34.5 C
Phnom Penh

លោក ហ៊ុន ម៉ាណែត អះអាង​ថា​ទាល់តែ​ខ្មែរ​មាន​ស្មារតី​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ ទើប​កម្ពុជា​ខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទាល់តែ​ខ្មែរ​មាន​ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង​ក្នុង​ការ​ប្ដូរផ្ដាច់​ការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ពី​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង។

លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) នៅ​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៥ នេះ​ថា ស្មារតី​ជាតិ​និយម និង​ស្មារតី​ស្នេហា​ជាតិ គឺជា​ស្មារតី​ត្រឹមត្រូវ និង​ពិតប្រាកដ​របស់​ប្រជាជន​កម្ពុជា ដែល​មិន​មាន​អ្នក​ណា​អាច​បំបែក​បំបាក់​ស្មារតី​ទាំងនេះ​បាន​ឡើយ ទោះបីជា​កម្ពុជា​ជា​ប្រទេស​តូច​ក៏ដោយ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​មិន​បាន​បំផុស​ចលនា​ជាតិ​និយម​ឡើយ ប៉ុន្តែ​ប្រជាជន​កម្ពុជា​មាន​ចលនា​ជាតិ​និយម​ដោយ​ខ្លួនឯង ដើម្បី​ចូលរួម​ការពារ​ជាតិ និង​បូរណភាព​ទឹកដី​របស់​ខ្លួន ហើយ​ក្នុង​កាលៈទេសៈ​នេះ ប្រជាជន​កម្ពុជា​មាន​ស្មារតី​ជាតិ​និយម និង​ស្មារតី​ស្នេហា​ជាតិ​ខ្ពស់​បំផុត។

នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​រង​នូវ​ការ​ឈ្លានពាន​ពី​បរទេស​ជិតខាង ប្រជាជន​កម្ពុជា​បាន​បង្ហាញ​ពី​ស្មារតី​ស្នេហា​ជាតិ និង​សាមគ្គីភាព​ជាតិ ក្នុង​ការ​គាំទ្រ​រាជរដ្ឋាភិបាល និង​កងទ័ព​កម្ពុជា ដែល​កំពុង​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី និង​កិត្តិយស​ជាតិ​នា​ពេលនេះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ មិថុនា នេះ​ថា សាមគ្គី​ជាតិ​ពិតប្រាកដ​មិនមែន​គ្រាន់តែ​យក​រូបភាព​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គាំទ្រ​រដ្ឋាភិបាល​ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ធ្វើ​ជា​សំអាង​ដើម្បី​បង្ហាញ​ពលរដ្ឋ​ខ្មែរ​ថា​កម្ពុជា​មាន​សាមគ្គីភាព​នោះ​ទេ ប៉ុន្តែ​ផ្សះផ្សា​នយោបាយ​ផ្ទៃក្នុង​ជាតិ​ឱ្យ​រឹងមាំ​ពី​គ្រប់​និន្នាការ​ទាំងអស់ ទើប​កម្ពុជា​ខ្លាំង​ពិតប្រាកដ។

លោក អ៊ុំ សំអាន លើកឡើង​ថា ទាល់តែ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់​ដោយ​អយុត្តិធម៌ នោះ​ទើប​ជា​ដំណើរ​ទៅ​រក​សាមគ្គី​ជាតិ ប៉ុន្តែ​បើ​និន្នាការ​នយោបាយ​សម្រាប់​បក្ស​ប្រឆាំង​នៅតែ​ត្រូវ​បាន​រើសអើង នោះ​សាមគ្គី​ជាតិ​ពិតប្រាកដ​ក៏​មិន​អាច​កើត​មាន​ដែរ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា បើ​កម្ពុជា​អាច​ដើរ​ដល់​ដំណាក់កាល​ផ្សះផ្សា​នយោបាយ បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ​តែ​មួយ នោះ​ទើប​បរទេស​ខាង​ក្រៅ​មិន​ហ៊ាន​ឈ្លានពាន​ទឹកដី​កម្ពុជា។ ផ្ទុយទៅវិញ បើ​រដ្ឋាភិបាល​នៅតែ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​ខ្លួន នោះ​បរទេស​ជិតខាង​នៅតែ​មើលស្រាល​កម្ពុជា​ដដែល៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស