26.3 C
Phnom Penh

ឧត្ដមសេនីយ៍​ពីរ​រូប​របស់​ចិន ត្រូវ​បាន​ចោទ​ថា​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក ស៊ី ជីនពីង ពី​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រភព​ព័ត៌មាន​ពី​ប្រទេស​លោកខាងលិច បាន​ឱ្យ​ដឹង​ថា អនុប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​បក្ស​នៃ​បក្ស​កុម្មុយនីស្ត​ចិន ឧត្ដមសេនីយ៍ Zhang Yuxia និង​សមាជិក​ម្នាក់​ទៀត​ក្នុង​គណៈកម្មាធិការ​យោធា​មជ្ឈិម គឺ​ឧត្ដមសេនីយ៍ Liu Zhenli ត្រូវ​បាន​ចោទ​ថា​បាន​បញ្ជូន​កងទ័ព​មួយ​ក្រុម​ក្នុង​ចំនួន ១០០​នាក់ ឬ​ច្រើន​ជាង​នេះ ទៅ​កាន់​សណ្ឋាគារ Yingxi របស់​រដ្ឋាភិបាល​ដែល​ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​ប៉េកាំង ដែល​នៅ​ទីនោះ ក្រុម​កម្លាំង​បះបោរ​មាន​ផែនការ​ចាប់​ខ្លួន​លោក​ប្រធានាធិបតី ស៊ី ជីនពីង ដែល​គេ​ថា​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ។

ទោះជា​យ៉ាងណាក្ដី ផែនការ​ផ្តួល​រំលំ​លោក ស៊ី និង​ការ​បាញ់​ប្រហារ​គ្នា​នៅ​ទីក្រុង​ប៉េកាំង បាន​ផ្ទុះ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៦ គឺជា​ផែនការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក ស៊ី ខណៈ​ដែល​លោក ស៊ី កំពុង​ស្នាក់នៅ​សណ្ឋាគារ Jingxi ដែល​ស្ថិត​នៅ​ភាគ​ខាងលិច​ទីក្រុង​ប៉េកាំង ប៉ុន្តែ​ជា​អកុសល ផែនការ​នេះ​ត្រូវ​បាន​លេច​ធ្លាយ​ប្រហែល​ពីរ ឬ​បី​ម៉ោង​មុន​ពេល​កម្លាំង​រដ្ឋប្រហារ​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ចាប់​ខ្លួន​លោក ស៊ី ជីនពីង។

ដោយ​ទទួល​បាន​ព័ត៌មាន​សម្ងាត់​ភ្លាម លោក ស៊ី បាន​ចាកចេញ​ពី​សណ្ឋាគារ Jingxi ហើយ​បាន​បើក​ការ​វាយប្រហារ​តបត​ដោយ​សម្ងាត់​ដើម្បី​ចាប់​ខ្លួន​លោក Zhang Youxia និង Liu Zhenli ដែល​អ្នក​ទាំង​ពីរ​អាច​មិន​ដឹង​ថា​ផែនការ​នេះ​ត្រូវ​បាន​បែកធ្លាយ​ទៅ​ដល់​ដៃ​លោក ស៊ី។

លោក ស៊ី ក៏បាន​បញ្ជា​ទៅ​កាន់​ឧត្ដមសេនីយ៍ Chao Yi ប្រធាន​ការិយាល័យ​កង​សន្តិសុខ​បក្ស​កុម្មុយនីស្ត​ចិន ឱ្យ​បើក​ការ​វាយឆ្មក់​ទៅ​លើ​កងកម្លាំង​របស់​ឧត្ដមសេនីយ៍ Zhang Yuxia និង​លោក Liu Zhenli។

នៅ​ពេល​ដែល​កម្លាំង​ទាំង​ពីរ​ប៉ះទង្គិច​គ្នា​នៅ​សណ្ឋាគារ Jingxi នៅ​ខណៈ​នោះ​ការ​បាញ់​ប្រហារ​មួយ​បាន​ផ្ទុះ​ឡើង​រវាង​កងកម្លាំង​របស់​ឧត្ដមសេនីយ៍ Zhang Youxia និង​កង​អង្គភាព​សន្តិសុខ​ដែល​ស្មោះត្រង់​នឹង​លោក ស៊ី ជីនពីង។

យោង​តាម​ប្រភព​ព័ត៌មាន អង្គរក្ស​ជិតស្និទ្ធ​របស់​លោក ស៊ី ចំនួន​ប្រាំបួន​នាក់​ត្រូវ​បាន​ស្លាប់ ហើយ​ជាមួយ​គ្នា​នេះ កង​អង្គរក្ស​របស់​លោក Zhang Youxia រាប់​សិប​នាក់ ក៏​ត្រូវ​បាន​បាញ់​ស្លាប់​ដែរ។

បន្ទាប់ពី​រត់​គេច​ពី​ការ​វាយប្រហារ លោក ស៊ី ជីនពីង បាន​បញ្ជា​ឱ្យ​ចាប់​ខ្លួន​លោក Zhang Youxia និង​លោក Liu Zhenli ភ្លាមៗ រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ជាច្រើន​ទៀត។

នៅ​ទូទាំង​ប្រទេស​ចិន ត្រូវ​បាន​គេ​ដឹង​ថា កងទ័ព​បះបោរ​ក្រោម​បង្គាប់​ឧត្ដមសេនីយ៍ Zhang Yuxia នេះ ត្រូវ​បាន​ហាមឃាត់​ខ្លួន និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​មន្ទីរ​ឃុំឃាំង។

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​រដ្ឋប្រហារ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ពាសពេញ​បណ្ដាញ​អ៊ីនធឺណិត​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​មក​នេះ។

ប្រសិនបើ​រឿង​នេះ​គឺជា​ការពិត វា​នឹង​ក្លាយ​ជា​រឿងអាស្រូវ​យោធា​គួរ​ឱ្យ​អាម៉ាស់​បំផុត​ចាប់តាំងពី​ការ​ស្លាប់​នៃ​មេបញ្ជាការ​កងទ័ព​របស់​ប្រធាន ម៉ៅ សេទុង គឺ​ឧត្ដមសេនីយ៍ Lin Biao ក្នុង​ឆ្នាំ​១៩៧២ បន្ទាប់ពី​បាន​ប៉ុនប៉ង​ធ្វើ​ឃាត​សមមិត្ត ម៉ៅ សេទុង មិន​បាន​សម្រេច។

ដោយ​មិន​បញ្ជាក់​យ៉ាង​ច្បាស់លាស់​ពី​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ឬ​យ៉ាងណា ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន បាន​ឱ្យ​ដឹង​ថា ឧត្ដមសេនីយ៍ Zhang Yuxia និង​សមាជិក​ម្នាក់​ទៀត​នៃ​គណៈកម្មការ​យោធា​កណ្តាល គឺ​លោក Liu Zhenli ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រំលោភ​វិន័យ និង​បំពាន​ច្បាប់​សន្តិសុខ​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

ប្រទេស​ចិន ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ជួបប្រទះ​នូវ​បញ្ហា​អំពើពុករលួយ​នៅ​ពេល​ដែល​លោក ស៊ី ជីនពីង ឡើង​កាន់​អំណាច។ ទោះ​យ៉ាងណា លោក ស៊ី ខ្លួន​លោក​ផ្ទាល់​ក៏​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ប្រើ​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ ដើម្បី​បង្កើន​អំណាច​ផ្ទាល់ខ្លួន និង​កម្ទេច​គូប្រជែង​ដែល​មាន​ឥទ្ធិពល។

កន្លង​មក មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​បក្ស​កុម្មុយនីស្ត រួម​ទាំង​រដ្ឋមន្ត្រី​ការពារ​ជាតិ នាយករដ្ឋមន្ត្រី ត្រូវ​បាន​ដកហូត​តំណែង ដែល​គេ​ថា​សុទ្ធតែ​ជា​ការ​កម្ចាត់​គូប្រជែង​នយោបាយ ឬ​មន្ត្រី​រដ្ឋាភិបាល​ណា​ដែល​មិន​បង្ហាញ​ភាព​ស្មោះត្រង់​ពេញលេញ​ចំពោះ​លោក ស៊ី។ ព្រឹត្តិការណ៍​នេះ​បង្ហាញ​ថា ការ​ត្រួតពិនិត្យ​អំណាច និង​ការ​គ្រប់គ្រង​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើពុករលួយ កំពុង​ក្លាយ​ជា​ឧបករណ៍​នយោបាយ​ដ៏​មាន​ឥទ្ធិពល​ដើម្បី​រក្សា​អំណាច​កំពូល​របស់​លោក ស៊ី សម្រាប់​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។

ជាមួយ​គ្នា​នេះ បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​ក្នុង​កាសែត​អាមេរិកាំង The Wall Street Journal ឧត្ដមសេនីយ៍​កំពូល​នៃ​ប្រទេស​ចិន ទាំង​ពីរ​រូប ត្រូវ​បាន​ចាប់​ខ្លួន​បាន​ហើយ។ ពួកគាត់​ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លេច​ធ្លាយ​អាថ៌កំបាំង​នុយក្លេអ៊ែរ​ទៅ​សហរដ្ឋ​អាមេរិក។

ក្រសួង​ការពារ​ជាតិ​ប្រទេស​ចិន កំពុង​ប្រឈមមុខ​នឹង​ការ​ត្រួតពិនិត្យ​ឡើងវិញ បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ថា​មន្ត្រី​យោធា​ជាន់ខ្ពស់​ពីរ​រូប​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​ពី​បទ ផ្តល់​ព័ត៌មាន​អំពី​អាវុធ​នុយក្លេអ៊ែរ​ដល់​សហរដ្ឋ​អាមេរិក។ ឧត្ដមសេនីយ៍​ទាំង​ពីរ​រូប អាច​ប្រឈមមុខ​នឹង​ទោស​ក្បត់​ជាតិ ប្រសិន​មាន​កំហុស​ដូច​ការ​ចោទប្រកាន់​មែន​នោះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស