បន្ទាប់ពីសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកទៅលើទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួនបី ដោយប្រើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-2 អ៊ីរ៉ង់ក៏បានធ្វើការឆ្លើយតបវិញដោយការបាញ់មីស៊ីលផ្លោងប៉ាលិស្ទិកទៅលើមូលដ្ឋានទ័ពអាមេរិកនៅកាតារ និងអ៊ីរ៉ាក់ កាលពីយប់ថ្ងៃចន្ទចំនួន ១៤គ្រាប់។
តែយ៉ាងណា ការវាយប្រហាររបស់អ៊ីរ៉ង់ ត្រូវបានគេដឹងថាមិនបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល កងទ័ព ឬមូលដ្ឋានទ័ពអាមេរិកនោះទេ ហើយមុននឹងបើកការវាយប្រហារនេះ អ៊ីរ៉ង់ក៏បានជូនដំណឹងដល់សហរដ្ឋអាមេរិកផងដែរ។
ការសងសឹករបស់អ៊ីរ៉ង់ ដែលមិនបង្កការឈឺចាប់ខ្លាំងដល់អាមេរិក បាននាំឱ្យលោក ដូណាល់ ត្រាំ សម្រេចចូលជួយសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា បទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ចាប់ផ្តើមចូលជាធរមានហើយចាប់ពីព្រឹកថ្ងៃអង្គារ ទី២៤ មិថុនា ប៉ុន្តែលោក ត្រាំ បានទទូចឱ្យភាគីទាំងពីរ គឺអ៊ីស្រាអែល និងអ៊ីរ៉ង់ កុំរំលោភបំពានបទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥។
លោកប្រធានាធិបតីអាមេរិក បាននិយាយថា បទឈប់បាញ់ដែលលោកជាអ្នកសម្របសម្រួល គឺជាដំណើរការមួយប្រព្រឹត្តទៅជាដំណាក់កាល ដែលត្រូវប្រើពេលវេលាសរុប ២៤ម៉ោង ចាប់ផ្តើមពីខ្ទង់ម៉ោង ៤ និង ០០នាទី តាមម៉ោងសកល GMT ដែលលោក ត្រាំ អះអាងថា អ៊ីរ៉ង់ជាអ្នកផ្អាកប្រតិបត្តិការទាំងអស់មុន ហើយចំណែកអ៊ីស្រាអែល នឹងធ្វើដូចគ្នាផងដែរ។
ប៉ុន្តែមុនបទឈប់បាញ់ចូលជាធរមាន នៅថ្ងៃអង្គារ នេះ អ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើអ៊ីស្រាអែល ដែលក្រុមអ្នកសង្គ្រោះអ៊ីស្រាអែល ឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៤នាក់បានស្លាប់ក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីរ៉ង់។ មានន័យថា អ៊ីរ៉ង់ផ្ដើមរំលោភមុនបទឈប់បាញ់ប្រកាសចូលជាធរមាន។
ឥឡូវនេះ ភាគីអ៊ីស្រាអែល អាចនឹងសងសឹកអ៊ីរ៉ង់ វិញ ដោយរដ្ឋមន្ត្រីការពារជាតិ ចេញបទបញ្ជាទៅកាន់កងទ័ពឱ្យត្រៀមវាយសងសឹកអ៊ីរ៉ង់ វិញ បើទោះជាលោក ត្រាំ ទទូចឱ្យមានការអត់ឱនគ្នាក៏ដោយ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានចេញបញ្ជាឱ្យយោធាអ៊ីស្រាអែល វាយប្រហារលើទីក្រុងតេហេរ៉ង់ ជាការឆ្លើយតបទៅនឹងអ្វីដែលលោកចោទថា អ៊ីរ៉ង់បានរំលោភបំពានបទឈប់បាញ់ ប៉ុន្តែទីក្រុងតេហេរ៉ង់ បានច្រានចោលការចោទប្រកាន់នេះ។
តាមរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល អ៊ីរ៉ង់បានបាញ់មីស៊ីល ២គ្រាប់វាយប្រហារលើអ៊ីស្រាអែល តែត្រូវបានប្រព័ន្ធការពារដែនអាកាសស្ទាក់ចាប់។
ក្នុងសេចក្ដីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការពារជាតិ បានឱ្យដឹងថា រូបលោកបានចេញបញ្ជាឱ្យយោធាបន្តធ្វើប្រតិបត្តិការយ៉ាងខ្លាំងក្លា ដោយកំណត់គោលដៅលើយោធា និងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងតេហេរ៉ង់ ដោយសារតែអ៊ីរ៉ង់ បានរំលោភបំពានលើបទឈប់បាញ់ប្រកាសដោយសហរដ្ឋអាមេរិក។
បើទោះជាអ៊ីរ៉ង់ ច្រានចោលការចោទប្រកាន់របស់អ៊ីស្រាអែល ដោយបដិសេធថាខ្លួនមិនបានបាញ់មីស៊ីលលើអ៊ីស្រាអែល កាលពីប៉ុន្មានម៉ោងថ្មីៗនេះ ក៏អ៊ីរ៉ង់ អះអាងថា បានត្រៀមជានិច្ចដើម្បីឆ្លើយតបទៅនឹងការឈ្លានពានពីសត្រូវ។
ពីទីក្រុងមូស្គូ ឯណោះវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា ទីក្រុងមូស្គូ គាំទ្របទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ប៉ុន្តែទីក្រុងមូស្គូ មិនមានទំនុកចិត្តថាភាគីទាំងពីរគោរពតាម ឬយ៉ាងណាទេ។
លោក Lavrov បានលើកឡើងថា៖ «វាពិបាកណាស់នាពេលនេះ ព្រោះភាគីទាំងពីរក៏កំពុងចង់បានភាពខ្លាំងដូចគ្នា។ សហរដ្ឋអាមេរិក បានបញ្ចុះបញ្ចូលឱ្យអ៊ីស្រាអែល ឱ្យយល់ព្រមចំពោះបទឈប់បាញ់ ហើយប្រទេសកាតារ ក៏បានបញ្ចុះបញ្ចូលអ៊ីរ៉ង់។ បទឈប់មួយដែលភាគីទាំងពីរមិនប្រាថ្នា គឺជាការលំបាក។»
លោក Lavrov បន្តថា បន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាសហើយនោះ នៅមានសេចក្តីរាយការណ៍អំពីការវាយប្រហារ អំពីការបន្តវាយគ្នាទៅវិញទៅមករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយចោទប្រកាន់ថាមានការបំពានបទឈប់បាញ់។
រុស្ស៊ី ដែលជាសម្ព័ន្ធភាពនឹងអ៊ីរ៉ង់ បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិកលើអ៊ីរ៉ង់ ថាជាទង្វើខុសច្បាប់ និងមិនសមហេតុផល។
នៅយប់ថ្ងៃចន្ទ ទី២៣ មិថុនា អ៊ីរ៉ង់បានបាញ់មីស៊ីលលើមូលដ្ឋានទ័ពអាមេរិកនៅកាតារ និងអ៊ីរ៉ាក់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅឯប្រទេសរុស្ស៊ី ដើម្បីពិភាក្សាបញ្ហានៃការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ និងសុំជំនួយយោធាបន្ថែមទៀត។
ក្នុងជំនួបនេះ លោក Araghchi បានជូនលិខិតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាងតុឡាស ខាមមេនី ដែលស្នើឲ្យរុស្ស៊ី ជួយជំនួយយោធាបន្ថែម ដូចជាខែលការពារដែនអាកាស និងសុំឲ្យជួយការពារហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ខ្លួន។ តែបើតាមប្រភពរបស់វិមានក្រឹមឡាំង លោក ពូទីន មិនយល់ព្រមជួយសព្វាវុធទៅឱ្យអ៊ីរ៉ង់ ទេ ទោះបីក្រុងមូស្គូ ថ្កោលទោសអ៊ីស្រាអែល និងអាមេរិកក៏ដោយ។
ក្នុងជំនួបនោះ លោក ពូទីន បានថ្កោលទោសចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ថាជាអំពើឈ្លានពានមិនសមហេតុផល និងគ្មានយុត្តិធម៌ទាល់តែសោះចំពោះអ៊ីរ៉ង់។
តើអ៊ីស្រាអែល និងអ៊ីរ៉ង់ អស់ចិត្តលែងសងសឹកនឹងគ្នាហើយឬនៅ?
អ្នកសង្កេតការណ៍ថាប្រទេសពីរនេះអាចនឹងបន្តវាយប្រហារគ្នា ព្រោះថាអ៊ីរ៉ង់ ដែលសងសឹកតិចតួចទៅលើអាមេរិក គឺចង់ទាញអាមេរិកចេញពីអ៊ីស្រាអែល ហើយចំណែងអ៊ីស្រាអែល វិញ មិនអស់ចិត្តទេ ព្រោះតែអ៊ីស្រាអែល ចង់ផ្ដួលរំលំរបបផ្ដាច់ការ អាយ៉ាងតុឡា អាលីខាមមេនី ជាមួយនឹងការបញ្ចប់ទាំងស្រុងការរំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

