26.3 C
Phnom Penh

ព្រះមហាក្សត្រ៖ ការ​ដាំ​ដើមឈើ​និង​ការពារ​ព្រៃឈើ គឺជា​ការ​ជួយ​ខ្លួនឯង​និង​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី មាន​ព្រះ​រាជបន្ទូល​ថា ការ​ដាំ​ដើមឈើ និង​ការ​ការពារ​ព្រៃឈើ គឺជា​ការ​ជួយ​ខ្លួនឯង ក៏ដូចជា​ការ​បង្កើន​ធនធាន​ធម្មជាតិ​ដែល​មាន​តម្លៃ​សម្បូរ​គ្រប់​យ៉ាង និង​ធានា​បាន​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជារាស្ត្រ ដែល​អាច​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

ព្រះអង្គ​មាន​ព្រះ​រាជបន្ទូល​នៅ​ក្នុង​ព្រះរាជ​ពិធី «រុក្ខទិវា ៩​កក្កដា» លើក​ទី​២៩ ដែល​ធ្វើ​ឡើង​នៅ​កសិដ្ឋាន​ផលិត​ពូជ​ដំណាំ​តំបន់​ដី​ខ្ពស់​ចម្ការលើ ស្រុក​ចំការលើ ដោយ​បាន​ចាត់ទុក​ពិធី រុក្ខទិវា ជា​វប្បធម៌​ដ៏​ប្រសើរ និង​ជា​ចលនា​ជាតិ​មួយ​ដ៏​សំខាន់​ក្នុង​កម្មវិធី​ស្ដារ និង​អភិរក្ស​ធម្មជាតិ ជាពិសេស​រក្សា​ការពារ​ព្រៃឈើ​ដែល​ជា​ជម្រក​ដ៏​សំខាន់​បំផុត​របស់​សត្វ​គ្រប់​ប្រភេទ រក្សា​ទឹក និង​ជីវចម្រុះ​ទុក​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​ជំនាន់ និង​ជា​ការ​សន្សំ​បុណ្យ​កុសល​ដ៏​ធំធេង​សម្រាប់​មនុស្ស​ជាតិ​គ្រប់​រូប។

ព្រះប្រមុខរដ្ឋ​បាន​អំពាវនាវ​ឱ្យ​បន្ត​សកម្មភាព​ដ៏​ថ្លៃថ្លា​ទាំងនេះ ដើម្បី​ជួយ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ជា​ប្រយោជន៍​ដល់​ពិភពលោក​ទាំងមូល។

ព្រះមហាក្សត្រ​បាន​ឧទ្ទិស​ឱ្យ​ពិធី​រុក្ខទិវា​នេះ ស្ថិត​ក្នុង​បេះដូង​របស់​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​រូប ហើយ​ក៏​ជា​ចលនា​ជាតិ​នៃ​ការ​រួម​សាមគ្គី​គ្នា​ដាំ​ដើមឈើ​គ្រប់​ប្រភេទ ដែល​ជា​មរតក​ជាតិ​ឱ្យ​បាន​គង់វង្ស​ជា​រៀង​រហូត។

ព្រះមហាក្សត្រ​រំលឹក​ដល់​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ដែល​ផ្ដួចផ្ដើម​រៀបចំ​ពិធី​រុក្ខទិវា ទៅ​ជា​ចលនា​ជាតិ ហើយ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​តាម​ខេត្ត​នានា​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ដើម្បី​បំផុស និង​លើក​ទឹកចិត្ត​ឱ្យ​កូនចៅ​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ ចូលរួម​ថែរក្សា ការពារ​ព្រៃឈើ និង​ដាំ​ដើមឈើ​នៅ​ទូទាំង​ប្រទេស។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បាន​អះអាង​ថា គិត​ត្រឹម​ឆ្នាំ​២០២៥ រដ្ឋបាល​ព្រៃឈើ​បណ្ដុះ និង​ដាំ​កូនឈើ​បាន​ជាង ២១​លាន​ដើម ខណៈ​កូនឈើ​ជាច្រើន​លាន​ដើម​ទៀត ត្រូវ​បាន​ពលរដ្ឋ​បណ្ដុះ និង​ដាំ​ផង​ដែរ ដោយ​មិន​រាប់​បញ្ចូល​នូវ​ដើម​ហូប​ផ្លែ ឬ​ដំណាំ​ឧស្សាហកម្ម​ឡើយ។

ទោះជា​បែប​នេះ​ក្តី កាលពី​ឆ្នាំ​២០២២ អង្គការ​គំនិត​ផ្ដួចផ្ដើម​សកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន (Global Initiative Against Transnational Organized Crime) បាន​ចេញ​សេចក្តី​រាយការណ៍​ស្រាវជ្រាវ​មួយ​ពី​មែកធាង​អំពើ​ខុស​ច្បាប់​ដែល​មាន​រចនាសម្ព័ន្ធ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា (Branches of Cambodia’s Illegality Structures) ដោយ​បង្ហាញ​ថា ប្រព័ន្ធ​ការពារ​គ្នា​ទៅវិញ​ទៅមក​ដែល​បង្កើត​ឡើង​ដោយ​គ្រួសារ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជាមួយ​ក្រុម​ឧកញ៉ា និង​កងកម្លាំង​ប្រដាប់​អាវុធ ធ្វើ​ឱ្យ​មាន​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ដ៏​ធ្ងន់ធ្ងរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស