មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ អះអាងថា ករណីគ្រោះថ្នាក់ចរាចរណ៍លើលោក ធឿន រដ្ឋា ប្រធាននាយកដ្ឋានសិទ្ធិមនុស្សនៃគណបក្សដើម្បីកម្ពុជា មិនមែនជារឿងនយោបាយទេ បន្ទាប់ពីជនរងគ្រោះដាក់ពាក្យប្តឹងចោទប្រកាន់មន្ត្រីនគរបាលចរាចរណ៍ ថាមិនបានបំពេញភារកិច្ចស៊ើបអង្កេតបទល្មើសចរាចរណ៍។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា បណ្តឹងដែលចោទប្រកាន់មន្ត្រីនគរបាលចរាចរណ៍ថាមិនបានបំពេញភារកិច្ចស៊ើបអង្កេតបទល្មើសចរាចរណ៍ និងជួយសម្រួលឲ្យជនបង្កគ្រោះថ្នាក់រត់គេចខ្លួន នោះគឺខាងនាយកដ្ឋានជំនាញនឹងស៊ើបអង្កេតលើករណីនេះ។
កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោក ធឿន រដ្ឋា បានដាក់លិខិតជូនលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសុំឲ្យពិនិត្យលើមន្ត្រីនគរបាលចរាចរណ៍ចំនួន ២នាក់ និងបុគ្គលពាក់ព័ន្ធមួយចំនួននៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ បណ្តឹងនោះបានចោទប្រកាន់មន្ត្រីនគរបាលចរាចរណ៍ថាមិនបានបំពេញភារកិច្ចស៊ើបអង្កេតបទល្មើសចរាចរណ៍ និងជួយសម្រួលឲ្យជនបង្កគ្រោះថ្នាក់រត់គេចខ្លួន។
នៅក្នុងលិខិតដដែលបានអះអាងថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅម៉ោង ៧ល្ងាច រថយន្តរបស់លោកត្រូវបានរថយន្តសណ្ដោងរ៉ឺម៉កធុនធ្ងន់ជិះស្របទិសគ្នា បានបើកមកបុកនៅចំណុចស្តុបផ្សារចម្ការដូង បណ្តាលឲ្យលោក និងកូនរបស់លោករងរបួសខ្នង ក និងក្បាល ដោយសារអំបែងកញ្ចក់រថយន្តដែលបែក។
លោក ធឿន រដ្ឋា អះអាងថា នៅពេលកើតហេតុមិនមានមន្ត្រីចរាចរណ៍នៅទីនោះទេ ប៉ុន្តែ ២ម៉ោងក្រោយមក ទើបឃើញមានមន្ត្រី ២នាក់ ដែលអះអាងថាមកពីអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះមកវាស់វែង តែប៉ូលិសបានបដិសេធវាស់ជាតិអាល់កុលជនបង្ក និងបណ្តោយឲ្យជនបង្កគេចខ្លួនបាត់។
នៅក្នុងលិខិតដដែល លោកបានស្នើឲ្យក្រសួងមហាផ្ទៃ ពិនិត្យទង្វើរបស់មន្ត្រីនគរបាលចរាចរណ៍ដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះ ដោយដកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

