26.9 C
Phnom Penh

នាយករដ្ឋមន្ត្រី​ខ្មែរ​ត​ពី​ឪពុក ពន្យល់​រឿង​កែ​ច្បាប់​ថា​ត្រូវ​ធ្វើ​ម្ចាស់ការ​លើ​ខ្លួនឯង​ដើម្បី​ប្រទេស​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា​កំពុង​ពង្រឹង​ភាព​ជា​ម្ចាស់​លើ​ការ​តាក់តែង​ច្បាប់​ដោយ​ខ្លួនឯង ដើម្បី​ខ្លួនឯង ឱ្យ​ទៅ​ជា​ប្រព័ន្ធ​ច្បាប់​មួយ​ដែល​មាន​ឯកភាព ប្រសិទ្ធភាព​និង​សន្តិសុខ ស្រប​តាម​ការ​អនុវត្ត​ឲ្យ​កាន់តែ​ប្រសើរ​តាម​ស្តង់ដា​អន្តរជាតិ និង​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា។

កូនប្រុស​មេដឹកនាំ​រំលោភ​ច្បាប់​ផ្ដាច់មុខ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​កែទម្រង់​ច្បាប់​នៅ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ​ថា ប្រទេស​កម្ពុជា​បាន​ផ្លាស់ប្ដូរ​ពី​ការ​ពឹងផ្អែក​លើ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការ​កសាង​ច្បាប់ មក​កាន់​ភាព​ជា​ម្ចាស់​លើ​ការ​តាក់តែង​ច្បាប់​ដោយ​ខ្លួនឯង ដើម្បី​ខ្លួនឯង ជាមួយ​ការ​ធានា​បាន​នូវ​គោល​គំនិត​រួម (សង្គតិភាព) និង​សកម្មភាព​រួម (សមានគតិ) រវាង​គុណតម្លៃ​ប្រវត្តិសាស្ត្រ និង​គុណតម្លៃ​សកល។

លោក​មិន​ហ៊ាន​ប្រើ​ពាក្យ​វប្បធម៌ សមានានុភាព​រវាង​ពលរដ្ឋ និង​រដ្ឋអំណាច​នោះ​ឡើយ។ លោក​គួរតែ​ជ្រាប​កាលពី​លោក​រៀន​នៅ​សាលា​យោធា​អាមេរិកាំង​ថា សម័យ​ដែល​ស្ថាបនិក​អាមេរិកាំង​ចងក្រង​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ប្រឆាំង​នឹង​របប​ផ្ដាច់ការ។ ក្រោយ​មក​នៅ​ឆ្នាំ​១៩១៤ អ្នក​ប្រឆាំង​នឹង​នយោបាយ​ផ្ដាច់ការ​បែប​សង្គម​និយម John Basil Barnhill ថ្លែង​ថា៖ «ទីណា​ពលរដ្ឋ​ភ័យខ្លាច​រដ្ឋាភិបាល ទីនោះ​មាន​របប​ផ្ដាច់ការ​ហើយ។ រីឯ​ទីណា​រដ្ឋាភិបាល​ភ័យខ្លាច​ពលរដ្ឋ ទីនោះ​មាន​សេរីភាព​ដល់​មនុស្ស​ហើយ។»

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា អំណាច​អធិបតេយ្យ​ជាតិ​លើ​ការ​តាក់តែង និង​អនុវត្ត​ច្បាប់ ត្រូវ​បាន​លើក​តម្កើង​បន្ថែម​ទៀត​តាមរយៈ​ការ​កសាង​ច្បាប់​បែប​ប្រទេស​កម្ពុជា ដោយ​កម្ពុជា ជូន​កម្ពុជា និង​ដើម្បី​កម្ពុជា ជាមួយ​នឹង​ការ​ធានា​បាន​នូវ​វឌ្ឍនភាព វិបុលភាព និង​ផល​ប្រយោជន៍​របស់​ខ្លួន។

ត្រង់​ចំណុច​អធិបតេយ្យ​ជាតិ (national sovereignty) តាម​លទ្ធិប្រជាធិបតេយ្យ គេ​សំដៅ​ដល់​អំណាច​ចុងក្រោយ​ដែល​ស្ថិត​នៅ​លើ​ពលរដ្ឋ ដែល​មាន​សិទ្ធិ​ជ្រើសរើស​យក​រដ្ឋាភិបាល​មួយ​ឲ្យ​ដឹកនាំ​គេ​ក្នុង​ជម្រើស​ដោយ​សេរី គ្មាន​ការ​បង្ខំ​ចិត្ត ស្ថិត​នៅ​លើ​ការ​ចូលរួម​ផ្ទាល់ ឬ​ចូលរួម​ប្រយោល​ពី​ពលរដ្ឋ ស្ថិត​នៅ​លើ​អំណាច​រដ្ឋធម្មនុញ្ញ ដែល​ពលរដ្ឋ​ចូលរួម​តាក់តែង និង​បោះឆ្នោត​គាំទ្រ​លើ​រចនាសម្ព័ន្ធ​អំណាច​នៃ​រដ្ឋាភិបាល ស្ថិត​នៅ​លើ​ការ​ទទួល​ខុសត្រូវ​នៃ​រដ្ឋាភិបាល​ចំពោះ​ពលរដ្ឋ ពោល​គឺ​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ បើ​មិន​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ទេ រដ្ឋាភិបាល​នោះ​ជា​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់។

ម្យ៉ាង​ទៀត អធិបតេយ្យ​ជាតិ មិន​អាច​មាន​ទាំងស្រុង​នោះ​ទេ បើ​រដ្ឋាភិបាល​មួយ​មាន​ចុះ​សន្ធិសញ្ញា មាន​កាតព្វកិច្ច​ត្រូវ​បំពេញ​លើ​វិស័យ​មួយ​ចំនួន ដោយ​មិន​អាច​សម្រេច​ខ្លួនឯង​បាន មិនមែន​ជា​រដ្ឋ​ឯករាជ្យ​សុទ្ធសាធ។ សព្វថ្ងៃ​នេះ រាជរដ្ឋាភិបាល​ត្រូវ​សម្រប​តាម​បំណង​មហាអំណាច​ចិន អំណាច​យៀកណាម លើ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ ព្រមទាំង​មហាអំណាច​សហរដ្ឋ​អាមេរិក​លើ​បញ្ហា​ពាណិជ្ជកម្ម។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ធ្វើការ​កែលំអ​ច្បាប់​ជាបន្តបន្ទាប់ ទាំង​លើ​ផ្នែក​គោលនយោបាយ និង​ផ្នែក​យុទ្ធសាស្ត្រ ចាប់តាំងពី​ឆ្នាំ​១៩៩៩ រហូត​ដល់​ឆ្នាំ​២០២៤ កន្លង​ទៅ ដើម្បី​ពង្រឹង​វប្បធម៌​នីតិរដ្ឋ ជាពិសេស​ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ វិនិយោគិន និង​វិស័យ​ឯកជន មក​លើ​ប្រព័ន្ធ​ច្បាប់​នៅ​រាជាណាចក្រ​កម្ពុជា។

រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ថា ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០២៣ ក្នុង​ជំនាន់​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​តាក់តែង​ច្បាប់​ជាង ៦០០​ច្បាប់ (៦៣២​ច្បាប់) ចំណែកឯ​ការ​កែប្រែ​ច្បាប់​កំពូល គឺ​រដ្ឋធម្មនុញ្ញ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន ១០​លើក​រួច​មក​ហើយ​ដែរ។

ក្នុង​ចំណោម​ច្បាប់​ដែល​ត្រូវ​បាន​តាក់តែង​ឡើង គេ​សង្កេត​ឃើញ​ថា មួយ​ផ្នែក​គឺ​ដើម្បី​ធានា​ការ​អភិវឌ្ឍ​របស់​កម្ពុ​ជា​ប្រាកដ​មែន ប៉ុន្តែ​ច្បាប់​ទាំងនេះ​ភាគច្រើន​ត្រូវ​ជាប់​គាំង ដូចជា ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​នៅតែ​ជា​ប្រទេស​ក្រីក្រ និង​ទន់ខ្សោយ ទោះជា​ប្រទេស​នេះ​បាន​ចាកចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​ជាង ៤​ទសវត្សរ៍​ទៅ​ហើយ​ក៏ដោយ។

ចំណែកឯ​ច្បាប់​ដែល​ត្រូវ​បាន​តាក់តែង​ឡើង​ខ្លះ​ទៀត គឺ​ដើម្បី​តែ​ការពារ​អំណាច​មេដឹកនាំ​នៃ​បក្ស​ប្រជាជន​កម្ពុជា តែប៉ុណ្ណោះ ដូចជា ក្រមព្រហ្មទណ្ឌ​មាត្រា​៤៥១ ដែល​ចែង​អំពី បទ​ឧបឃាត (ក្បត់​ជាតិ) និង​មាត្រា​៤៥៣ ដែល​ចែង​ពី​បទ​បទ​រួម​គំនិត​ក្បត់ ជាដើម។

ជាង​នេះ​ទៀត មាត្រា​៤៩៤ និង​មាត្រា​៤៩៥ ដែល​ចែង​អំពី​បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស រួម​ទាំង​មាត្រា​ជាច្រើន​ទៀត​នៃ​ច្បាប់​នេះ ក៏​ធ្វើ​ឡើង​ក្នុង​គោលដៅ​បង្ក្រាប​ក្រុម​ប្រឆាំង​ដែរ។ ជាក់ស្តែង សកម្មជន​នានា​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើ​មាត្រា​ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​នេះ ចាប់​ខ្លួន​ដាក់​គុក​ជាបន្តបន្ទាប់។

ដោយឡែក​ការ​កែប្រែ​ច្បាប់ ឬ​ធ្វើ​វិសោធនកម្ម​ច្បាប់​កំពូល (រដ្ឋធម្មនុញ្ញ) ទាំង ១០​លើក​កន្លង​មក ជា​ចេតនា​បើក​ផ្លូវ​ឱ្យ​រដ្ឋាភិបាល​អាច​តាក់តែង​ច្បាប់​ផ្សេងៗ​ក្នុង​គោលដៅ​ឆ្ពោះ​ទៅ​ការពារ​អំណាច និង​ផល​ប្រយោជន៍​របស់​បក្ស​កាន់​អំណាច​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ដែរ។ ឧទាហរណ៍​ជាក់ស្តែង ដូចជា ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ឱ្យ​មក​ជា ៥០% បូក ១ និង​ជាពិសេស​ការ​កែប្រែ​មាត្រា​៣៣ ដើម្បី​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត ដែល​គ្រោង​អនុម័ត​នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ ជាដើម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស