អ៊ីរ៉ង់ ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋ​អាមេរិក​ស្ដីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ដោយ​ព្រមាន​ថា​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល នឹង​កាន់តែ​អាក្រក់​ទៅៗ ប្រសិនបើ​អ៊ីរ៉ង់ នៅតែ​បន្ត​ទាត់ចោល​កិច្ចព្រមព្រៀង​ស្ដីពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នេះ។ ជាមួយ​គ្នា​នេះ លោក ត្រាំ ត្រូវ​បាន​គេ​ដឹង​ថា លោក​ធ្លាប់​បាន​និយាយ​ថា អាមេរិក​មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​នោះ​ទេ។

ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ថ្លែង​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ​ថា ប្រសិនបើ​អ៊ីរ៉ង់ ហ៊ាន​វាយប្រហារ​សហរដ្ឋ​អាមេរិក​តាម​មធ្យោបាយ​ណា​មួយ​នោះ ក្រុង​តេហេរ៉ង់ នឹង​ត្រូវ​ប្រឈមមុខ​នឹង​កម្លាំង​យោធា​របស់​សហរដ្ឋ​អាមេរិក «ក្នុង​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក»។

នៅ​លើ​បណ្ដាញ​សង្គម Truth Social លោក ត្រាំ បាន​អះអាង​ថា អាមេរិក​មិន​មាន​ជាប់​ពាក់ព័ន្ធ​អ្វី​ទាំងអស់​ជាមួយ​នឹង​ការ​វាយប្រហារ​ទៅ​លើ​អ៊ីរ៉ង់ កាលពី​យប់​ថ្ងៃទី​១៥ ខែ​មិថុនា នោះ​ទេ។

លោក ត្រាំ បន្ថែម​ថា លោក​បាន​ស្នើ​ឱ្យ​លោក ពូទីន ជួយ​សម្រុះសម្រួល​ជាបន្ទាន់​ជម្លោះ​អ៊ីរ៉ង់ និង​អ៊ីស្រាអែល។

ប៉ុន្តែ​ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​ច្រានចោល​ទាំងស្រុង​នូវ​គំនិត​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​ថា​មេដឹកនាំ​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន អាច​ចូល​ខ្លួន​ធ្វើ​ជា​អ្នក​សម្រុះសម្រួល​ក្នុង​ជម្លោះ​ដែល​កំពុង​កើន​ឡើង​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់ ជុំវិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ។

លោក Macron បាន​និយាយ​ថា លោក​មិន​ជឿ​ថា ប្រទេស​រុស្ស៊ី ដែល​ឥឡូវ​នេះ​កំពុង​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដ៏​ខ្លាំងក្លា​មួយ និង​មិន​បាន​គោរព​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ អាច​ក្លាយ​ជា​អ្នក​សម្រុះសម្រួល​នោះ​ទេ។ ទន្ទឹម​នោះ លោក Macron ក៏​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា បារាំង​មិន​បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​អ៊ីស្រាអែល ជុំវិញ​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​អ៊ីរ៉ង់ កាលពី​សប្ដាហ៍​មុន​ឡើយ។

យ៉ាងណា មេដឹកនាំ​អ៊ីស្រាអែល នាយករដ្ឋមន្ត្រី​លោក Netanyahu សច្ចា​វាយ​ឱ្យ​ដួល​រលំ​របប​ផ្ដាច់ការ​មាន​អាយុ ៤៤​ឆ្នាំ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​កំពូល​បុរស​ផ្ដាច់ការ អាយ៉ាតុឡាខេមេនី។

លោក Netanyahu ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​អ៊ីរ៉ង់ ត្រូវ​ងើប​ឡើង​បញ្ចប់​របប​ផ្ដាច់ការ​និយម​នៅ​ប្រទេស​អ៊ីរ៉ង់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស