26.7 C
Phnom Penh

អ្នក​ឃ្លាំមើល​ស្នើ ACU ស៊ើបអង្កេត​ដោយ​តម្លាភាព​លើ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ដែល​ពាក់ព័ន្ធ​អំពើ​ឆបោក​ជាមួយ​អតីត​ឧកញ៉ា ឡេង ចាន់ណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល ស្នើ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បើក​ការ​ស៊ើបអង្កេត​លើ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន លោក ស៊ាន បូរ៉ាត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា ដោយ​តម្លាភាព ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៤ កក្កដា នេះ​ថា ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អនុវត្ត​ច្បាប់​លើ​មន្ត្រី​របស់​ខ្លួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​ប្រកប​ដោយ​តម្លាភាព ស្រប​តាម​គោលការណ៍​យុត្តិធម៌ និង​ភស្តុតាង រដ្ឋាភិបាល​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ។

លោក សេក សុជាតិ បញ្ជាក់​ថា ផ្ទុយទៅវិញ បើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​អាច​អនុវត្ត​ច្បាប់​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​ជនល្មើស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​នេះ​បាន​ទេ រដ្ឋាភិបាល​ក៏​នឹង​រង​នូវ​ការ​រិះគន់ និង​ការ​មិន​ទុកចិត្ត​ចំពោះ​ការ​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ពី​ប្រជាពលរដ្ឋ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ដែរ។

កាលពី​ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៥ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​សម្រេច​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ រួម​ទាំង​លោក ស ថាវី អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ផង​ដែរ។

ប្រភព​ដដែល អះអាង​ថា អ្នក​ទាំង​ពីរ​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជាមួយ​អតីត​ឧកញ៉ា ឡេង ចាន់ណា ក្នុង​ករណី​ឆបោក​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប ដែល​មាន​អ្នក​ចាញ់បោក​រាប់​ពាន់​នាក់ និង​គិត​ជា​ទឹកប្រាក់​រាប់​លាន​ដុល្លារ ក្រោយ​ការ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​ជិត ២​ឆ្នាំ។

អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជាក់​ថា តុលាការ​ខេត្ត​សៀមរាប បាន​បញ្ជូន​សំណុំរឿង​អតីត​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក​ចំនួន ៣២​សំណុំរឿង​ដែល​មាន​កម្រាស់​ជាង ២​ម៉ឺន​ទំព័រ (២៤៨៥២​ទំព័រ) និង​ត្រូវ​បាន​ត្រួតពិនិត្យ​ឯកសារ​ទាំងនេះ​អស់​រយៈពេល​មួយ​ខែ។

ប្រភព​ដដែល គូស​បញ្ជាក់​ថា ក្រោយ​ពិនិត្យ​ផ្ទៀងផ្ទាត់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​រក​ឃើញ​ថា លោក ស៊ាន បូរ៉ាត និង​លោក ស ថាវី គឺជា​ជនសង្ស័យ​ក្នុង​អំពើ​ឆបោក​នេះ មិនមែន​ជា​សាក្សី​ដូច​សាលាដំបូង​ខេត្ត​សៀមរាប បញ្ជាក់​ឡើយ។

កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៤ អតីត​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក​មួយ​ចំនួន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ «ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស (ជា​ក្រុម​មាន​ការ​ចាត់តាំង)» និង​ចោទប្រកាន់​ពី​បទ «សម្អាត​ប្រាក់» ព្រមទាំង​ចោទប្រកាន់​ពី​បទ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន» ឬ​ចេញ​សែក​ស្អុយ។

បន្ទាប់ពី​អតីត​ឧកញ៉ា ឡេង ចាន់ណា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន រូបថត​អតីត​ឧកញ៉ា ឡេង ចាន់ណា ជាមួយ​លោក ស៊ាន បូរ៉ាត ជាច្រើន​សន្លឹក ក៏​ត្រូវ​បាន​គេ​ទម្លាយ ដែល​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​នាក់​នេះ​ពិត​ជា​បាន​សហការ​គ្នា​បោកប្រាស់​លុយ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ប្រាកដ​មែន។

លើស​ពី​នេះ ក៏​មាន​រូបថត​ដែល​លោក ស៊ាន បូរ៉ាត ចូលរួម​កម្មវិធី​ជួបជុំ​សមាជិក​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី ជាមួយ​អ្នកស្រី ឡេង ចាន់ណា ក្នុង​នាម​ជា​ម្ចាស់​ក្រុមហ៊ុន​នេះ​ផង​ដែរ។ បន្ថែម​ពី​នេះ ក៏​មាន​វីដេអូ​ដែល​លោក ស៊ាន បូរ៉ាត បាន​ណែនាំ​ដល់​សមាជិក​រាប់​រយ​នាក់​ក្នុង​សិក្ខាសាលា​អំពី​វិធី​ប្រមូល​លុយ​សម្រាប់​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី ថែមទៀត។

ជុំវិញ​អំពើ​ឆបោក​នេះ អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ លោក ស ថាវី ក៏​ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប កោះហៅ​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៤ ដែរ បន្ទាប់ពី​ត្រូវ​បាន​រក​ឃើញ​ថា មន្ត្រី​កងកម្លាំង​រូប​នេះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា នោះ។

អ្នកស្រី ឡេង ចាន់ណា បាន​បង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ឈ្មោះ «ប្រ៊ីលាន ស៊ីធី វើលដ៍» ដែល​រកស៊ី​ខាង​វិនិយោគ​ដីធ្លី​ក្នុង​ខេត្ត​សៀមរាប ដោយ​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន តាំងពី​ក្នុង​ប្រទេស​រហូត​ដល់​ក្រៅ​ប្រទេស ដូចជា ប្រទេស​កូរ៉េខាងត្បូង ជាដើម តាម​ទម្រង់​ឆបោក​ផនស៊ី (Ponzi)៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស