28.8 C
Phnom Penh

មេដឹកនាំ​កុម្មុយនីស្ត​ទាំង​បី​ជួប​គ្នា​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​រំលឹក​ខួប ៨០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ នៅ​ទីក្រុង​ប៉េកាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ត្រូវ​បាន​គេ​មើល​ឃើញ​ថា មេដឹកនាំ​ផ្ដាច់ការ​ទាំង​ពីរ​នេះ​បាន​ចាប់​ដៃ​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន ជាបន្តបន្ទាប់​គ្នា។

ទាំង​ប្រទេស​ចិន និង​កូរ៉េខាងជើង ជា​រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ។ ចំណែក​រុស្ស៊ី ជា​ប្រទេស​ផ្ដាច់ការ​និយម​បែប​កុម្មុយនីស្ត។

ការ​បង្ហាញ​មិត្តភាព​ជា​សាធារណៈ​រវាង​មេដឹកនាំ​ទាំង​បី​នេះ ជា​មោទនភាព​ការទូត​ដ៏​មាន​អត្ថន័យ​សំខាន់​សម្រាប់​ទីក្រុង​ប៉េកាំង ជា​ការ​បញ្ជូន​សារ​រឹងមាំ​ទៅ​កាន់​លោកខាងលិច។ ក្នុង​ព្រឹត្តិការណ៍​មិន​ធ្លាប់​មាន​ពី​មុន លោក ស៊ី ជីនពីង បាន​ដើរ​ទៅ​លើ​កម្រាលព្រំ​ក្រហម ហើយ​ចាប់​ដៃ​ជាមួយ​លោក ពូទីន នៅ​ខាង​ស្ដាំ និង​លោក គីម នៅ​ខាង​ឆ្វេង ដែល​ជា​ការ​បង្ហាញ​នូវ​និមិត្តសញ្ញា​នៃ​មិត្តភាព​ដ៏​ស៊ីជម្រៅ​ទាំង​បី​ប្រទេស​នេះ។

ព្រឹត្តិការណ៍​ដែល​មាន​រយៈពេល​ប្រមាណ ៩០​នាទី​នេះ ត្រូវ​បាន​រៀបចំ​ដើម្បី​រលឹក​ខួប ៨០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ នៅ​ថ្ងៃ​ពុធ ទី​៣ ខែ​កញ្ញា នេះ នៅ​ទីក្រុង​ប៉េកាំង តែ​ជាមួយ​គ្នា​នេះ​ក៏​ជា​ព្រឹត្តិការណ៍​ដើម្បី​បង្ហាញ​សមត្ថភាព​កងទ័ព និង​សព្វាវុធ​របស់​ចិន ហើយ​ក៏​ជា​ការ​ប្រមូលផ្ដុំ​សម្ព័ន្ធមិត្ត​ប្រឆាំង​លោកខាងលិច​ដែរ។

ក្នុង​សុន្ទរកថា​បើក​ក្បួន​ព្យុហយាត្រា​កងទ័ព លោក ស៊ី បាន​ព្រមាន​ថា ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ជម្រើស​នៃ​សន្តិភាព ឬ​សង្គ្រាម។

ការ​បង្ហាញ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ បាន​នាំ​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែល​បាន​ចោទប្រកាន់​ថា​មេដឹកនាំ​ទាំង​បី​ប្រទេស​នេះ​ថា​កំពុង​រៀបចំ​ផែនការ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក។ នៅ​លើ​បណ្ដាញ​សង្គម Truth Social លោក ត្រាំ បាន​សរសេរ​ដោយ​ប្រើ​ភាសា​ក្នុង​ន័យ​រិះគន់​ថា៖ «សូម​ថ្លែង​អំណរគុណ​យ៉ាង​កក់ក្តៅ​ចំពោះ​លោក វ៉្លាឌីមៀ ពូទីន និង​លោក គីម ជុងអ៊ុន ដែល​អ្នក​ទាំង​ពីរ​កំពុង​ឃុបឃិត​គ្នា​ជាមួយ​ចិន ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក។»

ការ​បង្ហាញ​នូវ​ក្បួន​ព្យុហយាត្រា​ជាមួយ​នឹង​សព្វាវុធ​យោធា បាន​ជំរុញ​ឱ្យ​ប្រជាជន​ចិន រលឹក​ដល់​ប្រវត្តិសាស្ត្រ​ជាតិ​ចិន ដ៏​រឹងមាំ។

នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​កម្លាំង​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ទីក្រុង​ប៉េកាំង ប្រធានាធិបតី ស៊ី ជីនពីង បាន​ត្រួតពិនិត្យ​កងទ័ព និង​គ្រឿង​សព្វាវុធ​ជាច្រើន​ពី​លើ​រថយន្ត limousine បើក​ដំបូល​ចំហ ដែល​បាន​ធ្វើ​ដំណើរ​ចុះ​លើ​វិថី​ដ៏​ធំ​មួយ មុន​ពេល​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ភ្ញៀវ​របស់​លោក​នៅ​ក្នុង​កន្លែង​អង្គុយ​នៅ​លើ​វេទិកា ដែល​ស្ថិត​នៅ​ក្បែរ​រូបសំណាក​អតីត​មេដឹកនាំ​ចិន ម៉ៅ សេទុង នៅ​លើ​ទីលាន Tiananmen ដែល​ជា​ច្រក​ទ្វារ​ដែល​មាន​ន័យ​សំខាន់​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។

កងទ័ព រថក្រោះ ប្រព័ន្ធ​មីស៊ីល និង​អាវុធ​ធុន​ធ្ងន់​យុទ្ធសាស្ត្រ​របស់​ចិន ត្រូវ​បាន​បង្ហាញ​ឲ្យ​ឥស្សរជន​ទស្សនា ដោយ​មាន​ទាហាន និង​ស្ត្រី​រាប់​ពាន់​នាក់​ដើរ​តាម​ជា​ជួរៗ និង​បង្ហាញ​ទំនៀមទម្លាប់​យោធា​ក្នុង​រូបភាព​ល្អ​ឥត​ខ្ចោះ។

កង​ទាហាន​ដែល​បាន​សម្ដែង​លោត​ចូល និង​ចេញ​ពី​យានជំនិះ និង​យន្តហោះ​ចម្បាំង​ផ្សេងៗ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​សម្រាប់​ប្រជាជន​នានា​បាន​ទស្សនា។

ប្រជាជន​ទីក្រុង​ប៉េកាំង បាន​ចេញ​មើល​ទិដ្ឋភាព​បង្ហាញ​នេះ ហើយ​ការ​បង្ហាញ​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ជាច្រើន បាន​ជំរុញ​ឲ្យ​អារម្មណ៍​ប្រជាជន​ទាំងនោះ​នឹក​ឃើញ​ពី​អនុស្សាវរីយ៍​ប្រវត្តិសាស្ត្រ​ជាតិ និង​ភាព​រឹងមាំ​របស់​ប្រជាជន​ជា​លើកដំបូង ចាប់តាំងពី​សង្គ្រាម​លោក​លើក​ទី​ពីរ បាន​បិទ​បញ្ចប់​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៤៥។

ការ​បង្ហាញ​នេះ ក៏​មាន​ន័យ​យ៉ាង​សំខាន់​ផង​ដែរ​ទៅ​លើ​ប្រវត្តិសាស្ត្រ​ជាតិ​ចិន ពីព្រោះ​ប្រជាជន​ចិន រាប់​លាន​នាក់ បាន​ស្លាប់​ក្នុង​សង្គ្រាម​ជាមួយ​អធិរាជ​ជប៉ុន ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៣០ និង​ឆ្នាំ​១៩៤០ ដែល​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ពិភពលោក បន្ទាប់ពី​ជប៉ុន បើក​ការ​វាយប្រហារ​លើ​កំពង់ផែ Pearl Harbor ក្នុង​ឆ្នាំ​១៩៤១។

សប្តាហ៍​ដ៏​មាន​អត្ថន័យ​ទូលំទូលាយ​របស់​ចិន បាន​បង្ហាញ​ពី​ការ​រួបរួម​នយោបាយ​រវាង​មេដឹកនាំ​កុម្មុយនីស្ត​ទាំង​បី​រូប គឺ​រុស្ស៊ី ចិន និង​កូរ៉េខាងជើង ជាមួយ​នឹង​ការ​រំលឹក​ពី​ប្រវត្តិសាស្ត្រ​ដ៏​រឹងមាំ​របស់​ចិន។

នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​បង្ហាញ​កម្លាំង​យោធា​នៅ​ទីក្រុង​ប៉េកាំង ការ​ផ្សាយ​ព័ត៌មាន​អំពី​រូបភាព និង​កិច្ចសន្ទនា​វាង​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​ម៉ត់ចត់ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន បង្ហាញ​តែ​រូបភាព​ជា​ផ្លូវការ និង​ការ​រួបរួម​គ្នា​រវាង​មេដឹកនាំ​ទាំង​បី​រូប ខណៈ​ដែល​អ្នកកាសែត​បរទេស​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈរ​ពី​ចម្ងាយ ហើយ​មិន​អាច​ថត​រូប ឬ​ថត​វីដេអូ​របស់​មេដឹកនាំ​បាន​នោះ​ទេ។

ព្រឹត្តិការណ៍​នេះ​ក្លាយ​ជា​ចំណុច​សំខាន់​សម្រាប់​លោក ស៊ី ក្នុង​វេទិកា​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ SCO នៅ​ទីក្រុង Tianjin ដែល​បង្ហាញ​អំណាច​នយោបាយ​សម្ព័ន្ធភាព រួម​ទាំង​ប្រធានាធិបតី​បេឡារុស្ស លោក Alexander Lukashenko និង​ប្រធានាធិបតី​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែល​ជា​លើកដំបូង​របស់​លោក​ក្នុង​ជំនួប​ជាមួយ​លោក ស៊ី និង​លោក ពូទីន នៅ​ក្នុង​ព្រឹត្តិការណ៍​រៀបចំ​ដោយ​ប្រទេស​ចិន។

ទោះបីជា​យ៉ាងណា មេដឹកនាំ​សំខាន់ៗ​ពី​ប្រទេស​លោកខាងលិច មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ទេ ហើយ​ទំនាក់ទំនង​អន្តរជាតិ​សំខាន់ៗ​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​ម៉ត់ចត់ និង​មាន​សន្តិសុខ​រឹត​បន្តឹង​ពី​ការ​បិទ​ផ្លូវ​នៅ​ពាសពេញ​ទីក្រុង​ប៉េកាំង និង​ទីក្រុង Tianjin។

ការ​បង្ហាញ​នេះ ផ្ដោត​លើ​ភាព​រួបរួម​អំណាច​នយោបាយ​របស់​ចិន និង​ភាព​ជា​ដៃគូ​របស់​លោក គីម ជុងអ៊ុន ជាមួយ​លោក ស៊ី និង​លោក ពូទីន ដែល​បង្ហាញ​ថា កូរ៉េខាងជើង​មាន​មិត្ត​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​តំបន់។

លោក Lam Peng Er អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​អាស៊ី​បូព៌ា នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី យល់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក គីម ជុងអ៊ុន នៅ​ប៉េកាំង ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ បង្ហាញ​ថា​គាត់​មាន​មិត្ត​ចិន និង​រុស្ស៊ី ដ៏​មាន​ឥទ្ធិពល និង​គោរព​គាត់ ខណៈ​ដែល​លោក ស៊ី ក៏​បង្ហាញ​ថា​លោក​អាច​កោះ​ប្រជុំ​ជាមួយ​មេដឹកនាំ​ប្រទេស​មាន​អំណាច និង​ឥទ្ធិពល​នយោបាយ ក្នុង​នោះ​មាន​ទាំង​លោក គីម ជុងអ៊ុន និង​លោក ពូទីន រួម​គ្នា​មក​ជួប​លោក៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស