រដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឱ្យអនុវត្តអត្រាពន្ធសូន្យភាគរយ (០%) ក្រោមលក្ខខណ្ឌតែពីរប្រភេទប៉ុណ្ណោះសម្រាប់មុខទំនិញដែលនាំចូលពីសហរដ្ឋអាមេរិកទៅកម្ពុជា ក្រៅពីលក្ខខណ្ឌទាំងពីរប្រភេទនេះ គឺត្រូវអនុវត្តពន្ធគយទៅតាមប្រភេទទំនិញដូចមុនដដែល។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើអនុក្រឹត្យចុះថ្ងៃទី៨ ខែសីហា ថា លក្ខខណ្ឌពីរប្រភេទដែលត្រូវដាក់ឱ្យអនុវត្តអត្រាពន្ធសូន្យភាគរយ (០%) រួមមាន មុខទំនិញដែលមានដើមកំណើតនៅអាមេរិក និងនាំចូលទៅប្រទេសកម្ពុជាពីសហរដ្ឋអាមេរិក រួមទាំងមុខទំនិញមិនទាន់ប្រើប្រាស់។
អនុក្រឹត្យស្ដីពីការអនុវត្តអត្រាពន្ធនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាសម្រេចលើកលែងពន្ធលើមុខទំនិញរបស់អាមេរិក ដើម្បីជាការដោះដូរឱ្យអាមេរិកបញ្ចុះពន្ធបដិការលើមុខទំនិញរបស់កម្ពុជា កាលពីពេលថ្មីៗនេះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសស្ដីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក នៅថ្ងៃទី៨ សីហា នេះថា អ្នកនាំទំនិញចូលពីអាមេរិក ត្រូវប្រកាសសំអាងដើមកំណើតទំនិញតាមទម្រង់ និងនីតិវិធីដែលកំណត់ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គូសបញ្ជាក់ថា គ្រប់មុខទំនិញដែលមានដើមកំណើតពីអាមេរិក និងបានដឹកជញ្ជូនត្រង់ចេញពីសហរដ្ឋអាមេរិកមកកម្ពុជា ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះ គឺត្រូវអនុវត្តអត្រាពន្ធគយសូន្យភាគរយ (០%)។
ជុំវិញបញ្ហានេះ អ្នករកស៊ីនាំរថយន្តពីអាមេរិកទៅកម្ពុជា លើកឡើងលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកព្រោងព្រាតថា ចំពោះការអនុវត្តអត្រាពន្ធ ០% លើមុខទំនិញមិនទាន់ប្រើប្រាស់ពីអាមេរិក គឺមានន័យថា រាល់មុខទំនិញមួយទឹក ដូចជា ឡានមួយទឹករបស់អាមេរិក ជាដើម នឹងមិនត្រូវបានអនុវត្តពន្ធគយ ០% ទេ សម្រាប់ការនាំចូលពីសហរដ្ឋអាមេរិកទៅកម្ពុជា។ ចំណែកឯការកំណត់មុខទំនិញដែលមានដើមកំណើតនៅអាមេរិក និងនាំចូលទៅប្រទេសកម្ពុជាពីសហរដ្ឋអាមេរិក គឺមានន័យថា រាល់មុខទំនិញដែលមិនផលិតនៅអាមេរិក ឧទាហរណ៍ ផលិតនៅប្រទេសជប៉ុន ដូចជា ឡាន ជាដើម ដែលនាំទៅលក់នៅអាមេរិក ហើយបន្តនាំចូលទៅកម្ពុជា ទោះជាប្រភេទឡានថ្មីក៏ដោយ ក៏មិនទទួលបានការអនុវត្តពន្ធ ០% ដែរ។
ជាងនេះទៀត ទោះបីជាប្រទេសផ្សេងដំឡើងរោងចក្រផលិតរថយន្តនៅអាមេរិក ហើយនាំចូលទៅលក់នៅកម្ពុជាក៏ដោយ ក៏មិនត្រូវបានអនុវត្តពន្ធ ០% ដូចគ្នាដែរ។
ប្រភពដដែល ពន្យល់ថា ឡានថ្មីដែលនាំចូលមកពីអាមេរិក នឹងតម្រូវឱ្យបង់ពន្ធ ៨០% មិនមែន ០% ទេ ព្រោះថាកាលពីមុន ឡានថ្មីនាំចូលមកពីអាមេរិក ត្រូវបង់ពន្ធ ១១៥% ប៉ុន្តែឥឡូវនេះ គឺនៅសល់ត្រឹម ៨០% ដោយសារតែរដ្ឋាភិបាលបានលុបចោលពន្ធ ៣៥% មកនៅ ០% វិញ ប៉ុន្តែតម្លៃពន្ធពិសេស គឺរក្សានៅ ៧០% និងពន្ធអាករតម្លៃបន្ថែមក៏រក្សានៅ ១០% ដូចមុនដដែលដែរ។
ក្រុមអ្នករកស៊ីរថយន្តទាំងនេះ បញ្ជាក់ថា ពន្ធសម្រាប់ឡានថ្មីដែលនាំចូលមកពីអាមេរិក ០% ក៏ពិតមែន ប៉ុន្តែអត្រាពន្ធអាករលើតម្លៃពិសេស និងពន្ធតម្លៃបន្ថែម គឺរក្សានៅក្នុងអត្រា ៨០% ដដែល ចំណែកឯឡានមួយទឹក (ឡានជជុះ) ត្រូវបង់ពន្ធ ១១៥% ពេញដូចមុន មិនមានការបញ្ចុះពន្ធអ្វីទាំងអស់ ទោះឡានទាំងនោះមានដើមកំណើតពីសហរដ្ឋអាមេរិកក៏ដោយ។
ជុំវិញបញ្ហានេះ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានពន្យល់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការអនុវត្តពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក នៅថ្ងៃទី៨ សីហា នេះថា រថយន្តថ្មីដែលបានផលិតនៅសហរដ្ឋអាមេរិក នាំចូលមកកម្ពុជា ត្រូវអនុវត្តអត្រាពន្ធគយ ០% ប៉ុន្តែរថយន្តដែលប្រើប្រាស់រួច មានគីឡូចាប់ពី ៥ពាន់គីឡូម៉ែត្រឡើងទៅ (៥០០០Km) មិនអាចស្នើសុំអនុវត្តពន្ធគយ ០% បានឡើយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

