32 C
Phnom Penh

សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ឈ្នួល​កម្មករ ២៣២​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៦ ដើម្បី​ឆ្លើយតប​តម្រូវការ​ចំណាយ​ប្រចាំ​ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សង្គម​ស៊ីវិល​ជិត ៣០​ស្ថាប័ន ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា ២៣២​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២៦ ដោយសារ​ប្រាក់ឈ្នួល​បច្ចុប្បន្ន​មាន​កម្រិត​ទាប និង​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​កម្មករ។

យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ចុះ​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០២៥ ក្រុម​សង្គម​ស៊ីវិល​ចំនួន ២៧​ស្ថាប័ន​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ដល់ ២៣២​ដុល្លារ​ក្នុង ១​ខែ​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ផលិតផល​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ។ ពួកគេ​អះអាង​ថា ប្រាក់ឈ្នួល​ដែល​មាន​ចំនួន​តែ ២០៨​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​មាន​កម្រិត​ទាប និង​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ។

សេចក្តី​ថ្លែងការណ៍​ដដែល បាន​ឱ្យ​ដឹង​ទៀត​ថា គម្លាត​រវាង​ប្រាក់ឈ្នួល និង​ការ​ចំណាយ​នេះ បន្ត​រុញ​ច្រាន​កម្មករ​និយោជិត​ឱ្យ​កាន់តែ​ធ្លាក់​ក្នុង​បំណុល និង​ភាព​ក្រីក្រ និង​បង្ខំ​ឱ្យ​ពួកគេ​កាត់បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​អាហារ ការ​ថែទាំ​សុខភាព និង​ការ​អប់រំ។

ប្រភព​ដដែល​អះអាង​ថា ជា​រឿង​ពុំ​សម​ទំនង​ឡើយ​នៅ​ពេល​កម្មករ​និយោជិត​ដែល​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​របស់​ជាតិ ពុំ​ទទួល​បាន​នូវ​ស្ថានភាព​រស់នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ ក្នុង​ពេល​ដែល​វិស័យ​នេះ​បន្ត​ទាក់ទាញ​ការ​វិនិយោគ​អន្តរជាតិ និង​ផ្តល់​ប្រាក់ចំណេញ​ច្រើន​ដល់​ក្រុមហ៊ុន​ម៉ាក​យីហោ និង​និយោជក។

អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ស៊ុន មេសា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្រសួង​នឹង​ចាត់ចែង​ឱ្យ​តំណាង​ភាគី​កម្មករ និង​ថៅកែ​លើក​យក​តួលេខ​ប្រាក់ឈ្នួល​រៀងៗ​ខ្លួន រួច​ផ្គូផ្គង​តួលេខ​ទាំងនោះ​ដើម្បី​កំណត់​យក​ចំនួន​ជាក់ស្តែង​ដែល​អាច​ចរចា​បាន។

សហជីព និង​អង្គការ​ទាំងនោះ លើកឡើង​ពី​របាយការណ៍​ស្រាវជ្រាវ​របស់​សម្ព័ន្ធ​ប្រាក់ឈ្នួល​អាស៊ី ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​២០២៤ បង្ហាញ​ថា កម្មករ​និយោជិត​ចំណាយ​ប្រចាំ​ខែ​ជា​មធ្យម​ចំនួន ៤០៨​ដុល្លារ​លើ​អាហារ និង​ក្រៅពី​អាហារ ដែល​ស្ទើរតែ​ទ្វេដង​នៃ​ប្រាក់ចំណូល​ជា​មធ្យម​របស់​កម្មករ​ដែល​មាន​ត្រឹមតែ​ចំនួន ២៥០​ដុល្លារ។

វិទ្យាស្ថាន​ស្រាវជ្រាវ Anker បាន​ធ្វើការ​ប៉ាន់ប្រមាណ​ក្នុង​ឆ្នាំ​២០២៤ ថា កម្មករ​និយោជិត​ម្នាក់​ដែល​រស់នៅ​ក្នុង​គ្រួសារ​នៅ​តំបន់​នានា​នៃ​ប្រទេស​កម្ពុជា ត្រូវ​ទទួល​បាន​ប្រាក់ចំណូល​ចំនួន ២៣២​ដុល្លារ ចំណែក​កម្មករ​និយោជិត​ក្នុង​គ្រួសារ​រស់នៅ​ទីប្រជុំជន ត្រូវ​ទទួល​បាន​ប្រាក់ចំណូល​ចំនួន ៤១៧​ដុល្លារ​ក្នុង​មួយ​ខែ ទើប​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​លើ​ការ​រស់នៅ​ក្នុង​ជីវភាព​សមរម្យ និង​លើ​តម្រូវការ​សំខាន់​ផ្សេងៗ​ទៀត ក្នុង​នោះ​រួម​ទាំង​របប​សន្តិសុខ​សង្គម។

ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៥ ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​កំណត់​ត្រឹម ២០៦​ដុល្លារ ចាប់ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៥។ តែ​ក្រោយ​មក នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ផ្តល់ ២​ដុល្លារ​បន្ថែម​ទៀត ធ្វើ​ឱ្យ​ប្រាក់ឈ្នួល​សរុប​កើន​ឡើង​ដល់​ចំនួន ២០៨​ដុល្លារ​សម្រាប់​កម្មករ​ម្នាក់ៗ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស